en     km
en     km

អង្គការសុខភាពពិភពលោកថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ធ្លាក់ចុះ ៩៥% ក្នុងឆ្នាំ២០២៣

Share

អង្គការសុខភាពពិភពលោកបានរាយការណ៍កាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានធ្លាក់ចុះរហូតដល់ ៩៥% ចាប់តាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ។ នេះជារបាយការណ៍ដែលគួរឱ្យត្រេកអរមួយ ក៏ប៉ុន្តែអង្គការសុខភាពពិភពលោកបានព្រមានប្រជាជាតិនៅទូទាំងសកលលោកថា មេរោគកូវីដ១៩ នៅតែបន្តកើតមាននៅឡើយ។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

បើយោងតាមសារព័ត៌មាន CNA ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ថា លោកមានក្តីសោមនស្សជាខ្លាំង ចំពោះការធ្លាក់ចុះនៃអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងសកលលោក។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា អ្នកស្លាប់បានធ្លាក់ចុះ ៩៥% ចាប់តាំងពីដើមឆ្នាំ២០២៣មក។

លោកTedros បានបន្ត ថា បច្ចុប្បន្នប្រទេសនានាបានយល់ដឹងពីរបៀបគ្រប់គ្រងស្ថានភាពនៅក្រោយពេល​​ផ្ទុះ​ជំងឺកូវីដ១៩ និងអំឡុងពេលជំងឺនេះនៅបន្តរ៉ាំរ៉ៃនៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសផលប៉ះពាល់ ដែលកើតមានចំពោះសុខភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួននៅបន្តការពារ និងអង្កេតពីអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅឡើយ។  ក្នុងនោះដែរ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា មនុស្សចំនួន ១៤,000 នាក់ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ។

យ៉ាងណាមិញ ប្រធានបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកូវីដ១៩ អ្នកស្រី Maria Van Kerkhove បាននិយាយថា កាលពីខែមករាកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានសង្កេតឃើញមានការបម្លែងថ្មីនៃខ្សែស្រឡាយអូមីក្រុង ដែលមានឈ្មោះថា XBB.1.16 ឬ ហៅ Arcturus តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។

គួរបញ្ជាក់ដែរថា មេរោគនេះរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយបន្តកើនឡើងជាលំដាប់នៅក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានសប្តាហ៍នេះ។ អ្នកស្រី Maria បានបញ្ជាក់ថា មេរោគបម្លែងថ្មី XBB.1.16 អាចចម្លងទៅមនុស្ស ដែលធ្លាប់បានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងជំងឺកូវីដ១៩​ពីមុនបាន។ អ្នកស្រីបានអំពាវនាវឱ្យប្រទេសទាំងអស់បន្តបង្កើនការឃ្លាំមើលតាមរយៈការធ្វើតេស្តរកមេរោគកូវីដ១៩ និងរក្សាគម្លាតពីមនុស្សដែលមានរោគសញ្ញានៃជំងឺកូវីដ១៩។

ដោយឡែក លោក Tedros  ដែលជាប្រធានអង្គការសុខភាពពិភពលោក បង្ហាញក្តីសង្ឃឹមយ៉ាងជឿជាក់ថា  ជំងឺកូវីដ១៩ នឹងអាចបញ្ចប់នៅក្នុងថ្ងៃណាមួយ ជាពិសេសជំងឺនេះនឹងលែងជាបន្ទុកផ្នែកសុខភាពសាធារណៈរបស់អន្តរជាតិទៀតហើយ។ លោកបានបន្តថា ប្រទេសទាំងអស់ត្រូវតែដោះស្រាយបញ្ហាថ្នាំបង្ការ មិនថាជាការប្រើប្រាស់ ភាពដែលអាចរកបាន ការចំណាយ ឬព័ត៌មានមិនពិតទាក់ទងនឹងជំងឺនេះក៏ដោយ៕

 

Share

Image
Image
Image