en     km
en     km

ក្រុមអ្នកស្រលាញ់បរិស្ថានដង្ហែញត្តិស្នើក្រសួងបរិស្ថានដកហូតដីឧទ្យាជាតិពីក្រុមហ៊ុនឯកជន

Share

សកម្មជនបរិស្ថាន យុវជន សង្គមស៊ីវិលបានហែញត្តិដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើឱ្យរាជរដ្ឋាភិបាលដកហូតដីព្រៃតំបន់ឧទ្យានជាតិ ដែលជាសម្បត្តិសាធារណៈ មកគ្រប់គ្រងវិញ ក្រោយបានប្រគល់ឱ្យវិស័យឯកជនកាន់កាប់ធ្វើការអភិវឌ្ឍ។ ក្រុមយុវជនលើកឡើងថា បើចង់អភិវឌ្ឍន៍ គួរតែរដ្ឋជាអ្នកអភិវឌ្ឍន៍វិញ ព្រោះជាសម្បត្តិរបស់រដ្ឋ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមអ្នកស្រលាញ់បរិស្ថានមួយក្រុម ដែលមានសមាជិក១៧នាក់ បាននាំគ្នាដង្ហែញត្តិមួយចេះពីផ្សាររាត្រីតាមជួរមាត់ទន្លេ ទៅកាន់ក្រសួងបរិស្ថាន ដើម្បីស្នើឱ្យបញ្ឈប់ការកាត់ដីឧទ្យានជាតិ នៅកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់។

លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន បានសរសេរលើហ្វេសប៊ុកលោកថា ការដង្ហែញាត្តិទៅកាន់ក្រសួងបរិស្ថាននេះ ដើម្បីស្នើឱ្យក្រសួងដកហូតដីនៅគីរីរម្យ ឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីម៉ា ពីក្រុមហ៊ុនរបស់លោកស្រី ជឹង សុគន្ធារី ដែលគេស្គាល់ថា ជាកូនស្រីរបស់លោកស្រី ជីង សុភាព( ហៅយាយភូ) មករដ្ឋកាន់កាប់វិញ ជាពិសេសគឺត្រូវបញ្ឈប់សកម្មភាពកាត់ព្រៃធម្មជាតិនៅតាមតំបន់ការពារទៅឱ្យវិស័យឯកជន។

ក្នុងញត្តិរបស់សកម្មជនបរិស្ថាន យុវជន និងសង្គមស៊ីវិល បានដាក់ការព្រួយបារម្ភចំពោះស្ថានភាពបរិស្ថាន និងធនធានធម្មជាតិនានាក្នុងប្រទេសកម្ពុជា ដែលកំពុងបន្ដរងការកាត់ចេញពីសម្បត្តិសាធារណៈរបស់រដ្ឋទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ប្រគល់ដីឧទ្យាជាតិចំនួន៣ទីតាំងនេះ ឱ្យក្រុមហ៊ុន របស់លោកស្រី ជីង សុគន្ធារី ក្នុងគោលដៅអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី  កាលពីអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២២។ តែដីតំបន់ឧទ្យាជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ទំហំជាង ២២១ហិតតា ទើបតែត្រូវបានបង្កឱ្យមានការភ្ញាក់ផ្អើមនៅដើមខែឧសភា ឆ្នាំ២០២៣នេះ ថារដ្ឋបានចេញអនុក្រឹត្យផ្តល់ដីឧទ្យានជាតិតំបន់នេះឱ្យក្រុមហ៊ុនលោកស្រី ជីង សុគន្ធារី ដែលជាអនុប្រធានកាកបាទក្រហមកម្ពុជា និងជាម្ចាស់ផលិតផលមួយចំនួន ដូចជាទឹកបរិសុទ្ធវីតាល់ មីជាតិ អាហាររដ្ឋានវ័នម័រ ជាកម្មសិទ្ធិជារៀងរហូត។

កាលពីដើមខែឧសភា ឆ្នាំ២០២៣ដែរ យុវជនពីក្រុមចលនាមាតាធម្មជាតិ បានចេញមុខពហិការមិនប្រើប្រាស់ផលិតរបស់ក្រុមហ៊ុនលោកស្រី ជីង សុគន្ធារី ផងដែរ ដោយចាត់ទុកថា ជាការជួយសង្គ្រោះដែនជម្រកសត្វព្រៃពីភ្នំឱរ៉ាល់ និងឧទ្យានជាតិគិរីរម្យ។

យ៉ាងណាចំពោះញត្តិដែលសកម្មជនបរិស្ថាន យុវជន និងសង្គមស៊ីវិលបានដាក់នៅថ្ងៃនេះ ក៏រំលេចពីវិនាសកម្មព្រៃនៃភ្នំតាម៉ៅផងដែរ ក្រោយរាជរដ្ឋាភិបាលសម្រេចកាត់ឱ្យក្រុមហ៊ុនឯកជនកសាងជាគម្រោងចលនទ្រព្យ។ ជាមួយគ្នា ញត្តិបានបញ្ជាក់ថា ការកាត់ដីតំបន់ឧទ្យាជាតិទៅឱ្យក្រុមហ៊ុនឯកជន ជាការបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋសារជាថ្មី។

លោក ផៃ ផាន់យ៉ា សកម្មជនមាតាធម្មជាតិមួយរូបដែលបានចូលរួមហែញត្តិទៅកាន់ក្រសួងបរិស្ថានព្រឹកមិញថា តំណាងរដ្ឋបាលនៃក្រសួងបរិស្ថាន បានចេញមុខមកទទួលញត្តិពីក្រុមយុវជន តែមិនបានឆ្លើយតបយ៉ាងណានោះទេ។ សកម្មជនរូបនេះបន្ថែមដោយមិនប្រាកដចំពោះញត្តិ ថាអាចទៅដល់ដៃរដ្ឋមន្ដ្រីក្រសួងបរិស្ថានឬអត់ឡើយ ព្រោះការដាក់ញត្តិរាល់ដងមិនមានការឆ្លើយតបទេ។

លោករំលេចពីមូលហេតុនៃការហែញត្តិថា តំបន់ឧទ្យានជាតិជាសម្បត្តិរបស់រដ្ឋ ទោះចង់អភិវឌ្ឍន៍ក៏ត្រូវរដ្ឋជាអ្នកធ្វើដែរ មិនមែនក្រុមហ៊ុនឯកជនឡើយ។

គួររម្លឹកដែរថា កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានកំណត់តំបន់គីរីរម្យដែលមានផ្ទៃដីជាង ៣៥.០០០ហិកតា ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគីរីរម្យស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស៕

Share

Image
Image
Image