en     km
en     km

កម្ពុជាស្នើដៃគូអភិវឌ្ឍន៍យកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ

Share

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើដៃគូអភិវឌ្ឍន៍នៃទន្លេមេគង្គឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ ។ ការស្នើបែបនេះធ្វើឡើងក្នុងឱកាសលោកចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ កាលពីថ្ងៃទី៥ ខែមេសា។ លោក គីម ចាន់ចាវ រាយការណ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងដូច្នេះថា៖ «ដោយសារថ្ងៃនេះក្រៅពីគណៈកម្មការទន្លេមេគង្គ(MRC) ក៏មានដៃគូរបស់យើងនៅទីនេះ ខ្ញុំសូមស្នើឱ្យមានការយកចិត្តទុកដាក់ទៅលើរឿងថ្មីមួយដែលយើងធ្លាប់ពិភាក្សា នោះគឺបញ្ហាគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ ដែលមានយ៉ាងច្រើនដែលគប្បីត្រូវបានទៅជាចំណុចនៃការយកចិត្តទុកដាក់ដោះស្រាយសម្រាប់ទន្លេមេគង្គ ហើយជាពិសេសសម្រាប់បញ្ចៀសនូវគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋរបស់យើង»។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញក្ដីរំពឹងថា៖ «ក្រៅពីបណ្ដាប្រទេសទន្លេមេគង្គដែលបានពិភាក្សាព្រឹកមិញនេះ ខ្ញុំសង្ឃឹមថាអ្វីដែលជាកង្វល់របស់យើងទាក់ទងនឹងគ្រាប់មិនទាន់ផ្ទុះដែលមានយ៉ាងច្រើននៅក្នុងអាងទន្លេមេគង្គរបស់យើង គួរត្រូវបានយកចិត្តទុកដាក់ពីសំណាក់ដៃគូអភិវឌ្ឍន៍នៃទន្លេមេគង្គរបស់យើងផងដែរ»។

ក្នុងពេលនៃការលើកឡើងពីបញ្ហាគ្រាប់មិនទាន់ផ្ទុះក្នុងទន្លេមេគង្គសម្តេច ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាសន្ដិសុខទឹក ស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុផងដែរ ដោយបានលោកថ្លែងបន្ថែមថា ការសម្រេចបាននូវនិរន្តរភាពជានិរន្តរ៍នៃសន្ដិសុខទឹក ស្បៀងអាហារនិងថាមពលគឺជាអាទិភាពសំខាន់បំផុតនៅក្នុងរបៀបវារៈនៃគោលបំណងនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ ក៏ដូចជាសម្រាប់បណ្តាប្រទេសតាមដងទន្លេនីមួយៗផងដែរ។ និរន្តរភាពនៃទន្លេមេគង្គ គឺជាចំណុចស្នូលនៃការយកចិត្តទុកដាក់និងជាក្ដីបារម្ភ។

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ត្រូវបានប្រព្រឹត្តឡើង នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ កាលពីថ្ងៃទី៥ ខែមេសា។ កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ ‹‹នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គដែលមានសន្តិសុខទឹកប្រកបដោយចីរភាព» ដែលមានការចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់នៃប្រទេសដៃគូអភិវឌ្ឍន៍នានា។

ក្នុងឱកាសនោះនាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានរៀបរាប់ពីការប្រឈមរបស់ទន្លេមេគង្គដែលមាននិន្នាការ«ដ៏គួរឱ្យព្រួយបារម្ភ» ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖របបលំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការបំពុលដោយប្លាស្ទិក និងទឹកជំនន់និងគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ បើទោះជាវាមានវឌ្ឍនភាពប្រកបដោយអត្ថន័យដើម្បីការពារទន្លេដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើងក៏ដោយ៕

Share

Image
Image
Image