បណ្តាទូតប្រទេសប្រជាធិបតេយ្យមួយចំនួន បានចេញប្រតិកម្មចំពោះការសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ប្រតិកម្មរបស់បណ្តាប្រទេសលោកសេរី ចាត់ទុកថា នេះជាការសម្រេចដែលរុញច្រានឱ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ក៏ប៉ុន្តែរដ្ឋាភិបាលបានឆ្លើយបំភ្លឺ ដោយច្រានចោលទាំងស្រុងចំពោះបណ្តាប្រតិកម្មរបស់ទូតបរទេសបែបនេះ។ លោក គីម ចាន់ចាវ រាយការណ៍
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងថា អូស្ត្រាលីមានការព្រួយបារម្ភជាខ្លាំង ដែលគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ។ ទោះយ៉ាងណាស្ថានទូតដដែលនេះបញ្ជាក់លើសំណេរថា ខ្លួននៅតែជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
អូស្ត្រាលីបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តម្រូវឱ្យមានលម្ហរនយោបាយ ច្បាប់ និងស្ថាប័ននានាដែលអនុញ្ញាតឱ្យគណបក្សនយោបាយផ្សេងៗចូលរួម និងប្រកួតប្រជែងដោយយុត្តិធម៌នៅថ្ងៃបោះឆ្នោត។ ការដែលគណបក្សណាមួយមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត មិនមែនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
ចំណែកសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជាវិញ បានចាត់ទុកការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជាក្នុងការមិនចុះឈ្មោះគណបក្សភ្លើងទៀនគឺជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយទៀត នៃលំហរសេរីភាពសម្រាប់គណបក្សនយោបាយកាន់តែរួមតូចចង្អៀតសម្រាប់ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។
សហភាពអឺរ៉ុប បញ្ជាក់ថា ខ្លួនជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេចដែលធ្វើឡើងដោយអាជ្ញាធររៀបចំការបោះឆ្នោតកម្ពុជា ដែលបន្ថែមការដកហូតសិទ្ធិពលរដ្ឋកម្ពុជាក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទាមទារឱ្យមានការប្រកួតប្រជែងនយោបាយបើកចំហ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងគួរឱ្យទុកចិត្ត ហើយប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឱ្យជ្រើសរើសអ្នកតំណាងរបស់ពួកគេដោយសេរី។
ការិយាល័យកិច្ចការបរទេសរបស់អាល្លឺម៉ង់ បានប្រតិកម្មនឹងសេចក្តីសម្រេចរបស់គ.ជ.ប តាមបណ្ដាញធ្វីតធឺ ថាបានផ្ទុយនឹងគោលការណ៍ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យ។ អាល្លឺម៉ង់រិះគន់ថា ហេតុផលដែលគ.ជ.ប បានអះអាង គឹមិនគួរឱ្យជឿជាក់សោះឡើយ។ អាល្លឺម៉ង បានបង្ហាញក្ដីរំពឹងថាការតវ៉ាតាមផ្លូវច្បាប់ជុំវិញបញ្ហានេះ និងត្រូវបានគេគោរព ហើយនឹងមានការកែប្រែលើការសម្រេចនេះឡើងវិញ។
ប្រតិកម្មទាំងនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោល ដោយអះអាងថា «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។ ដោយមិនលើកចំឈ្មោះគណបក្សភ្លើងទៀន ក្រសួងការបរទេស បានបំភ្លឺតបចំនួន៤ចំណុច ដូចអ្វីដែលគ.ជ.ប ធ្លាប់បំភ្លឺពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ យ៉ាងណាចំពោះអវត្តមានរបស់គណបក្សភ្លើងទៀន នៅចំពោះមុខនៃការបោះឆ្នោត ក្រសួងការបរទេសបញ្ជាក់ថា ជាការធ្វេសប្រហែសមិនគោរពច្បាប់ តែមិនប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត ខណៈដែលគណបក្សប្រកួតប្រជែងមានយ៉ាងតិច១៨៕