en     km
en     km

អត្ថបទស្រាវជ្រាវ៖ សមាគមអាដហុក៖ ករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២ កាន់តែមានសភាពធ្ងន់ធ្ងរ បើធៀបនឹងឆ្នាំ២០២១

Share

របាយការណ៍ស្តីពី ស្ថានភាពសិទ្ធិមនុស្សឆ្នាំ២០២២ ចេញផ្សាយដោយ សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានលាតត្រដាងបញ្ហាសិទ្ធិមនុស្ស  សិទ្ធិដីធ្លី នៅឆ្នាំ២០២២ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកើតឡើងឥតឈប់ឈរ បើធៀបនឹងឆ្នាំកន្លងទៅនេះ(២០២១)។ លើសពីនេះសូម្បីតែការរំលោភបំពានទៅលើសិទ្ធិស្រ្តី និងកុមារ ក៏ត្រូវបាន អាដហុករកឃើញថា មានការកើនឡើងផងដែរ។ ដើម្បីចង់ដឹងថា តើមានករណីអ្វីខ្លះដែល សមាគមអាដហុកបានរកឃើញ ទើបបណ្តាលឱ្យរបាយការណ៍ចេញមកយ៉ាងដូច្នេះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់នូវអត្ថបទស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហាក់ពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ខណៈដែលរបាយការណ៍ពីមួយឆ្នាំទៅមួយឆ្នាំគូសបញ្ជាក់ឱ្យឃើញថាស្ថានភាពសិទ្ធិមនុស្សមានកាន់សភាពធ្ងន់ធ្ងរទៅៗ។

ជាក់ស្តែងថ្មីៗនេះសមាគមអាដហុកបានចេញរបាយការណ៍សង្ខេប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២ មិនសូវល្អប្រសើរនោះដោយបង្ហាញនូវទិន្នន័យតាមរយៈការធ្វើសកម្មភាពអង្កេត និងអន្តរាគមន៍មានរហូតដល់ចំនួន ៩២១ករណី។  ក្នុងនោះសមាគមអាដហុក ចែកចេញផ្នែកសិទ្ធិមនុស្សចំនួន ៥៩៤ករណី និងសិទ្ធិដីធ្លីចំនួន៨៤ករណី និងផ្នែកស្រ្តី និងកុមារចំនួន២៨៨ករណី ដែលមានអ្នកទទួលសេវា (ជនរងគ្រោះ) សរុបចំនួន ជាង១សែននាក់ (១០៧,៨៩៨នាក់)។ ក្នុងនោះផងដែរ តិន្នន័យផ្នែកសិទ្ធិមនុស្សដែលមានប្រមាណជាង ៤ម៉ឺននាក់ (៤៦,៨១០នាក់) ក្នុងនោះមានស្ត្រីជាង៣ម៉ឺននាក់ (៣៣,៨៤៥នាក់)  ផ្នែកសិទ្ធិដីធ្លីចំនួន ៣ម៉ឺននាក់ (៣៦,៧៦៦នាក់) មានស្រ្តីជាង១ម៉ឺននាក់ (១៣,០១៥នាក់) និងផ្នែកស្រ្តី និងកុមារ ចំនួនជាង២ម៉ឺននាក់ (២៤,៣២២នាក់)ក៏ត្រូវបានរកឃើញផងដែរ។

យ៉ាងណាមិញខ្លឹមសារនៃរបាយការណ៍នោះ សមាគមអាដហុកដាក់បញ្ចូលនៅករណីជាច្រើនដែលរកឃើញថា ជាការរំលោភសិទ្ធិមនុស្ស។ ក្នុងនោះសមាគមអាដហុករកឃើញថា ករណីរំលោភសិទ្ធិមនុស្ស កាន់តែមានសភាពធ្ងន់ធ្ងរឡើងដូចជា នៅក្នុងឆ្នាំ២០២២នេះ។ តាមការអង្កេតបានបង្ហាញឲ្យឃើញថា  ករណីរំលោភសិទ្ធិមនុស្ស មានចំនួនសរុប ៥៤៩ករណី  កើនឡើង៣៩២ករណីបើធៀបលទ្ធផលឆ្នាំ២០២១ មានត្រឹមតែ១៥៧ករណីប៉ុណ្ណោះ ក្នុងនោះករណីគំរាមកំហែងសកម្មភាព នយោបាយកើនឡើងរហូតដល់២១៨ករណី  ការរឹតត្បឹតសេរីភាពជួបជុំចំនួន១១៨ករណី និងរឹតត្បឹតសេរីភាពបាតុកម្មចំនួន ៦៥ករណី។  ឆ្លងតាមការវិភាគបង្ហាញថា ជាង៥០% នៃករណីគម្រាមកំហែងសកម្មជនសិទ្ធិមនុស្សសកម្មជននយោបាយ និងករណីរឹតត្បឹតសេរីភាពមូលដ្ឋាន  នៅតែមិនត្រូវបានដោះស្រាយ។  ហើយភាគច្រើនបំផុតនៃជនរងគ្រោះករណីទាំងនោះ  សំរេចមិនដាក់ពាក្យបណ្តឹង ពីព្រោះពួកគេមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។

