en     km
en     km

ហាត់ប្រាណអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់

Share

ការធ្វើលំហាត់ប្រាណកាត់អាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានប្រហែល ២០% ឯណ្ណោះ ដោយសកម្មភាពរាងកាយទាំងនេះ អាចកាត់បន្ថយការកើតឡើងវិញនៃជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈនៃជំងឺនេះផងដែរ។

ការធ្វើលំហាត់ប្រាណ កាត់បន្ថយកម្រិតអរម៉ូនដែលមានទំនាក់ទនងជាមួយនឹងជំងឺមហារីកសុដន់មួយចំនួន ដូចជា អរម៉ូនអ៊ឺស្ត្រូសែន(oestrogen) អង់ដ្រូសែន(androgen) អាំងស៊ុយលីន និងអរម៉ូនឡេបទីនដែលជាអរម៉ូនទាក់ទងនឹងការឃ្លាន។ ជាពិសេស ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសកម្មភាពកាន់តែប្រសើរ ដើម្បីការពារស្រ្តីពីជំងឺមហារីកសុដន់។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

លើសពីនេះ យោងតាមការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណអាចកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ចំពោះស្ត្រីក្រោយអស់រដូវផងដែរ។

តាមអង្គការសុខភាពពិភពលោក បានណែនាំស្រ្តីធ្វើចលនារាងកាយយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ នៃលំហាត់ប្រាណក្នុងកម្រិតមធ្យម ឬពី ៦០ ទៅ ៧៥ នាទីនៃលំហាត់ប្រាណស្ថិតក្នុងកម្រិតខ្លាំង ។ នេះប្រហែលស្មើប្រាំថ្ងៃក្នុងមួយសប្តាហ៍ និងក្នុងមួយថ្ងៃ ៣០ នាទី។

អង្គការសុខភាពពិភពលោក ក៏ផ្តល់អនុសាសន៍បន្តថា​ ស្រ្តីគួរឱ្យធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។ ហើយបើសិនជា​អាច ស្រ្តីគួរធ្វើចលនារាងកាយដែលស្ថិតក្នុងកម្រិតមធ្យមឱ្យបាន ៣០០ នាទី ក្នុងមួយសប្តាហ៍ផងដែរ ព្រោះជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់កាន់តែច្រើន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ការធ្វើលំហាត់ប្រាណ មិនសំដៅតែទៅកន្លែងហាត់ប្រាណ ឬរត់ម៉ារ៉ាតុងនោះទេ។ ស្រ្តីក៏អាចធ្វើលំហាត់ប្រាណ តាមរយៈបង្កើតចលនាផ្សេងៗ ទៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃផងដែរ។

នេះជាការណែនាំមួយចំនួន ដែលស្រ្តីអាចអនុវត្តជាប្រចាំ ដូចជា៖ ស្រ្តីអាចដើរ ឬជិះកង់ទៅធ្វើការ ឬពេលនាំកូនទៅសាលារៀន។ ស្រ្តីអាចហាត់ប្រាណពេលកំពុងមើលទូរទស្សន៍  ឬនៅពេលអង្គុយយូរ ស្រ្តីអាចសាកល្បងលំហាត់ប្រាណបែបអង្គុយផងដែរ។ ឬពេលឡើងចុះដណ្តើរ ជាការល្អស្រ្តីគួរជ្រើសរើសជណ្តើរជើង ជំនួសជណ្តើរយន្ត។ មួយវិញទៀត ស្រ្តីគួរផ្លាស់ទី ឬធ្វើចលនា ៣ ទៅ ៤ នាទីជារៀងរាល់ម៉ោង។ ហើយប្រសិនបើនិយាយទូរសព្ទ ស្រ្តីគួរក្រោកឈរ ឬដើរ ជំនួសឱ្យការអង្គុយ។ ជាពិសេស ស្រ្តីគួរបញ្ចូលកម្មវិធីតាមដានក្នុងទូរស័ព្ទ​ ដែលជួយរំលឹកដល់ស្រ្តីឱ្យធ្វើចលនារាងកាយបានទៀងទាត់ផងដែរ៕

Share

Image
Image
Image