en     km
en     km

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

Share

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងសត្វផ្សោតរស់នៅ តែសត្វផ្សោតនៅបន្ដមានស្លាប់ដដែល ឥឡូវរាជរដ្ឋាភិបាលបានស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត ដោយផ្ដល់ជាបណ្ណក្រីក្រ ដើម្បីកាត់បន្ថយការនេសាទនៅតំបន់អភិរក្សនោះ។

បើតាមការបញ្ជាក់ពីលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាមានអ្នកនេសាទចំនួន១៣០០គ្រួសារ ដែលប្រកបរបរនៅតំបន់ស្នូលអភិរក្សសត្វផ្សោតនេះ។
កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែងសត្វផ្សោតមួយក្បាល ដែលជាសត្វផ្សោតដំបូងក្នុងឆ្នាំ២០២៣ បានស្លាប់នៅតំបន់កោះព្រះ។ ផ្អែកតាមការធ្វើកោសល្យវិច្ច័យគឺបណ្ដាលមកពីការជាប់ម៉ងនេសាទរបស់ប្រជានេសាទ ដោយបន្សល់ស្លាកស្នាមនៅពោះ គល់កន្ទុយ និងព្រុយចំហៀង។

អង្គការ WWF បានលើកឡើងថា កត្តាគំរាមកំហែងរបស់សត្វផ្សោតគឺបណ្ដាលមកពីការនេសាទហួសប្រមាណ និងមិនមាននិរន្ដភាព។ ក្រៅពីនេះការសាងសង់ទំនប់វារីអគ្គិសនីផ្នែកខាងលើទន្លេមេគង្គ និងបទល្មើសនេសាទ ក៏ជាផ្នែកមួយនៃបង្កការវិនាសដល់ថនិតសត្វនេះដែរ។
បើតាមការស្រាវជ្រាវរបស់ រដ្ឋបាលជលផល និងអង្គការ WWF នៅឆ្នាំ២០២០ នៅទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងមានសត្វផ្សោតចំនួន៨៩ ក្បាល។
រាជរដ្ឋាភិបាលថា បើគិតតែវិធានការរដ្ឋបាលសុទ្ធនោះមិនអាចថែរក្សាសត្វផ្សោតបាននោះទេ ត្រូវឱ្យប្រជានេសាទមានមុខរបរថ្មី និងផ្ដល់បណ្ណក្រីក្រជូនពួកគាត់។ នេះបើយោងទៅតាមប្រសាសន៍នាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣៕

Share

Image
Image
Image