en     km
en     km

តុលាការ​កំពូល​មី​យ៉ាន់​ម៉ា​នឹង​បើក​សវនាការ​លើ​បណ្តឹងលោកស្រី​ស៊ូ​ជី

Share

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា តុលាការកំពូលប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា នឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោកស្រី Aung San Suu Kyi ពីបទពុករលួយ និងការរំលោភលើច្បាប់បោះឆ្នោត និងច្បាប់កិច្ចការសម្ងាត់របស់រដ្ឋ។

ម្ចាស់ជ័យលាភីរង្វាន់ណូបែលវ័យ៧៧ឆ្នាំរូបនេះកំពុងជាប់ពន្ធនាគារ៣៣ឆ្នាំ ក្នុងសំណុំរឿងជាច្រើនដែលលោកស្រី ស៊ូជី បានហៅការកាត់ក្ដីនេះថាមិនសមហេតុផល ហើយសម្ព័ន្ធមិត្តលោកស្រីបាននិយាយថាការកាត់ទោសដែលធ្វើឡើងដោយរបបយោធា គឺដើម្បីបញ្ជប់អាជីពនយោបាយរបស់លោកស្រី។

គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មីក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែកងទ័ពបានចាប់ខ្លួនលោកស្រី បីខែបន្ទាប់ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារ។

ប្រភព​ដែល​​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថាមិនមាន​កាលបរិច្ឆេទច្បាស់លាស់អំពីសវនាការ​តុលាការ​កំពូល​លើ​បណ្តឹង​​របស់​លោកស្រី​ស៊ូជី ​និង​លោក Win Myint អតីត​ប្រធានាធិបតី​ភូមា​នោះ​ទេ។ប្រភព​ដដែល​បន្ត​ថា​៖ «​ថ្ងៃ​នេះ​ចៅក្រម​បាន​ទទួល​យក​សំណើ​ដើម្បី​ស្តាប់​បណ្តឹង​របស់លោកស្រីសូជី​ចំនួន៧ករណី​​។

អ្នកស្រី ស៊ូជី ដែលបានទទួលការអប់រំនៅសកលវិទ្យាល័យ Oxford បានចំណាយពេលស្ទើរពេញមួយជីវិតនៅឃុំដែលធ្វើដោយរដ្ឋាភិបាលយោធា ហើយបច្ចុប្បន្នលោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារក្នុងរដ្ឋធានី Naypyitaw។

លោកស្រីបានដឹកនាំប្រទេសមីយ៉ាន់ម៉ារយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ ២០១៥ បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការគ្រប់គ្រងដោយរបបយោធារយៈពេល ៤៩ ឆ្នាំនៅឆ្នាំ២០១១។របបយោធា​មីយ៉ាន់ម៉ាគ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោតឡើងវិញ ប៉ុន្តែ​កាលពី​ខែ​មុន​បាន​រំលាយ​គណបក្ស NLD និង​គណបក្ស​ជាច្រើន​ទៀត ​បន្ទាប់​ពី​គណបក្សទាំងនោះមិនបានបំពេញបែបបទ​ចុះ​ឈ្មោះគណបក្សតាមការកំណត់របស់ក្រុមយោធា។ គណបក្ស​របស់កងទ័ពមីយ៉ាន់ម៉ា​ត្រូវ​​គេ​រំពឹង​ថា​នឹង​គ្រប់គ្រង​ការបោះឆ្នោតនាពេលខាងមុខ៕

 

Share

Image
Image
Image