en     km
en     km

ផ្ទៀងផ្ទាត់៖ម្តាយរបស់កូនស្រីដែលបាត់ខ្លួនបំភ្លឺថាកូនស្រីបាត់ខ្លួនពុំមែនជាករណីចាប់ជំរិតនោះទេ

Share

ភ្នំពេញ៖ អ្នកស្រី ឆប គឹមឡាង ដែលត្រូវជាម្ដាយរបស់កូនស្រីម្នាក់ដែលត្រូវបានគេបង្ហោះលើហ្វេសប៊ុកថាបាត់ខ្លួន នៅស្រុកមង្គលបូរី បានចេញមុខបំភ្លឺថា កូនស្រីរបស់ខ្លួនដែលបានបាត់ខ្លួននោះ មិនមែនជាករណីចាប់ជំរិតដូចការបង្ហោះលើបណ្តាញសង្គមនោះទេ។ អ្នកស្រីដាក់ការសង្ស័យថា កូនស្រីខ្លួនអាចចេញពីផ្ទះទៅតាមបុរសម្នាក់ ព្រោះកន្លងមកកូនស្រីរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសរូបនោះ ខណៈបុរសម្នាក់នោះធ្លាប់ព្រលយសម្តីដាក់អ្នកស្រីថា នឹងយកកូនស្រីរបស់អ្នកស្រី គឹមឡាង ធ្វើជាប្រពន្ធឱ្យបានទោះបីជាកូនស្រីជាស្រ្តីមេម៉ាយក៏ដោយចុះ។

ព័ត៌មាននេះរាយការណ៍ដោយ គុជ ស៊ីកុល

 

នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះ អ្នកស្រី ឆប គឹមឡាង ជាម្តាយរបស់កូនស្រីដែលបានបាត់ខ្លួនហើយត្រូវបានអ្នកលេងបណ្តាញហ្វេសប៊ុកបង្ហោះថា ជាករណីចាប់ជំរិតនោះ បានបកស្រាយថា កូនស្រីខ្លួនដែលបាត់ខ្លួនពុំមានពាក់ព័ន្ធករណីចាប់ជម្រិតអ្វីនោះទេ។ ការអះអាងបែបនេះ ព្រោះអ្នកស្រីបកស្រាយថា កន្លងមកកូនស្រីរបស់អ្នកស្រីដែលជាស្រ្តីមេម៉ាយបានបង្កើតទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ហើយបុរសរូបនេះ ធ្លាប់ព្រលយសម្តីដាក់អ្នកស្រីថា រូបគេនឹងយកកូនអ្នកស្រីមកធ្វើជាប្រពន្ធឱ្យបានទោះបីជាកូនអ្នកស្រីជាស្រ្តីមេម៉ាយក៏ដោយចុះ។

តាមរយៈឃ្លីបវីដេអូរយៈពេលជិត ២នាទីដែលអ្នកស្រីបានបំភ្លឺ និងត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តបន្ទាយមានជ័យ អ្នកស្រី ឆប គឹមឡាង អះអាងថា ករណីបាត់ខ្លួនកូនស្រីនេះមិនមែនជាការចាប់ខ្លួន ឬមានចិនចាប់អ្វីនោះទេ គឺអាចជាការរត់ទៅតាមបុរសជាគូកំណាន់តែប៉ុណ្ណោះ។

អ្នកស្រី គឹមឡាង បំភ្លឺករណីបាត់កូនស្រី។រូបភាពពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

 

ទាក់ទងករណីនេះ គណនីហ្វេសប៊ុកមួយ ឈ្មោះ Maly kubota  កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី បានបង្ហោះសារថា “មានក្មេងប្រុសមួយក្រុមជិះឡានម៉ាកលុចស៊ីសនិងហាយឡែនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង”។

នេះជាការបង្ហោះពេលកើតហេតុការណ៍បាត់កូនស្រី។រូបភាពពី ស្នងការខេត្តបន្ទាយមានជ័យ។

 

ក្នុងរឿងនេះដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឆ្លើយតបថា ក្រោយពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដើម្បីទប់ស្កាត់និងបង្ក្រាបជនល្មើសមកផ្តន្ទាទោសតាមច្បាប់ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។

ស្នងការខេត្តបន្ទាយមានជ័យបញ្ជាក់ថា ពេលកម្លាំងនគរបាលចុះស្រាវជ្រាវ និងចុះដល់លំនៅដ្ឋាន អ្នកស្រី ឆប គឹមឡាង ត្រូវជាម្ដាយកូនស្រីដែលបានបាត់ខ្លួន  បានអះអាងថា ករណីនេះពុំមានករណីជនណាចាប់ជម្រិតឬចាប់កូនអ្នកស្រីយកសរីរាង្គទេ គឺជារឿងស្នេហារបស់កូនៗតែប៉ុណ្ណោះ សូមសាធារណជនកុំមានការយល់ច្រឡំ។

អ្នកនាំពាក្យស្នងការដ្ឋានដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សូមកុំបង្ហោះព័ត៌មានដែលមិនទាន់ដឹងការពិតឬពុំទាន់មានមូលដ្ឋានច្បាស់លាស់ព្រោះផ្សាយខុសគឺជាការបំភ្លៃសក្ខីកម្ម ឬ បង្ហោះសារមិនពិត។ ស្នងការខេត្តបន្ទាយមានជ័យឱ្យដឹងថា

ការនិយាយខ្វះមូលដ្ឋានស្រាវជ្រាវច្បាស់លាស់ពិតប្រាកដ អាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានធ្វើឲ្យប៉ះពាល់ការប្រឹងប្រែងរបស់នគរបាល។

តាមរយៈទំព័រហ្វេសប៊ុកស្នងការខេត្តសូមព្រមាន ចំពោះម្ចាស់ហ្វេសប៊ុកខាងលើដែលបង្ហោះពត៌មានខុសពីការពិតត្រូវកែតម្រូវជាបន្ទាន់ ក្នុងករណីបន្តបង្ហោះបំភ្លៃការពិតទៀត ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នឹងចាត់វិធានការតាមផ្លូវច្បាប់។

ជាការគក់សម្គាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះព័ត៌មាន មួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសរីរាង្គ៕

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង