en     km
en     km

អ្នកសារព័ត៌មានខ្លះទទួលការបៀតបៀនតាមអនឡាញពេលផ្សាយព័ត៌មានរបស់ខ្លួនមែនឬ?

Share

ក្រុមអ្នកប្រកបអាជីពសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋ(cj) បានលើកឡើងអំពីក្ដីបារម្ភចំពោះការបៀតបៀន គំរាមកំហែងតាមបណ្ដាញសង្គមអនឡាញ ក្រោយពេលពួកគេចេញផ្សាយសេចក្ដីរាយការណ៍របស់ខ្លួន ដែលជារឿងរសើបណាមួយ។ យ៉ាងណាពួកគេទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចគួរ មានវិធានការការពារ មួយវិញទៀតអាជ្ញាធរគួរផ្កល់ព័ត៌មានពេលពួកគេសុំសម្ភាសជាជាងការប្រើសម្ដីរើសអើង។ លោក គីម​ ចាន់ចាវ រាយការណ៍

 

ក្នុងកិច្ចពិភាក្សាពីការបៀតបៀន តាមអនឡាញ និងសេរីភាពនៃការបញ្ចេញមតិ របស់អ្នកសារព័ត៌មាន និងអង្គការសារព័ត៌មាន ក្នុងឱកាសវេទិកាអ៊ីនធឺណិតភ្នំពេញ ដែលធ្វើឡើងពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៣  ក្រុមអ្នកសារព័ត៌មានមួយចំនួនបានលើកឡើងពីក្ដីកង្វល់របស់ខ្លួន ក្នុងការបំពេញការងារ។ អ្នកខ្លះត្រូវបានមន្ត្រី ឬអាជ្ញាធរដែលត្រូវផ្ដល់សម្ភាសទាមទារឱ្យផ្ញើរកាតកាសែត ឬអត្តសញ្ញាណ តាមអនឡាញជាមុនសិនទើបយល់ព្រមផ្ដល់បទសម្ភាស បើទោះបីជាពួកគេជាអ្នកសារព័ត៌មានពលរដ្ឋ(cj)ក៏ដោយ។

 

លោក សុំ ចាន់ឌឿន ជាអ្នកសារព័ត៌មានពលរដ្ឋប្រចាំខេត្តកំពង់ស្ពឺ បានលើកឡើងពីបញ្ហាដែលត្រូវបានអាជ្ញារធរ ឆ្លើយតបបែបអវិជ្ជមាននៅពេលលោកទូរសព្ទដើម្បីសុំការសម្ភាស បន្ថែមពីនេះ អាជ្ញាធរខ្លះទៀតបានកំហិតឱ្យលោកយកអត្ថបទឱ្យខ្លួនពិនិត្យមុនការចេញផ្សាយផងដែរ។

 

«ពេលណាដែលយើងខលសួរគាត់ចឹងទៅគាត់ថា អញធុញណាស់ហា៎ជាមួយក្រុមអាសារព័ត៌មានហ្នឹង…….។»

 

អ្នកសារព័ត៌ម្នាក់នៃវិទ្យុសំឡេងស្ត្រីសហគមន៍ បានលើកឡើងថា លោក ធ្លាប់បានផ្សព្វផ្សាយនូវរឿងរ៉ាវបទល្មើសព្រៃឈើមួយករណី លើផេកហ្វេសប៊ុកអង្គភាពព័ត៌មានរបស់ខ្លួន ដោយត្រូវបានគេចូលComment ព្រមានថាផ្សាយរឿងនេះប្រយ័ត្នជាប់ពន្ធនាគារ និងខ្លះទៀតបានចោទលោកថា មកពីមិនទទួលបានលុយសំណូកហើយទើប ផ្សាយបែបនេះ។

 

«ពេលខ្ញុំបង្ហោះរឿងទាក់ទងនឹងបទល្មើស ព្រៃឈើ ខ្ញុំបង្ហោះទៅមានគេបាញ់ដែរ មកពីហ្អែងអត់បានលុយហើយបានមកផ្សាយគេ ហើយមានមួយទៀតមកថាអ្ហែងប្រយ័ត្នគុក….»

 

កញ្ញា អុល ស្រធៀន សិក្ខាកាមសិក្សាផ្នែកសារព័ត៌មានម្នាក់ មានគោលបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីព បានលើកឡើងពីក្ដីកង្វល់នៅពេលឃើញមានការបៀតបៀន និងការគំរាមកំហែង ដល់អ្នកសារព័ត៌មានរៀមច្បង។

 

«ការបៀតបៀតតាមរយៈអនឡាញនេះ វាមានទៅតាមរយៈរូបភាព ជាសំណេរ ជាសារសំឡេងផ្សេងៗ ដែលគេបង្ហាញតាមអនឡាញមកកាន់យើង។ ពេលខ្លះគេផ្ញើររូបភាពអាសអាភាសន៍មកកាន់គាត់ អ្នកខ្លះសរសេរជាសំណេរ អ្នកខ្លះផ្ញើរជាសំឡេងមកកាន់គាត់ជាអ្នកសារព័ត៌មានជាស្ត្រី។ នៅពេលដែលរៀមច្បងដែលគាត់បានប្រាប់អំពីការការបៀតបៀនតាមរយៈអនឡាញមកកាន់គាត់ ខ្ញុំគិតថាមានផលប៉ះពាល់…»។

 

ទោះជាជួបបញ្ហាមួយចំនួនក្ដី ក្រុមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានពលរដ្ឋខាងលើ អះអាងថាពួកគេនឹងព្យាយាមគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក្នុងករណីមានបញ្ហាពួកគេអះអាងថា នឹងស្វែងរកអន្តរាគមន៍ ដោះស្រាយតាមនីតិវិធី​ ជាជាងការទុកបញ្ហានេះតែម្នាក់ឯង៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង