en     km
en     km

អុ្នកឡើងកំពូល​ភ្នំEverest ពីរ​នាក់​បាន​ស្លាប់​

Share

 

អ្នក​រៀបចំ​បេសកកម្មឡើងលើភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោកនេះ ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ថា អ្នក​ឡើង​ភ្នំ២​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ Everest យ៉ាងអណោអធម ខណៈចំនួនអ្នកស្លាប់នៅលើភ្នំ Everest បានកើនរហូតដល់៧នាក់នៅក្នុងរដូវកាលនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា ជនរងគ្រោះទី១ គឺមានសញ្ជាតិនេប៉ាល់ ដែលបានស្លាប់ អំឡុងពេលចុះពីលើភ្នំ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។ ជនរងគ្រោះឡើងលើភ្នំ ក្នុងគោលបំណងចូលរួមយុទ្ធនាការសម្អាតភ្នំប្រចាំឆ្នាំដោយកងទ័ពរបស់ប្រទេសនេប៉ាល់។

ដោយឡែក ជនរងគ្រោះទី២ ជាស្រ្តីជនជាតិឥណ្ឌាឈ្មោះ Suzanne Leopoldina Jesus មានវ័យ ៥៨ឆ្នាំ ត្រូវបានស្លាប់ដោយសារមានជំងឺ។

បើតាមនាយកគ្រប់គ្រងក្រុមឡើងភ្នំដែលមានជំនាញច្បាស់លាស់ អ្នកស្រី Da Dendi Sherpa បានប្រាប់ សារព័ត៌មាន AFP ថា ក្រុមអ្នកស្រីបានព្យាយាមបញ្ជូនជនរងគ្រោះទី២ទៅកាន់ទីក្រុង Kathmandu ក៏ប៉ុន្តែដោយសារ អាកាសធាតុអាក្រក់ ឧទ្ធម្ភាគចក្រមិនអាចហោះហើរទៅកាន់ទីនោះបានទេ។

ទោះបីជាយ៉ាងណា អ្នកស្រីបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យក្នុងទីក្រុង Lukla វិញ ហើយជាអកុសលជនរងគ្រោះបានស្លាប់នៅព្រឹកថ្ងៃបន្ទាប់ កាលពីថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។ អ្នកស្រីបាននិយាយថា ក្រុមការងាររបស់អ្នកស្រីកំពុងរៀបចំបញ្ជូនសាកសពជនរងគ្រោះមកធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ដែរថា ប្រទេសនេប៉ាល់បានចេញលិខិតអនុញ្ញាតឱ្យមនុស្សចំនួន ៤៧៨នាក់ មានសិទ្ធិឡើងទៅលើភ្នំ Everest ក្នុងរដូវកាលនេះ ដែលមានសុពលភាពត្រឹមដើមខែមិថុនាប៉ុណ្ណោះ។ ក្នុងនោះដែរ អ្នកឡើងភ្នំទាំងនេះត្រូវទទួលបានការហ្វឹកហាត់ និងណែនាំឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន មុនពេលចាប់ផ្តើមបេសកកម្មឡើងទៅលើភ្នំ។

សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ អ្នកឡើងភ្នំសញ្ជាតិនេប៉ាល់បីនាក់បានស្លាប់នៅពេលដែលដុំទឹកកកដ៏ធំមួយបានធ្លាក់ចុះពីលើកំពូលភ្នំ ហើយបានបុកពួកគេឱ្យខ្ទាតចូលទៅក្នុងជ្រលងភ្នំ ខណៈពួកគេកំពុងឆ្លងកាត់ទឹកជ្រោះ Khumbu។សូមរុះលឹកផងដែរថាក្នុងឆ្នាំ២០១៩ មនុស្សចំនួន ១១ នាក់បានស្លាប់។ គិតជា​មធ្យម អ្នក​ឡើង​ភ្នំEverest​ប្រហែល​ប្រាំ​នាក់​បាន​ស្លាប់រៀង​រាល់​រដូវ​ឡើង​ភ្នំ​៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image