en     km
en     km

សម្តេច ហ៊ុន សែន ទិតៀនការរិះគន់របស់ក្រុមប្រឆាំងថាខ្វះចំណេះដឹងដែលនាំឱ្យបក្ខពួករត់ចូលបក្សកាន់អំណាច

Share

សម្តេច ហ៊ុន សែន ធ្វើការទិតៀនចំពោះរបៀបនៃការរិះគន់របស់ក្រុមប្រឆាំង ដោយសម្តេចចាត់ទុកថា ខ្វះចំណេះដឹង ដែលនាំឱ្យមិនមានប្រៀបឈ្នះលើបក្សកាន់អំណាចម្តងណាសោះ។ ជាងនេះការរិះគន់ខ្វះមូលដ្ឋានចំណេះដឹងបែបនេះហើយ ដែលសម្តេចថា ជាហេតុនាំឱ្យបក្ខពួកមួយចំនួនរបស់ក្រុមប្រឆាំងរត់មកចុះចូលជាមួយបក្សកាន់អំណាច។ ប៉ុន្តែអតីតមន្ត្រីបក្សប្រឆាំងមួយរូបចាត់ទុកថា ការចុះចូលរបស់បក្ខពួកប្រឆាំងមួយចំនួន គឺធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចរារាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសនៃពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅកោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ដោយបានបញ្ចេញប្រតិកម្មទិតៀនចំពោះការរិះគន់របស់ក្រុមអ្នកនយោបាយប្រឆាំង លើបញ្ហាវិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក។ សម្តេច ហ៊ុន សែន ចាត់ទុកការរិះគន់របស់ក្រុមប្រឆាំងថា អត្រាកសិកម្មនៅកម្ពុជារួមតូច គឺជាការខ្វះចំណេះដឹង ដែលចំណុចនេះហើយ ដែលមេបក្សកាន់អំណាចចាត់ទុកថា ជាការដែលមិនដែលឈ្នះគណបក្សរបស់ខ្លួន។

 

ក្នុងវេទិការនេះ សម្តេច ហ៊ុន សែនបានប្រើភាសាធ្ងន់ៗថា

«តែដល់អាមេភ្លើ វាបង្រៀនឱ្យអាកូនភ្លើដែរ ដល់អញ្ចឹងទៅតើមានកម្លាំងឯណាមកទប់ទល់ជាមួយគណបក្សប្រជាជន? ប៉ុន្តែឥលូវនេះកូនមិនសូវជាភ្លើទេ កូនដកខ្លួនមកចូលគណបក្សប្រជាជនហូរហែចឹង។ អាមេភ្លើ កូនគេអ្នកចេះដឹងដែរគេដកខ្លួនមកចូលគណបក្សប្រជាជនធ្វើព្រងើយ»។

 

លើបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានចាត់ទុកការចុះចូលជាមួយគណបក្សកាន់អំណាច ពីសំណាក់មន្ត្រីបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួនដោយសារតែទទួលបានតំណែងនិងតួនាទី។ លោកថា ចរន្តចុះចូលនារយៈពេលចុងក្រោយនេះ អាចជាកត្តារារាំងដល់ប្រជាធិបតេយ្យនៅកម្ពុជា ត្បិតការប្រកួតប្រជែងអំណាចពេលនេះកំពុងបាត់បង់តុល្យភាព។

 

«កាលណាកម្លាំងនៅក្រៅរដ្ឋាភិបាលកាន់តែតិចទៅៗ វាមិនមានលទ្ធភាពក្នុងការផ្លាស់ប្ដូរទេ ដូច្នេះគណបក្សកាន់អំណាចអាចនឹងកាន់អំណាចបានយូរអង្វែង អាចបង្វិលស្ថានការណ៍បាន ធ្វើគោលនយោបាយទៅតាមខ្លួនប្រាថ្នាចឹងទៅ។ ប៉ុន្តែប្រទេសមួយចំនួនគេដឹកនាំចឹងដូចគ្នា តែគេដឹកនាំដោយសមត្ថភាពប្រាកដដូចគេ ដូចនៅសាំងហ្គាពួរ និងជប៉ុនសម័យមុននេះ…»។

 

ជាការកត់សម្គាល់ ជារឿយៗសម្តេច ហ៊ុន សែន តែងប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។  ស្វាគមន៍ក៏ពិតមែន ប៉ុន្តែមេបក្សកាន់អំណាចរូបនេះលើកលែងបុគ្គលតែម្នាក់ប៉ុណ្ណោះ នោះគឺ លោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆំាងនិរទេសខ្លួននៅក្រៅប្រទេស ដែលតែងរិះគន់រដ្ឋាភិបាលមិនសំចៃមាត់។ ជាងនេះទៀត ថ្មីៗនេះ មានទាំងសកម្មជនបក្សប្រឆាំង ដូចជាលោក យឹម ស៊ីន លោក ហ៊ុន កុសល ដែលទើបចេញពន្ធនាគារបានចូលរួម និងមន្ត្រីសង្គមស៊ីវិលមួយចំនួនដែលធ្លាប់រិះគន់បានចូលរួមជាមួយរដ្ឋាភិបាល ដោយទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។

សម្តេច ហ៊ុន សែន ធ្លាប់អំពាវនាវដល់មន្ត្រីសំខាន់ៗនៃបក្សប្រឆាំងនៅក្រៅប្រទេស ដូចជា លោក ហូរ វ៉ាន់ ជាដើមដែលកំពុងធ្វើសកម្មភាពជាមួយលោក សម រង្ស៊ី និង សកម្មជនផ្សេងទៀត គឺ លោក ស៊ន តារា ប៉ុន្តែពួកគេមិនព្រមវិលចូលស្រុកតាមការអំពាវនាវឡើយ៕

Share

Image
Image
Image