en     km
en     km

កម្ពុជានិងអូស្ត្រាលីដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មី ចំប៉ីស ៧០ ក្រោយការស្រាវជ្រាវ ៩ ឆ្នាំ

Share

ភ្នំពេញ៖ ពូជស្រូវចំប៉ីស ៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើដីស្រែរបស់កសិករចំនួន ៨០ កន្លែង។ ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI) និងរដ្ឋាភិបាលអូស្រ្តាលី។ លោក គីម ចាន់ចាវ រាយការណ៍

 

តាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រទេសសកម្ពុជា និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសានេះ ពូជស្រូវចំប៉ីស ៧០ ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជា ដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវចំប៉ីស ៧០នេះ បានឆ្លងកាត់ការពិសោធន៍ដោយដាំដុះនៅលើដីស្រែរបស់កសិករចំនួន ៨០កន្លែង ទាំងក្នុងរដូវប្រាំងនិងរដូវវស្សា។

ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹមតែ ៣ខែក្នុងការដាំដុះនិងប្រមូលផល។ ស្រូវនេះ គឺជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដងក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។

ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល។ នៅថ្ងៃពុធនេះ លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាច្រូតស្រូវ និងដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស៧០ ក្នុងទិវាច្រូតស្រូវ ចំប៉ីស៧០ នៅ CARDI។

លោក ឌិត ទីណា បានឱ្យដឹងថា ពូជស្រូវ«ចំប៉ីស៧០ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង»។

ដោយឡែកលោក ចាស្ទីន វ៉ាយអេត (Justin Whyatt) បានបង្ហាញមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។ លោកសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។

ចំណែកលោក ឡោ ប៊ុណ្ណា នាយក CARDI បានលើកឡើងថា «ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំតែម្តង»។

សូមជម្រាបជូនថា វិស័យកសិកម្ម គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២១។ វិស័យនេះ ផ្តល់ការងារជាងមួយភាគបីនៃចំនួនការងារសរុបរបស់កម្ពុជា ដែលច្រើនជាងពាក់កណ្តាលនៃអ្នកធ្វើការសរុប គឺជាស្រ្តី។

អង្ករក្រអូប មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដែលការនាំចេញមានចំនួនច្រើនជាង ៦០ភាគរយ នៃអង្ករនាំចេញសរុបរបស់កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឱ្យបាន ១លានតោនក្នុងឆ្នាំ២០២៥ខាងមុខ៕

 

Share

Image
Image
Image