en     km
en     km

ចិនធ្ចើសមយុទ្ធបិទខ្ទប់តៃវ៉ាន់ជាថ្មីម្ដងទៀត

Share

តៃប៉ិ៖ យោធាចិនបានធ្វើសមយុទ្ធកងទ័ពអាកាស និងទ័ពជើងទឹកនៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃចន្ទទី១០ មេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយនៃកម្មវិធីសមយុទ្ធរបស់ខ្លួន ដោយមាននាវាផ្ទុកយន្តហោះចូលរួមផងដែរ។

ប្រទេសចិនបានធ្វើសមយុទ្ធរយៈពេលបីថ្ងៃពោលគឺតាំងពីថ្ងៃសៅរ៍ទី៨មេសា នៅពេលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានវិលត្រឡប់មកដល់ទីក្រុងតៃប៉ិវិញបន្ទាប់ពីបានប្រជុំនៅ Los Angeles ជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ។

ទូរទស្សន៍រដ្ឋចិនបានផ្សាយថា យន្តហោះចម្បាំង រួមទាំងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពដឹកគ្រប់បែកនុយក្លេអ៊ែរ និងនាវាចម្បាំងជាច្រើនគ្រឿងបានធ្វើសមយុទ្ធបង្កើត “ស្ថានភាពបិទខ្ទប់ជុំវិញកោះតៃវ៉ាន់” ។ការផ្សាយរបស់ទូរទស្សន៍ចិនបានរាយការណ៍ថា”នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ភាគពាយ័ព្យ ភាគនិរតី និងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ កងកម្លាំងចិនបានធ្វើសមយុទ្ធវាយប្រហារ បង្ហាញពីសមត្ថភាពប្រយុទ្ធរបស់ពួកគេ ដោយមានភាពបត់បែនដើម្បីដណ្តើមយកទីតាំងសំខាន់ៗ និងឆ្ពោះទៅមុខយ៉ាងលឿន»។

 

ទីបញ្ជាការឯកភាពភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនថ្លែងថានាវាផ្ទុកយន្តហោះ Shandong ក៏បានចូលរួមក្នុងការល្បាតប្រយុទ្ធ និងបង្ហាញយន្តហោះប្រយុទ្ធបានហោះចេញពីនាវាផងដែរ។តៃវ៉ាន់​​​​បាន​តាម​ដាននាវាផ្ទុកយន្តហោះ Shandong តាំង​ពី​សប្តាហ៍​មុន​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ក្រសួងការពារជាតិកោះតៃវ៉ាន់បានចេញផ្សាយផែនទីមួយសកម្មភាពកងទ័ពអាកាសចិននៅថ្ងៃចន្ទទី១០មេសានេះ ដោយ​​បង្ហាញពីយន្តហោះចម្បាំង J-15 របស់ចិនដែលមានមូលដ្ឋានលើនាវាចំនួន៤ ដែលកំពុងប្រតិបត្តិការនៅលើមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះទៅកាន់ភាគខាងកើតនៃកោះតៃវ៉ាន់។

ប្រភពដដែលបានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃចន្ទទី១០មេសានេះ គេបានប្រទះឃើញយន្តហោះយោធាចិនចំនួន៥៩គ្រឿង និងកប៉ាល់ចម្បាំងចំនួន១១គ្រឿងនៅជុំវិញកោះតៃវ៉ាន់ ហើយក្រុមនាវា Shandong កំពុងហ្វឹកហាត់សមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

ប្រទេសជប៉ុនបានថ្លែងនៅថ្ងៃចន្ទទី១០មេសាថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខ្លួនបានឃើញយន្តហោះ ចិនហោះឆ្លែលឆ្វាត់និងចុះចតនៅនាវាផ្ទុកយន្តហោះដែលដាក់ពង្រាយនៅភាគខាងត្បូងជិតប្រទេសជប៉ុន និងកោះតៃវ៉ាន់។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កងនាវា Shandong បានធ្វើប្រតិបត្តិការតាមផ្លូវអាកាសនៅក្នុងដែនទឹកនៅជិតប្រជុំកោះ Okinawan របស់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា បុគ្គលិកជប៉ុនបានសង្កេតឃើញនាវា Shandong និងនាវាកងទ័ពជើងទឹកចិនជាច្រើនគ្រឿងទៀតនៅក្នុងតំបន់ភាគខាងត្បូងនៃកោះ Miyako តាំងពីថ្ងៃសុក្រទី៧ មេសា។

សេចក្តីថ្លែងការណ៍របស់ជប៉ុនបានថ្លែងថា នាវាទាំងនោះត្រូវបានគេប្រទះឃើញនៅចន្លោះពី ២៣០ទៅ៤៣០គីឡូម៉ែត្រនៅភាគខាងត្បូងនៃកោះ Miyako នៅភាគខាងត្បូងនៃប្រទេសជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនបាននឹងកំពុងតាមដានសមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់ “យ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត” ។ ប្រទេសជប៉ុនមានការព្រួយបារម្ភជាយូរមកហើយអំពីសកម្មភាពយោធារបស់ចិននៅក្នុងតំបន់នេះ ដោយសារកោះភាគខាងត្បូងរបស់ជប៉ុនស្ថិតនៅជិតកោះតៃវ៉ាន់៕

 

Share

Image
Image
Image