en     km
en     km

ក្រុមយុវជនចូលរួមសិក្សាចំណេះដឹងស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាមួយWMC

Share

ភ្នំពេញ៖ យុវជនជាសិក្ខាកាមចំនួន៣៥នាក់(ស្រី១៣នាក់) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

វគ្គបណ្តុះបណ្តាលរយៈពីរថ្ងៃចាប់ពីថ្ងៃទី២៦និងទី២៧ខែមេសា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ(Zoom) ក្រុមគ្រូបង្គោលនៃ WMC បានចែករំលែកចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យព័ត៌មាន ពិសេសបង្ហាញនិងចែករំលែកបញ្ហានានាដែលកើតមានឡើងលើបណ្តាញសង្គមដល់សិក្ខាកាមដើម្បីជាគន្លឹះដោះស្រាយបញ្ហាទៅថ្ងៃខាងមុខ។

នេះជាក្រុមសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល។

ក្នុងនោះក្រុមគ្រូបង្គោលបានបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ ពិសេសបណ្តាញសង្គម(Facebook,YouTube,Telegram…) ដែលប្រជាពលរដ្ឋកំពុងនិយមប្រើប្រាស់។

មួយទៀតដែរ គឺការចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ។មេរៀននេះ ផ្តល់ចំណេះដឹងដល់សិក្ខាកាមមានមូលដ្ឋានកាន់តែរឹងមាំនៃការគិតពិចារណា ស្វែងយល់ហេតុផលនៅពីក្រោយនៃការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសារព័ត៌មាននីមួយៗដែលផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយនានា។

ចំណែកថ្ងៃទីពីរជាថ្ងៃបន្ទាប់ក្រុមគ្រូបង្គោលបានផ្តល់នូវមេរៀនចំនួនពីរបន្ថែមទៀត គឺទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។

ការនាំយកមេរៀននេះមកចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយសារតែWMCយល់ថាបច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គមជាច្រើន ហើយព័ត៌មានក្លែងក្លាយទាំងនោះធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក បង់ខាតផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហាសុខភាពផងដែរ។

ដោយឡែក មេរៀនទាក់ទងនឹងការឆ្លើយតបទៅកាន់ព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលនៃWMC បានបង្ហាញនូវគន្លឹះមួយចំនួន ធ្វើឱ្យសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពដោយប្រើភាពវៃឆ្លាត ដែលអាចបញ្ចៀសរាល់ហានិភ័យដែលកើតមានឡើងនៅពេលក្រោយ។

នេះជាគ្រូបង្គោលនៅអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

ក្នុងពេលបណ្តុះបណ្តាលនេះ គេសង្កេតឃើញថា សិក្ខាកាមបានចូលរួមយ៉ាងសកម្មក្នុងការងារជាក្រុម ដោយមានការពិភាក្សា ការចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាល។

ក្នុងនោះដែរសិក្ខាកាម បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងមួយចំនួន ដែលធ្លាប់ត្រូវបានជនខិលខូចធ្លាប់បានឆបោកពួកគេតាមបណ្តាញសង្គមតាមរយៈឆាតហ្វេសប៊ុក។ ពិសេសពួកគេលើកយកករណីមានជនខិលខូតឆាតមកល្បួងថា ចង់ផ្ទេរមរតកពាន់លានដុល្លារមកឱ្យពួកគេ។ ករណីនេះពួកគេលើកឡើងថា ពួកគេអ្នកទាំងអស់គ្នាស្ទើរតែជ្រុលខ្លួនផ្តល់លុយកាស(វេលុយ)ដល់ជនឆបោកទាំងនោះទៅហើយ។

ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។

សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គម។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨ លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនចន្លោះពី ៣០-៥០ នាក់ចូលរួម៕

Share

Image
Image
Image