ទាក់ទងទៅនឹង លំហសេរីភាពនយោបាយវិញ យោងតាមរបាយការណ៍ បរិយាកាសនយោបាយ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២  សមាគមអាដហុកបានបង្ហាញថា មានចំនួន ៨១ករណី បានកើតឡើងក្នុង ១៧ខេត្ត ៥០ស្រុក-ក្រុង  ៦០ឃុំ-សង្កាត់ផ្សេងៗគ្នាមានដូចជា គំរាមកំហែងតាមរយៈប្រព័ន្ធតុលាការ បដិសេធលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈរឈ្មោះគណបក្ស  គំរាម(តាមបណ្តាញសង្គម) បង្ករបួសស្នាម គំរាមឲ្យលាឈប់ពីបញ្ជីឈរឈ្មោះបេក្ខភាពគណបក្ស បំផ្លាញស្លាកសញ្ញាគណបក្ស រារាំងការលើកស្លាកសញ្ញាគណបក្ស និងរឹតត្បឹតសេរីភាពជួបជុំសកម្មជនគណបក្ស។

បន្ថែមពីនេះ សមាគមអាហុក បានរកឃើញភាពមិនប្រក្រតីនៅពីក្រោយការគាំទ្រញាតិ៣៣ករណី មកពីបេក្ខភាពគណបក្សភ្លើងទៀនចំនួន១៦០នាក់  ដែលមានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ស្ថិតនៅក្នុង៦៣ឃុំ-សង្កាត់ នៃខេត្តចំនួន១១គឺ ខេត្តកណ្តាល បាត់ដំបង តាកែវកំពត កំពង់ស្ពឺកំពង់ចាម កោះកុង  ស្ទឹងត្រែង ព្រៃវែង ព្រះសីហនុ និងខេត្តសៀមរាប។ បញ្ហាទាំងអស់នេះសមាគមអាដហុកចាត់ទុកថា ជាភាពមិនប្រក្រតីពីក្រោយការផ្តិតស្នាមមេដៃលើញត្តិគាំទ្រ ដែលជាជ្រុងមួយ នៃយុត្តិធម៌សង្គម ក្នុងការអនុវត្តន៍ការងាររបស់អាជ្ញាធរមូលដ្ឋាន។

សមាគមអាដហុក ទទួលបានព័ត៌មានពាក់ព័ន្ធករណីទារុណកម្ម និងនិទណ្ឌភាពដែលជាជ្រុងមួយ នៃយុត្តិធម៌សង្គម ក្នុងការអនុវត្តន៍ការងាររបស់នគរបាលយុត្តិធម៌ផងដែរ។ ព័ត៌មានដែលសមាគមអាដហុកទទួលបានគឺមានការធ្វើទារុណកម្មចំនួន១៤ករណីដែលមានជនរងគ្រោះដោយសារអំពើទារុណកម្មចំនួន២៧នាក់(ស្រីម្នាក់)។ ការធ្វើទារុណកម្មដោយហិង្សា ត្រូវបានធ្វើឡើងនូវក្នុងទីកន្លែងដែលជាអាគាររដ្ឋបាលសាធារណៈរបស់រដ្ឋដូចជា  ប៉ុស្តី៍រដ្ឋបាលឃុំ-សង្កាត់អធិការដ្ឋានស្រុក-ខណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត-ក្រុង ពន្ធនាគា(ត្រពាំងថ្លុង) ហើយអ្នកដែលប្រើហឹង្សាធ្វើទារុណកម្មគឺ មន្រ្តីយុត្តិធម៌ក្នុងតួនាទី មានដូចជា មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តី៍ មន្រ្តីនគរបាលអធិការដ្ឋាន មន្រ្តីនគរបាលស្នងការខេត្តមន្រ្តីកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីអនុរក្សពន្ធនាគារ និងអ្នកទោសដូចគ្នាក្នុងពន្ធនាគារផងដែរ។  ការធ្វើទារុណកម្មក្នុងគោលបំណងបង្ខំឲ្យសារភាពបង្ខំឲ្យសងប្រាក់  បង្រ្កាបឲ្យបាក់ស្បាត។

