en     km
en     km

ទណ្ឌិត៦៦៨នាក់ត្រូវបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសចូលឆ្នាំថ្មីនិងបុណ្យវិសាខបូជា

Share

ភ្នំពេញ៖ តាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ២០២៣ខាងមុខនេះ មានទណ្ឌិតចំនួន ៦៦៨ នាក់បានស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។

ក្នុងនោះទណ្ឌិត ៣៤៥នាក់ត្រូវស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ៣២៣នាក់ទៀតក្នុងឱកាសពិធីបុណ្យវិសាខបូជា។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ២៧ បានបញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ទណ្ឌិតដែលអាចនឹងត្រូវបានបន្ធូរបន្ថយ និងលើកលែងទោសត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនដូចជា បានផ្ដន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការកម្ពុជា ឬត្រូវបានបញ្ជូនមកអនុវត្ដទោសនៅកម្ពុជា។ ទណ្ឌិតមានការភ្ញាក់រលឹក ខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត។ ទណ្ឌិតនោះ បានគោរពប្រតិបត្ដិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូល្អដល់ទណ្ឌិត និង ចូលរួមអនុវត្ដយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែ តាមសេចក្ដីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។

លើសពីនេះទៅទៀត ទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្ដីមានគភ៌ ឬមានជំងឺរ៉ាំរៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច ក៏អាចជាហេតុផលអាចលើកលែងទោសផងដែរ។ ប៉ុន្ដែ លុះត្រាតែទណ្ឌិតនោះបានទទួលទោស ១/៣ (មួយភាគបី) នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់៕

Share

Image
Image
Image