en     km
en     km

ការបរិភោគផ្លែបំពេញរាជ្យឬកំពីងរាជ្យទាំងគ្រាប់អាចមានគ្រោះថ្នាក់ដល់ជីវិត

Share

ផ្លែបំពេញរាជ្យ ឬភាសានិយាយហៅ ផ្លែកំពីងរាជ្យ (Scientific name: Sandoricum koetjape, English name: Santol, Wild mangosteen) គឺជាប្រភេទផ្លែឈើមួយដែលប្រជាពលរដ្ឋកម្ពុជាស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា។ ប៉ុន្តែប្រជាពលរដ្ឋពិតជាមិនសូវចាប់អារម្មណ៍ថា ការបរិភាគផ្លែកំពីងរាជ្យទាំងគ្រាប់អាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កគ្រោះថ្នាក់ រហូតចាំបាច់ត្រូវព្យាបាលដោយការវះកាត់ទៀតផង។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

តើប្រព័ន្ធរំលាយអាហាររបស់មនុស្សអាចរំលាយ ឬកិនបំបែកគ្រាប់ផ្លែកំពីងរាជ្យនេះបានដែរឬទេ?

តាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត ជាធម្មតាគ្រាប់ផ្លែកំពីងរាជ្យមិនអាចរំលាយឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះនិងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

បើតាមមន្ទីរពេទ្យកាល់ម៉ែតដដែល ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែកំពីងរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្សមានដូចជា ៖ បង្កការរំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀន ដែលធ្វើឲ្យមានអាការៈ ឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះ​ មួលចង្អោរ ឬក្អួតជាដើម។ បន្ថែមពីនេះបង្កឲ្យរលាកផ្លូវរំលាយអាហារ ដែលមានអាការៈដូចជា ចុកពោះ រាគមួល និង គ្រុនក្ដៅ។  ម្យ៉ាងទៀតគឺ បង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់ជាដើម។

លើសពីនេះទៅទៀត ការបរិភោគផ្លែកំពីងរាជ្យទាំងគ្រាប់ អាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជា ៖

-គ្រាប់កំពីងរាជ្យនឹងកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំលាមកក្ដៀន បង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺទល់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង បរិភោគមិនបាន និងមានការក្អួតខ្លាំងក្រោយបរិភោគអាហារ។

-មួយវិញទៀត គ្រាប់កំពីងរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក អាចបង្កឲ្យមានការចាក់ធ្លុះធ្លាយដាច់ពោះវៀន​សាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite)។ នៅពេលអ្នកជំងឺទៅមន្ទីរពេទ្យយឺតពេល នោះនឹងមានការលំបាកក្នុងការសង្រ្គោះជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គលវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយ អ្នកឧស្សាហ៍ក្ដៀនលាមក ដែលពិបាកបន្ទោរបង់ជាដើម។ បន្ថែមពីនេះ មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវរំលាយអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។ ម៉្យាងទៀត ចំពោះអ្នកជំងឺដែលប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។

តាមការបកស្រាយខាងលើ បានបង្ហាញពីផលវិបាកនៃការបរិភោគផ្លែកំពីងរាជ្យទាំងគ្រាប់ តទៅនេះយើងនឹងលើកយកនៅវិធីព្យាបាលចំពោះផលវិបាកនៃការលេបគ្រាប់ផ្លែកំពីងរាជ្យ តាមការលើកឡើងពីមន្ទីរពេទ្យកាល់ម៉ែតដូចតទៅ៖

– ក្នុងករណីហូបគ្រាប់ផ្លែកំពីងរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់កំពីងរាជ្យទាំងនោះចេញមកវិញ។

– តែផ្ទុយទៅវិញ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែកំពីងរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

យ៉ាងណាមិញ មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ក្នុងរយៈពេលមួយខែចុងក្រោយ នៅមន្ទីរពេទ្យកាល់ម៉ែតបានទទួលព្យាបាលអ្នកជំងឺចំនួន៤នាក់ ដែលបានទទួលទានផ្លែកំពីងរាជ្យទាំងគ្រាប់ គឺទទួលការព្យាបាលដោយថ្នាំ និង ៣នាក់ទៀតរងផលវិបាកធ្ងន់ធ្ងរ ក្នុងនោះមានវ័យចំណាស់ម្នាក់អាយុជាង៧០ឆ្នាំរងផលវិបាកកម្រិតស្រាលដោយសារអ្នកជំងឺបរិភោគតិចគ្រាប់ (១នាក់អាយុ២៧ឆ្នាំ និង២នាក់ទៀតចន្លោះអាយុពី ៦០ឆ្នាំ ទៅ ៨០ឆ្នាំ) ដោយបង្កឲ្យធ្លាយពោះវៀនធំ និងសាយភាយមេរោគបណ្ដាលឲ្យរលាកស្រោមពោះខ្លាំង ហើយតម្រូវព្យាបាលដោយការវះកាត់។ តែទោះយ៉ាងណាអ្នកជំងឺបានធ្លាក់ក្នុងសភាពលំបាកក្នុងការសង្រ្គោះជីវិត។

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរពេទ្យកាល់ម៉ែតបានផ្តល់ដំបូន្មានដល់សាធារណជន មេត្តាកុំបរិភោគគ្រាប់ផ្លែឈើធំៗ ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារ ដូចជាគ្រាប់ផ្លែកំពីងរាជ្យនេះជាដើម ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត៕

Share

Image
Image
Image