en     km
en     km

Camboja៖ អត្រានៃការបៀតបៀនទៅលើអ្នកកាសែតមានការថយចុះបើធៀបនឹងឆ្នាំមុន

Share

បើទោះបីជារបាយការណ៍បញ្ជាក់ថាកំណើននៃការរំលោភបំពានទៅលើអ្នកកាសែតមានការថយចុះក្តី ក៏ប៉ុន្តែការព្រួយបារម្ភចំពោះការបៀតបៀនទៅលើអ្នកកាសែតនៅកម្ពុជានៅតែជាបញ្ហាចោទនៅឡើយ។ ផ្អែកតាមឯកសារផ្សេងៗដែល CAMBOJA លើកបង្ហាញក្នុងរបាយការណ៍របស់ខ្លួនបង្ហាញថា នៅឆ្នាំ២០២២ ក្នុងចំណោមអ្នកកាសែតដែលរងផលប៉ះពាល់៥៤ករណី ក្នុងនោះមាន៣៥ករណីដែលគេរកឃើញថាជាករណីបៀតបៀនរួមបញ្ចូលទាំង ការរើសអើង ការចាប់ខ្លួន និងសកម្មភាពមិនគប្បីនានា។ ចំណែក៩ករណីផ្សេងទៀតត្រូវបានឃាត់ខ្លួនយកទៅសាកសួរ។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់កម្រងសិក្សាស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីគុល ដូចតទៅ!

 

ទោះយ៉ាងណា ចំនួនសរុបនៃករណីបៀតបៀនអ្នកកាសែតមានការថយចុះ ២៨ភាគរយ បើធៀបនឹងឆ្នាំមុន(ឆ្នាំ២០២១) ខណៈដែល CAMBOJA បានចងក្រងឯកសារទុកថានៅឆ្នាំ២០២១គេឃើញមានអ្នកកាសែតដែលទទួលរងផលប៉ះពាល់៩៦ករណីក្នុងនោះមាន៤៩ករណីជាករណីបៀតបៀន។

ខណៈអ្នកពាក់ព័ន្ធខ្លះអាចមើលឃើញរបាយការណ៍ប្រចាំឆ្នាំនេះហាក់ជាសញ្ញានៃវឌ្ឍនភាព ប៉ុន្តែCAMBOJAអះអាងថា ខ្លួន តែងប្រយ័ត្នប្រយែងក្នុងការធ្វើសេចក្ដីសន្និដ្ឋានណាមួយ។ វប្បធម៌និទណ្ឌភាព ឬការលើកលែងទោស នៅតែបន្ត គំរាមកំហែង និងវាយប្រហារអ្នកកាសែត ខណៈដែលអ្នកកាសែត ៧នាក់មកពីស្ថាប័នផ្សេងៗគ្នា នៅតែជាប់គុកដដែល ក្នុងការឃុំខ្លួនបណ្តោះអាសន្នគិតត្រឹមខែធ្នូ ឆ្នាំ២០២២។

Camboja អះអាងថា ខ្លួនមិនអាចចងក្រងជាឧទាហរណ៍តែមួយនៃការសម្រេចសេចក្ដីរបស់តុលាការ ដែលកាត់ទោសមន្ត្រី និងអ្នកដទៃទៀតបានទេ ដែលបុគ្គលទាំងនោះបានបៀតបៀនសមាជិកអ្នកសារព័ត៌មាន។ លើសពីនេះ អាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន៤ស្ថាប័ន ត្រូវបានដកហូត ក្រោមហេតុដែលរងការចោទប្រកាន់ពីការផ្សាយព័ត៌មានដែលបំពានក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងកិច្ចសន្យាសាជីវកម្ម។
កាលពីចុងខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានឲ្យមានការប្រុងប្រយ័ត្នក្នុងការចាប់ខ្លួនអ្នកកាសែតរបស់ទូរទស្សន៍បាយ័ន ដោយថាករណីដែលត្រូវដោះស្រាយនៅតុលាការរដ្ឋប្បវេណីកំពុងត្រូវបានប្រែក្លាយទៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដោយគ្មានភស្តុតាងគ្រប់គ្រាន់។

ទោះជាយ៉ាងណា សារនោះហាក់កម្រពេក ត្បិតអីអ្នកកាសែតឯករាជ្យដែលប្រឈមមុខនឹងការកាត់ទោស មិនងាយនឹងមិនមានការការពារបែបនេះទេ។ការស្រាវជ្រាវរបស់ CamboJA បង្ហាញថា អ្នកសារព័ត៌មានទាំងអស់ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២២ គឺត្រូវបានចោទចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ា និងញុះញង់ឲ្យមានការរើសអើង និងការបរិហារកេរ្តិ៍ជាសាធារណៈ។ CamboJA ចាត់ទុកថា ការចោទប្រកាន់ព្រហ្មទណ្ឌទាំងនេះជារឿយៗជាឧបករណ៍នៃការបំភិតបំភ័យ ហើយសូម្បីតែការបំពានស្របច្បាប់ក៏គួរតែត្រូវបានដោះស្រាយតាមរយៈច្បាប់សារព័ត៌មាន ដែលកម្រត្រូវបានប្រើប្រាស់ក្នុងករណីបែបនេះ។ ករណីនេះត្រូវការផ្លាស់ប្តូរ។

ខ្លឹមសារនៃរបាយការណ៍របស់ Camboja សង្កត់ធ្ងន់ថា ការជាប់ពន្ធនាគារ ការឃុំខ្លួន និងការគំរាមកំហែងខាងរាងកាយប្រឆាំងនឹងអ្នកសារព័ត៌មាននៅតែបន្តធ្វើឱ្យខូចគុណភាពតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលរាយការណ៍រឿង ឬករណីដែលពាក់ព័ន្ធមន្ត្រីមានអំណាច។

Camboja អះអាងថា «គ្មានអ្នកណាម្នាក់ត្រូវជាប់គុករាប់ខែពីបទធ្វើសារព័ត៌មានទេ។ ហើយក្រុមការងាររបស់យើងមិនគួរណាត្រូវរងនូវអំពើបែបនេះទេ។ ពួកយើងលះបង់សុខភាពផ្លូវចិត្ត និងផ្លូវកាយ ដើម្បីឲ្យប្រជាជនកម្ពុជាបានដឹងអំពីប្រទេសរបស់ខ្លួន»។
របាយការណ៍របស់ក្រសួងព័ត៌មានបានឱ្យដឹងថានៅចុងឆ្នាំ២០២២ មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានសរុបចំនួនប្រមាណជាង២ពាន់ស្ថានប័ន (២៧១៧ស្ថាប័ន)។ ក្នុងនោះរួមមានស្ថានីយ៍ផ្សព្វផ្សាយទូរទ្សន៍ចំនួន ២៧ស្ថាប័ន, ទូរទ្សន៍ខ្សែកាប ២១២ស្ថាប័ន, ស្ថានីយ៍វិទ្យុ ២២០ហ្រ្វេកង់, វិទ្យុជាតិចំនួន១, កាសែត ៤៤៦ស្ថាប័ន, ទស្សនាវដ្តីចំនួន ១៩៣ស្ថាប័ន, ៨៧៨ គេហទំព័រ, ទីភ្នាក់ងាសារព័ត៌មានអន្តរជាតិទាំងក្រៅនិងក្នុងស្រុកចំនួន ២៦ស្ថាប័ន និងរួមបញ្ចូលទាំងការផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយចំនួន៥១ស្ថាប័ន៕

Share

Image
Image
Image