en     km
en     km

សហរដ្ឋ​អាមេរិក​​ថា​ការ​បែក​ធ្លាយ​ព័ត៌មានសម្ងាត់ថ្មីៗនេះជាហានិភ័យ​ធ្ងន់ធ្ងរ

Share

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានថ្លែងនៅថ្ងៃចន្ទទី១០ខែមេសាថា ការលេចធ្លាយឯកសារសម្ងាត់របស់អាមេរិក ដែលភាគច្រើនទាក់ទងនឹងជម្លោះអ៊ុយក្រែន គឺមានហានិភ័យ “ធ្ងន់ធ្ងរ” ប៉ះពាល់ដល់សន្តិសុខជាតិសហរដ្ឋអាមេរិក។

ក្រសួងយុត្តិធម៌អាមេរិកកំពុងស៊ើបអង្កេតការបែកធ្លាយព័ត៌មានជាច្រើន រួមទាំងព័ត៌មានសម្ងាត់អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។រូបថតនិងឯកសារជាច្រើនត្រូវបានគេឃើញនៅលើ Twitter, Telegram, Discord និងគេហទំព័រជាច្រើនទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោក Chris Meagher ជំនួយការលេខាធិការការពារជាតិទទួលបន្ទុកកិច្ចការសាធារណៈបាននិយាយថា ឯកសារដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងធ្វើឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត។ លោក Meagher បានប្រាប់អ្នកកាសែតថា “យើងនៅតែស៊ើបអង្កេតថាតើរឿងនេះកើតឡើងយ៉ាងដូចម្តេច និងមានទំហំប៉ុណ្ណា។ មានវិធីជាច្រើនដើម្បីពិនិត្យមើលថាតើព័ត៌មានទាំងនេះត្រូវបានចែកចាយដោយរបៀបណា និងផ្ញើទៅអ្នកណា” ។

ព័ត៌មានសម្ងាត់ទាំងនោះត្រូវបានគេលុបវាចេញអស់ហើយ លែងមាននៅលើគេហទំព័រនិងបណ្ដាញសង្គមដូចថ្ងៃបែកធ្លាយដំបូងៗនោះទៀតឡើយ។លោកMeagher បានបន្តទៀតថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មិនបានអត្ថាធិប្បាយពីបញ្ហានេះទេ រហូតដល់ព្រឹកថ្ងៃទី ៦ ខែមេសា ដែលជាថ្ងៃកាសែត New York Timesបានផ្សាយរឿងនេះ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា លោកប្រធានាធិបតី Joe Biden បានអត្ថាធិប្បាយអំពីការលេចធ្លាយព័ត៌មានសម្ងាត់ទាំងនេះ “កាលពីចុងសប្តាហ៍មុន” ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទជាក់លាក់នោះទេ។

ឯកសារជាច្រើនទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន ដូចជាព័ត៌មានការការពារដែនអាកាស ឬឯកសារផ្សេងទៀតស្តីពីកិច្ចខិតខំប្រឹងប្រែងលើឆាកអន្តរជាតិក្នុងការកសាងកងកម្លាំងយោធារបស់អ៊ុយក្រែនជាដើម៕

 

Share

Image
Image
Image