en     km
en     km

សម្តេច ហ៊ុន សែន ៖បើចង់ឲ្យមនុស្សជាប់ទោសបានយូរនិងគ្មានការយោគយល់ពី ហ៊ុន សែន សុំជេរ ហ៊ុន សែន ឲ្យបានច្រើនបន្តិច

Share

ភ្នំពេញ៖ ក្រោយការដោះលែងសកម្មជនម្នាក់របស់បក្សប្រឆាំងដែលទើបចាប់ខ្លួនកាលពីសប្តាហ៍មុន សម្តេច ហ៊ុន សែន នៅថ្ងៃនេះបានផ្តាំទៅអ្នកនយោបាយប្រឆំាងនៅក្រៅប្រទេសថា បើចង់ឲ្យមនុស្សជាប់ទោសបានយូរនិងគ្មានការយោគយល់ពី សម្តេច សុំជេរ ហ៊ុន សែន ឲ្យបានច្រើនបន្តិច។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានសរសើរដល់ការបន្ទន់ឥរិយាបថរបស់ភរិយាលោក យឹម ស៊ីណន ផងដែរ ដែលមិនទៅពឹងបរទេសលើករណីចាប់ខ្លួនស្វាមីរបស់អ្នកស្រី។

លោក គីម ចាន់ចាវ រាយការណ៍

លោក យឹម ស៊ីណន សកម្មជនម្នាក់ ក្នុងចំណោមសកម្មជន ២ នាក់នៃបក្សប្រឆាំងនិងជាមនុស្សជំនិតរបស់លោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៨ ខែមីនា បន្ទាប់ពីបានធ្វើវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះសំណេររបស់ខ្លួនដែលបានសរសេរលើបណ្តាញសង្គមប្រមាថដល់អង្គព្រះមហាក្សត្រ។ ក្រោយការដោះលែងនេះសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងកោតសរសើរដល់អ្នកស្រី សុផាត មករា ជាភរិយាលោក យឹម ស៊ីណន ដែលមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធរឿងក្ដីក្ដាំប្រមាថព្រះមហាក្សត្រ។ តាមរយៈសំណេរជាខមិនឆ្លើយតបនឹងសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី សុផាត មករា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា“ស៊ីណន កូនពិតជាមានសំណាងណាស់ដែលមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់ កូនស្រីមិនបានស្រែករកអ្នកណាជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ”

សម្តេចនាយករដ្ឋមន្ដ្រីបន្ដសំណេរដោយហៅលោក យឹម ស៊ីណនកូនៗ ក្នុងសំណេរដើមថា “ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូនហើយដែលភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឲ្យមកគៀបសង្កត់រាជរដ្ឋាភិបាលដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹងជាមួយការគៀបសង្កត់ពីបរទេស។កាន់តែសង្កត់អ្នកជាប់ទោសឬពិរុទ្ធជនជាប់គុកឬជាប់ឃុំកាន់តែយូរ។គេត្រូវចងចាំលើចំណុចនេះ។ផ្ទុយពីអ្នកដ៏ទៃភរិយាកូននឹកឃើញមុនគេគឺសុំឲ្យពុកជួយ ដូចនេះពេលឃើញភរិយាកូនបង្ហោះតាមFacebook និងឃើញកូនទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការដើម្បីឲ្យកូនបានចាកចេញទៅជួបប្រពន្ធកូនវិញ”។

លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារតាមបណ្តាញសង្គមពាក់ព័ន្ធនឹងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ភ្លាមៗនោះសម្តេច ហ៊ុន សែន អះអាងថា នឹងមិនលើកលែងឡើយ បើទោះបីជាមានការសុំទោសក្ដី។ ការមិនអធ្យាស្រ័យដោយសម្តេចចាត់ទុកការរិះគន់របស់ពួកគេមានចេតនាដ៏អាក្រក់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះចេស្តាព្រះមហាក្សត្រ មានចរិកវាយប្រហារលើសម្តេច ហ៊ុន សែន និងធ្វើឲ្យសាធារណជនភាន់ច្រឡំ។ មួយថ្ងៃក្រោយការចាប់ខ្លួន គឺនៅថ្ងៃ២២ ខែមីនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន អ្នកទាំងពីរជាបណ្តោះអាសន្នក្រោមបទចោទចំនួន ២ គឺត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រោយការសម្រេចឱ្យលោក យឹម ស៊ីណន នៅក្រៅឃុំសម្តេច ហ៊ុន សែន ដែលធ្លាប់ប្រកាសបញ្ជាឱ្យចាប់ខ្លួនយុវជន ២ នាក់ បញ្ជាក់សារឌឺដងដល់ក្រុមប្រឆាំង ដោយប្រើពាក្យផ្អែមល្ហែមចំពោះ លោក យឹម ស៊ីណនថា

“ចាត់ទុកជាសុបិនអាក្រក់និងរំដោះគ្រោះក្នុងឆ្នាំចាស់ដើម្បីសេចក្តីសុខ និងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ។ជូនពរកូនទាំងពីរនិងចៅៗជួបតែសេចក្តីសុខសេចក្តីចម្រើន។ផ្តាំទៅពួកព្រូសក្រៅរបងផ្ទះបើចង់ឲ្យមនុស្សជាប់ទោសបានយូរនិងគ្មានការយោគយល់ពីហ៊ុន សែនសុំជេរហ៊ុន សែនឲ្យបានច្រើនបន្តិច”

 

Share

Image
Image
Image