en     km
en     km

ប្រទេសសិង្ហបុរីប្រហារជីវិតបុរសម្នាក់ពីបទជួញដូរកញ្ឆា

Share

ប្រទេសសិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ពីបទជួញដូរកញ្ឆា ទោះបីជាមានការអង្វរសុំការលើកលែងទោសពីក្រុមគ្រួសារ សកម្មជន និងអង្គការសហប្រជាជាតិក៏ដោយ។

បុរសឈ្មោះ Tangaraju Suppiah អាយុ 46 ឆ្នាំត្រូវបានព្យួរកនៅពន្ធនាគារ Changi នៅព្រឹកព្រលឹមថ្ងៃពុធទី២៦ មេសា ឆ្នាំ២០២៣។សកម្មជនបាននិយាយថា លោក Tangaraju Suppiah ត្រូវបានកាត់ទោសដោយភស្តុតាងមិនច្បាស់លាស់ ហើយលោកអាចប្រើសិទ្ធិតាមផ្លូវច្បាប់នៅមានកម្រិតក្នុងអំឡុងពេលបើកសវនាការជំនំជំរះ។ទោះយ៉ាងណាអាជ្ញាធរ​បាន​និយាយ​ថា លោក Tangaraju Suppiah ​បាន​ទទួលការកាត់ក្ដីតាម​នីតិវិធី​ត្រឹមត្រូវ និង​បាន​រិះគន់​សកម្មជនដែលបានតវ៉ារឿងនេះ។

ប្រទេសសិង្ហបុរីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរឹងបំផុត ដោយអះអាងថាជាការចាំបាច់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀន។កាល​ពី​ឆ្នាំ​មុន ប្រទេស​នេះ​បាន​ប្រហារ​ជីវិត​មនុស្ស ១១ នាក់​ពី​បទ​ជួញដូរ​គ្រឿង​ញៀន រួម​ទាំង​បុរស​មានបញ្ហាខួរក្បាល​ម្នាក់​ពី​បទ​ជួញ​ដូរ​ហេរ៉ូអ៊ីនផងដែរ។

កាល​ពី​ថ្ងៃ​ពុធទី២៦ មេសា ឆ្នាំ២០២៣ ក្រុម​គ្រួសារ​របស់លោក Tangaraju Suppiah បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពន្ធនាគារ​នៅ​ភាគ​ខាង​កើត​ទីក្រុង។សកម្មជនប្រឆាំងការកាត់ទោសប្រហារជីវិតលោក Kirsten Han បានប្រាប់ BBC កាលពីថ្ងៃពុធថា “ក្រុមគ្រួសារបាននិយាយថាពួកគេនឹងមិនបោះបង់ចោលគាត់រហូតដល់ ទីបញ្ចប់។ វាជាបទពិសោធន៍ដ៏អាក្រក់សម្រាប់ពួកគេ” ។«​ពួកគេ​នៅ​មាន​ចម្ងល់​ជាច្រើន​ដែល​មិនទាន់​ដោះស្រាយ​អំពី​ករណី​នេះ និង​ភស្តុតាងដាក់បន្ទុក​គាត់​»​។

ម៉ាឡេស៊ីជាប្រទេសជិតខាងបានលុបចោលទោសប្រហារជីវិតនៅដើមខែនេះ។ គ្រឿងញៀនកញ្ឆា(Cannabis) ត្រូវបានដកចេញពីបញ្ជីគ្រឿងញៀនហាមឃាត់ក្នុងប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសថៃផងដែរ។

កាល​ពី​ថ្ងៃ​អង្គារទី២៥ មេសា ឆ្នាំ២០២៣ តុលាការ​សិង្ហបុរី​បាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​ដែលបាន​កាត់​ទោសលោក Tangaraju Suppiah កាលពី​ឆ្នាំ ២០១៨។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមគ្រួសារ និងសកម្មជនបានផ្ញើលិខិតទៅកាន់ប្រធានាធិបតីសិង្ហបុរីHalimah Yacob ស្នើសុំការលើកលែងទោស ខណៈដែលមហាសេដ្ឋីអង់គ្លេសលោក Sir Richard Bransonបានអំពាវនាវឱ្យបញ្ឈប់ការប្រហារជីវិត និងពិនិត្យឡើងវិញលើករណីនេះ។

អ្នកស្រី Leela Suppiah ជាប្អូនស្រីរបស់បុរសត្រូវកាត់ទោសប្រហារជីវិត បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា “ខ្ញុំដឹងថាបងប្រុសរបស់ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ខ្ញុំជំរុញឱ្យតុលាការពិនិត្យមើលករណីនេះតាំងពីដំបូង” ។

លោកTangaraju Suppiah ត្រូវ​បាន​កាត់​ទោស​ពី​បទ​ “​រួម​គំនិត​ក្នុង​ការ​ធ្វើ​ចរាចរណ៍គឿងញៀនកញ្ឆា” ប្រហែល១kg ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​ប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំ២០១៣។លោកមិនត្រូវបានគេរកឃើញ គ្រឿងញៀននៅជាប់ខ្លួន ឬអំឡុងពេលចែកចាយនោះទេ។ ប៉ុន្តែ​រដ្ឋអាជ្ញាសង្ហបូរី​បាន​និយាយ​ថា គាត់​​ទទួលខុសត្រូវ​ក្នុង​ការ​សម្របសម្រួល ហើយ​ពួកគេ​បាន​តាមដាន​លេខ​ទូរស័ព្ទ​ចំនួន​ពីរខ្សែ​ដែល​អ្នក​ចែកចាយគ្រឿងញៀន​ម្នាក់​បាន​ទូរសព្ទមកគាត់​។

ទោះជាយ៉ាងនេះក្ដីលោកTangaraju Suppiah ​បាន​អះអាង​ថា លោក​មិន​មែន​ជា​អ្នក​​ទាក់​ទង​ជាមួយ​អ្នក​ផ្សេង​អំពី​ករណី​នេះ​ទេ។ លោក​បាន​និយាយ​ថា លោក​បាន​បាត់​ទូរស័ព្ទ​មួយ​គ្រឿង ហើយ​បដិសេធ​ថា​មិន​មាន​ទូរស័ព្ទ​ទីពីរទេ។ នៅក្នុងបណ្តឹងឧទ្ធរណ៍ចុងក្រោយរបស់ Tangaraju Suppiah ចៅក្រមបានយល់ស្របជាមួយព្រះរាជអាជ្ញាថាគាត់ទទួលខុសត្រូវក្នុងការសម្របសម្រួលការបញ្ជូនគ្រឿងញៀន ដែលធ្វើឲ្យគាត់មិនអាចទទួលការសម្រាលទោសបាន៕

Share

Image
Image
Image