en     km
en     km

អត្ថបទស្រាវជ្រាវ៖ តើអ្វីជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌?

Share

សិទ្ធិដែលត្រូវបានគេទទួលស្គាល់ជាសកលថាមានក្ខណៈទូលំទូលាយដែលប្រមូលផ្តុំទៅដោយសិទ្ធិមូលដ្ឋានមួយចំនួនដូចជា សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ សិទ្ធិស្មើភាព សិទ្ធិទទួលបានការជំនុំជម្រះដោយតុលាការមានសមត្ថកិច្ច ឯករាជ្យ និងមិនលំអៀង ដែលទាំងអស់នោះហើយគឺជា «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌»។ ពោលគឺបុគ្គលដែលបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទឧក្រិដ្ឋគឺមានសិទ្ធិប្រើប្រាស់នូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នេះ ក្នុងការការពារខ្លួនផ្ទាល់។ ទាក់ទងនឹងការយល់ដឹងទៅនឹងសិទ្ធមួយនេះប្រជាពលរដ្ឋមួយចំនួនហាក់នៅមានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់នូវនិយមន័យ និងការប្រើប្រាស់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នេះនៅឡើយ។
ដូចនេះដើម្បីឱ្យជ្រាបកាន់តែច្បាស់ថា តើអ្វីជាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ហើយសិទ្ធិនេះមានការកកើតឡើងយ៉ាងដូចម្តេច? តទៅនេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់អត្ថបទស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

គ្រប់ពេលដែលជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ពួកគេតែងតែទទួលបាននូវសិទ្ធមួយសម្រាប់ការពារខ្លួន ដែលជាទូទៅគេហៅថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ការជំនុំជម្រះដោយយុត្តិធម៌គឺជាការធានានូវសិទិ្ធដល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ជាការរួមបញ្ចូលគ្នានៃសិទ្ធិបុគ្គលមួយចំនូនដែលសិទ្ធិនេះមាននៅគ្រប់នីតិវិធីច្បាប់រាប់ចាប់ពីដំណាក់កាលការចាប់ខ្លួនជនសង្ស័យ នៅដំណាក់កាលដំបូង រហូតដល់បញ្ចប់ការបឹ្តងតវ៉ាចុងក្រោយបំផុត។

នៅក្នុងកម្មវិធីវិទ្យុសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ការិយាល័យមេធាវី BBC លោកមេធាវី សំ សុគង បានលើកឡើងពីនិយមន័យនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺទាក់ទងទៅនឹងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ជាពិសេសជាសិទ្ធិរបស់ភាគីពាក់ព័ន្ធនឹងរឿងក្តី ហើយផ្តោតសំខាន់ទៅលើក្តីព្រហ្មទណ្ឌ។

ងាកមករបាយការណ៍ស្តីពី«សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា»ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ទិមនុស្ស (CCHR) វិញ បានឱ្យដឹងថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជាផ្នែកសំខាន់នៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ហើយសិទ្ធិនេះផ្តល់ឱ្យបុគ្គលគ្រប់រូបដែលត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌណាមួយ ដែលប្រព្រឹត្តិដោយយុត្តិធម៌ ស្មើភាពគ្នា នៅពេលរដ្ឋកំណត់អំពីពិរុទ្ធភាព ឬភាពគ្មានទោសរបស់បុគ្គលទាំងនោះ។

CCHR បានបង្ហាញពីគុណសម្បត្តិនៃការប្រើប្រាស់សិទ្ធិនេះ ដោយកាលណាការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌បានត្រឹមត្រូវនោះ នោះវានឹងការពារដល់សិទ្ធិដល់ជនជាប់ចោទ និងជនរងគ្រោះ ព្រមទាំងធានានូវការគ្រប់គ្រងយុត្តិធម៌ដោយត្រឹមត្រូវ។

សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ក៏មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៩ និងមាត្រា១៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)ផងដែរ ដោយខ្លឹមសារចែងថា«បុគ្គលទាំងឡាយណាបានចាប់ខ្លួន និងបាននាំខ្លួនទៅចំពោះមុខចៅក្រម» និង«ជនគ្រប់រូបត្រូវមានសិទ្ធិទទួលបានការជំនុំជម្រះរឿងក្តីរបស់ខ្លួនដោយសមធម៌ និងជាសាធារណៈ»។

ទាក់ទងទៅនឹងដែនកំណត់នៃការប្រើប្រាស់សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌វិញ គឺត្រូវតែអនុវត្តដោយគ្មានករណីលើកលែងឡើយ នោះមានន័យថា ជនគ្រប់រូបដែលរងការចោទប្រកាន់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺត្រូវមានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌គ្រប់ពេលវេលា រួមទាំងនៅក្នុងអំឡុងស្ថានភាពនៃគ្រាអាសន្ន និងស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធ។