ក្នុងរបាយការណ៍សមាគមអាដហុកដដែលក៏បានលើកឡើងអំពីបណ្តឹងបរិហារផងដែរ។ របាយការណ៍បញ្ជាក់ថា មកត្រឹមបំណាច់ឆ្នាំ២០២២  សមាគមអាដហុក ទទួលបានព័ត៌មាន តំណាងសហគមន៍ ចាប់ពីអំឡុងឆ្នាំ២០១៥ រហូតឆ្នាំ២០២១ តំណាងសហគមន៍ នៅក្នុងខេត្តចំនួន៥ បានរៀបចំឯកសារដាក់ពាក្យ បណ្តឹងបរិហារចំនួន ១៩ករណី ទៅស្ថាប័នតុលាការ អំពីភាពមិនប្រក្រតីក្នុងការបំពេញតួនាទី របស់មន្រ្តីថ្នាក់ក្រោមជាតិ និងអ្នកមានទ្រព្យសម្បត្តិ(ឧកញ៉ា) កាប់រានឈូសឆាយដីព្រៃរបស់រដ្ឋយកជាកម្មសិទ្ធិឯកជន ការលក់ទិញ ដីព្រៃសម្បទានសេដ្ឋកិច្ច និងប្តឹងពីការក្លែងលិខិតសាធារណៈចេញប្លង់កម្មសិទ្ធិដីធ្លីមិនប្រក្រតីសរុបជាងពីរម៉ឺនហិកតា។

ក្រៅពីនេះ តាមការអង្កេតវិវាទដីធ្លី នៅតែបន្តកើតមានឡើងឥតឈប់ឈរ  ទន្ទឹមនិងវិវាទរាំរ៉ៃមួយចំនួនធំមិនទាន់បានដោះស្រាយនៅឡើយ  ខណៈវិវាទថ្មីៗទៀត  បានកើតឡើងជាបន្តបន្ទាប់ នៅក្នុងឆ្នាំ២០២២  សមាគមអាដហុកបានរកឃើញ វិវាទដីធ្លីកើតឡើងចំនួន៨៤ករណី  ដែល៥០% នៃវិវាទគឺជាករណីរំលោភដោយបុគ្គលមានអំណាច ដែលនាំឲ្យប៉ះពាល់ដល់ជនរងគ្រោះផ្ទាល់ ចំនួនជាង ៧ពាន់គ្រួសារ (៧,១៤១គ្រួសារ) ស្មើជាង១ម៉ឺននាក់ (៣៦,៧៦៦នាក់) ដីវិវាទចំនួនជាង ៩សែនហិកតា (៩,៨៣១.១១ហិកតា) ពោលជាង៩៧% នៃវិវាទត្រូវបានអូសបន្លាយការរកដំណោះស្រាយរហូតមកដល់បំណាច់ឆ្នាំ២០២២នេះ។

មិនត្រឹមតែ សិទ្ធិមនុស្ស សិទ្ធដីធ្លីនៅតែមានបញ្ហាកើតឡើងឥតឈប់ឈរនោះទេ សូម្បីតែការរំលោភបំពានសិទ្ធិស្ត្រី និងកុមារក៏មានការកើនឡើងផងដែរ។ អាហុកបញ្ជាក់ថា នៅឆ្នាំ២០២២ មានការំលោភបំពានលើសិទ្ធិស្ដ្រី និងកុមារ ចំនួន២៨៨ករណី ចំនួននេះកើនឡើង៦៤ករណី បើធៀបនិងរបកគំហើញកាលពីឆ្នាំ២០២១ មានត្រឹម២២៤ករណី។ ករណីដែល    អាហុករំលេចថា ជាការរំលោភបំពានសិទ្ធិស្ដ្រី មានដូចជា ការជួញដូរផ្លូវភេទមានចំនួន៦១ករណី ក្នុងនោះបង្ខំឱ្យរៀបការទៅប្រទេសចិន៥៧ករណី។ ក្រៅពីនេះមានការជួញដូរកម្លាំងចំនួន១៧ករណី ជាអ្នកបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ចំនួន១០ករណី និងអំពើហិង្សាក្នុងគ្រួសារចំនួន៧៨ករណី មានរហូតដល់ស្លាប់២ករណីនៅក្នុងឆ្នាំ២០២២។ ជាមួយគ្នាករណីរំលោភសេពសន្ថវៈ មានចំនួន១៣២ករណី មានរហូតដល់រំលោភសម្លាប់ចំនួន៦ករណី។

យ៉ាងណាមិញបើក្រឡេកទៅមើលរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធុមនុស្សកម្ពុជា(CCHR) ស្តីពីស្ថានសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០១៨ បានឱ្យដឹងថាស្ថានភាពសិទ្ធមនុស្សបានធ្លាក់ដុនដាបយ៉ាងខ្លាំង ដោយហេតុថានៅមុនពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មានការអនុម័តច្បាប់មួយចំនួនដែលមានលក្ខណៈរឹតត្បិតក្នុងគោលបំណងបំបិទសំឡេងជំទាស់។ បន្ថែមពីនេះ របាយការណ៍CCHR បន្តទៀតថា លំហសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានបំបិទចំពេលមានការចោទប្រកាន់នានាជុំវិញ បដិវត្តន៍ពណ៌៕

Share

Image
Image
Image