en     km
en     km

លោក ហ៊ុន ម៉ាណែត ព្រមានប្ដឹងជនណា ដែលប្រើឈ្មោះលោក ធ្វើរឿងខុសច្បាប់

Share

លោកហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្រ្តី នាថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយណាដែលយកឈ្មោះរបស់លោកទៅប្រើប្រាស់ដើម្បីធ្វើរឿងខុសច្បាប់។ ជាមួយគ្នានេះលោកហ៊ុន ម៉ាណែត បានព្រមានប្តឹងដល់អ្នកដែលប្រើប្រាស់ឈ្មោះរបស់លោកទៅកាងធ្វើរឿងខុសច្បាប់ទៀតផង។ លោក គីម ចាន់ចាវ រាយការណ៍

តាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះនៅលើ Facebook ផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា ទោះបីជាជំនួយការដែលដើរជាមួយលោករាល់ថ្ងៃក្តី បើធ្វើខុសច្បាប់ សូមអាជ្ញាធរចាប់ចុះ ហើយបើអ្នកយកឈ្មោះលោកប្រើខុសច្បាប់ លោកនឹងប្តឹងបន្ថែមទៀត។

«អ្នកណាដែលយកឈ្មោះខ្ញុំ ជាជំនួយការស្អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ចាប់ទៅមិនបាច់ទទួលយោបល់ទេ ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី១អ្នកឯងធ្វើខុសច្បាប់ អាជ្ញាធរប្តឹង តែខ្ញុំនឹងប្តឹងរឿងយកឈ្មោះខ្ញុំទៅប្រើ។ អ្នកបានរូបថតមួយប៉ុស្តិ៍មកជាមួយខ្ញុំ ដើរទៅធ្វើបាបគេ ខ្ញុំថតសែលហ្វី ជាមួយរាប់រយរាប់ពាន់នាក់ អ្នកខ្លះអីចឹង។ ថ្ងៃមុនគេមកសួរខ្ញុំថា បងមានម្នាក់ថតរូបជាមួយបងឯង ទៅគៀបគេនៅកំពង់សោមថាជាជំនួយការផ្ទាល់បងឯង ហើយបងឯងឲ្យជាបេសកជនពិសេសចុះទៅចាប់ដី ចាប់ទៅ ចាប់មិនបាច់សួរទេ ជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឲ្យតែធ្វើខុសចាប់ទៅ និយាយឲ្យច្បាស់»។

លោកក៏បានលើកឡើងពីល្បិចជនទាំងនោះ ក្នុងការប្រើប្រាស់ឈ្មោះលោក ដើម្បីកាងផងដែរ។

«អ្នកខ្លះសុទ្ធថាជំនួយការគៀក ជំនួយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស អ្នកដែលគេថាឲ្យខ្ញុំថាជាជំនួយការពិសេស បេសកកម្មពិសេសចុះទៅយកដីខ្ញុំអត់ទាំងចាំថាថតពេលណាផង បេសកជនចាប់ដី ខ្ញុំថាមិនបាច់សួរទេឲ្យតែអ្នកខុសចាប់ទៅ ធ្វើតាមច្បាប់ទៅ ហើយប្រាប់ខ្ញុំស្រួលទៀត ខ្ញុំនឹងប្តឹងបន្តទៀត អីចឹងបើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្តឹងក៏នៅជាប់ពាក្យបណ្តឹងរបស់ខ្ញុំដែរ ព្រោះធ្វើឲ្យខូចឈ្មោះ ខំចង់ងាប់រកតែពេលជួបប្រពន្ធកូនពុំបាន មកសន្សំបុណ្យបានតិចៗ ស្រាប់តែគេយកមកកំពប់ចោលទាំងអស់»។

លោកហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំដើម្បីប្រព្រឹត្តិនូវអំពើមិនល្អនេះ គឺតែងកើតមានជារឿយៗ ដែលទង្វើនេះ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដ៏ទៃទៀត។ លោកថា យើងទាំងអស់គ្នាត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ៕

 

Share

Image
Image
Image