បើតាមឯកសារដែលចេញផ្សាយដោយ CCHR ដដែរបានឱ្យដឹងថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ រួមមាន សិទ្ធិទទួលបានការសន្មត់ទុកជាមុនថាគ្មានទោស និងសិទ្ធិនៅស្ងៀម សិទ្ធិមានសេរីភាព(ឬត្រូវដោះលែង) សិទ្ធិទទួលបានការជំនុំជម្រះក្នុងពេលវេលាមួយសមរម្យ និងសិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានពន្យាពេល។ ក្នុងនោះដែរសិទ្ធិយល់ដឹងពីប្រភេទនិងមូលហេតុនៃការចោទប្រកាន់ សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពអំពីពិរុទ្ធភាព ឬការផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង, សិទិ្ធមានវត្តមាននៅពេលសវនាការ និងសិទ្ធិមានមេធាវី សិទ្ធិទទួលបានការជំនុំជម្រះដោយសាលាជម្រះក្តីដែលមានសមត្ថកិច្ច, ឯករាជ្យ និងមិនលម្អៀង, សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ និងសិទ្ធិបង្ហាញភ័ស្តុតាង (សិទ្ធិហៅ និងសាកសួរសាក្សី) ជាដើមក៏បានកំណត់ក្នុងនិយមន័យនេះផងដែរ។

នៅលើឆាកអន្តរជាតិ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នេះត្រូវបានបញ្ជាក់ និងទទួលស្គាល់ ជាផ្លូវការថា ជាសិទ្ធិមូលដ្ឋានរបស់មនុស្ស តាមរយៈការអនុម័តសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៤៨ ដែលជាឯកសារដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិមនុស្ស។

កាលពីឆ្នាំ ១៩៦៦ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នេះ ត្រូវបានបញ្ជាក់ឡើងជាថ្មីម្តងទៀត ជាមួយនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលជាសិទ្ធិមូលដ្ឋានផ្សេងៗ។ នៅក្នុងឯកសារមួយផ្សេងទៀត ដែលអង្គការសហប្រជាជាតិបានអនុម័តស្តីពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលបញ្ជាក់បន្ថែមទៀតអំពីសិទ្ធិផ្សេងៗ ដែលក្នុងនោះក៏មាននូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ផងដែរ។

បច្ចុប្បន្ន អង្គការសហប្រជាជាតិមានរដ្ឋជាសមាជិកចំនួន ១៩៣ ប្រទេស ដែលរដ្ឋសមាជិកទាំងអស់ត្រូវ បានភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ដោយសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងត្រូវមានកាតព្វកិច្ចអន្តរជាតិក្នុងការគោរពសិទ្ធិជាមូលដ្ឋានដែលខ្លួនអនុម័តទទួលស្គាល់ រួមទាំងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ទៀតផង។ លើសពីនេះទៅទៀត រដ្ឋសមាជិកចំនួន ១៧៣ រួមមានប្រទេសកម្ពុជាផងដែរ ដែលបានផ្តល់សច្ចាប័ន ទៅលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវបានភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ ដូចមានចែង ឮនៅក្នុងបញ្ញត្តិនៃកតិកាសញ្ញានេះ ហើយត្រូវមានកាតព្វកិច្ចលើកតម្កើងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ទាំងអស់ ដែលត្រូវបានទទួលស្គាល់នៅក្នុងសន្ធិសញ្ញានេះ។

ចាប់តាំងពីពេលនោះមក សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ត្រូវបានទទួលស្គាល់ក្នុងលក្ខខណ្ឌស្រដៀងគ្នានេះ ដូចជានៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងនៅក្នុង សន្ធិសញ្ញាផ្សេងទៀតរបស់អង្គការសហប្រជាជាតិ ក៏ដូចជាលិខិតូបករណ៍ស្ដីពី សិទ្ធិមនុស្សអន្តរជាតិផងដែរ។

បើទោះបីជាកម្ពុជាជាសមាជិកក្នុងចំណោមបណ្តាប្រទេសដទៃ ដែលគោរព និងអនុវត្តប្រើប្រាស់នូវសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌មែនពិត ប៉ុន្តែរបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១ ចេញផ្សាយដោយស្ថានទូតសហរដ្ឋអាមេរិចបានគូសបញ្ជាក់ថា កម្ពុជានៅតែមានអំពើពុករលួយរីករាលដាលក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាកា។ របាយការណ៍នោះសង្កត់ធ្ងន់ថា តុលាការគ្មានប្រសិទ្ធិភាព ហើយមិនអាចធានាដំណើរក្តីដោយយុត្តិធម៌ត្រឹមត្រូវបានទេ ដោយរបាយការណ៍កត់ត្រាថា ជាញឹកញាប់ លទ្ធផលនៃសវនការហាក់បានកំណត់មុនជាស្រេច។

ការលើកឡើងទាំងនេះផ្អែកទៅលើអ្នកអង្កេតការដែលស្ថានទូតអាមេរិចបានដាក់បញ្ចូលទៅក្នុងរបាយការណ៍យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញបានចែងថាតុលាការមានភាពឯករាជ្យ ប៉ុន្តែ រដ្ឋាភិបាល ជាទូទៅ មិនគោរពឯករាជ្យភាពរបស់ តុលាការឡើយ ដោយការសម្រេចរបស់តុលាការស្ថិតក្រោមការគ្រប់គ្រងច្រើនឥទ្ធិពលរបស់អ្នកនយោបាយ។ មន្ត្រីតុលាការ ដែលមានរហូតដល់ប្រធានតុលាការកំពូល ច្រើនតែមានមុខតំណែងក្នុងពេលជាមួយគ្នា នៅក្នុងគណបក្សកាន់អំណាច ហើយអ្នកសង្កេតការណ៍បាននិយាយថា មានតែអ្នកដែលមានទំនាក់ទំនងជាមួយនឹងគណបក្សប្រជាជន ឬផ្នែកប្រតិបត្តិទេ ដែលបានទទួលមុខតំណែងក្នុងតុលាការ»៕

Share

Image
Image
Image