en     km
en     km

រាជរដ្ឋាភិបាលបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនពី១៣០ ដុល្លារ មកត្រឹម ៥០ដុល្លារ

Share

ភ្នំពេញ ៖ ក្រសួងទេសចរណ៍អនុញ្ញាតជាផ្លូវការក្នុងការបញ្ចុះតម្លៃតេស្ត PCR រកជំងឺកូវីដ១៩ សម្រាប់ទេសចរចិនពីថ្លៃ ១៣០ ដុល្លារ មកត្រឹម ៥០ដុល្លារវិញ។នេះបើតាម លោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រាយការណ៍ប្រាប់កិច្ចប្រជុំផ្សព្វផ្សាយការត្រៀមទទួលទេសចរចិន (China Ready)នៅសាលាខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣។
លោក សុខ សង្វារ បញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថា នឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់។ លោកទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍។
សូមរំលឹកថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត៣០%នៃទេសចរចិននឹងរំពឹងថា មកទស្សនាខេត្តសៀមរាប ។កាលពីឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨,៧៦៣នាក់ កើនឡើង ២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប៕

Share

Image
Image
Image