en     km
en     km

ប្រទេសចិនហាមវៀតណាម​នេសាទនៅសមុទ្រ​ចិន​ខាង​ត្បូង ​

Share

ហាណូយ៖ យោងតាមរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ទី២០ មេសា ឆ្នាំ២០២៣ ប្រទេសវៀតណាមបានហៅការដាក់បម្រាមប្រចាំឆ្នាំមិនឱ្យវៀតណាមនេសាទនៅក្នុងតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង ថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងជំរុញឱ្យទីក្រុងប៉េកាំងកុំធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។

 

ប្រទេស​ចិន​បាន​ដាក់​បម្រាម​នេះ​ជា​រៀង​រាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៩៩៩ ហើយ​វៀតណាម​តែង​តែ​ប្រឆាំង​នឹងបម្រាមរបស់ចិននេះជា​រៀងរាល់ឆ្នាំដែរ។ ប្រទេសចិនបានហាមឃាត់ការនេសាទចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី១៦ ខែសីហាក្នុងគោលបំណងដើម្បីលើកកម្ពស់ផលនេសាទប្រកបដោយនិរន្តរភាពនិងធ្វើអោយប្រសើរឡើងនូវបរិស្ថានសមុទ្រ។

តំបន់ហាមឃាត់នេសាទគ្របដណ្តប់លើផ្ទៃទឹក១២ ដឺក្រេខាងជើងនៃខ្សែអេក្វាទ័រ ដែលរួមបញ្ចូលផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ២០០ ម៉ាយរបស់វៀតណាម ក៏ដូចជាកោះ Paracel ដែលប្រទេសទាំងពីរកំពុងមានជម្លោះជាច្រើនទសវត្សរ៍មកហើយ។

លោក Doan Khac Viet អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា “អ្វីដែលហៅថាការហាមឃាត់ការនេសាទរបស់ប្រទេសចិនបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅតំបន់ Hoang Sa និងសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការនៅក្នុងដែនទឹកវៀតណាម និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន”។វៀតណាមហៅកោះ Paracel ជាភាសាខ្លួនថា Hoang Sa។ វៀត​ណាម​បាន​អំពាវ​នាវ​ឲ្យ​ចិន​គោរព​អធិបតេយ្យភាពខ្លួន​និង​«កុំ​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្មុគស្មាញបន្ថែមទៀត»។

ប្រទេសចិនទាមទារសមុទ្រចិនខាងត្បូងច្រើនជាង ៩០% ដែលជាតំបន់មានសក្តានុពលថាមពលរ៉ែប្រេងនិងឧស្ម័ន តាមរយៈខ្សែ “បន្ទាត់ប្រាំបួនកំណាត់” មានរាងអក្សរ U នៅលើផែនទីរបស់ខ្លួន ដែលលាតសន្ធឹងជ្រៅទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ) របស់ប្រទេសហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី។

ប្រទេសចិនបានដាក់ពង្រាយនាវារាប់រយគ្រឿង ដើម្បីពង្រឹងការទាមទារដែនទឹក ដែលមានចម្ងាយជាង ១ពាន់គីឡូម៉ែត្រពីដីគោករបស់ខ្លួន ហើយត្រូវបានប្រទេសជិតខាងមួយចំនួនចោទប្រកាន់ថា ចិនព្យាយាមរំខានដល់សកម្មភាពរុករករ៉ែនិងឧស្ម័នរបស់ពួកគេ។

កាលពីខែមុនសារព័ត៌មាន Reuters បានរាយការណ៍ថា កប៉ាល់វៀតណាមត្រូវចាប់បញ្ជូនទៅត្រួតពិនិត្យដោយឆ្មាំឆ្នេរសមុទ្រចិនដែលកំពុងល្បាតនៅជិតកន្លែងបូមប្រេងដែលដំណើរការដោយក្រុមហ៊ុនរុស្ស៊ី​​នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់វៀតណាម។ នេះជាសកម្មភាពនាវាល្បាតមួយក្នុងចំណោមនាវាល្បាតជាច្រើនទៀតរបស់ចិន។

 

Share

Image
Image
Image