en     km
en     km

លោក BLINKEN នឹងធ្វើទស្សនកិច្ចនៅវៀតណាម

Share

ហាណូយ៖ យោងតាម C N A រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ។នេះបើតាមការលើកឡើងរបស់ព្រឹទ្ធសមាជិក Jeff Merkley នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ ទី៨ មេសាឆ្នាំ ២០២៣។

 

ដំណឹងនៃដំណើរទស្សនកិច្ចរបស់លោក Blinkenពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បាននិយាយទូរស័ព្ទជាមួយប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trongកាលពីសប្តាហ៍មុន។

 

សហរដ្ឋអាមេរិកសង្ឃឹមថានឹងធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងហាណូយកាន់តែប្រសើរឡើង ស្របពេលខួបលើកទី១០ក្នុងខែកក្កដានៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។

ព្រឹទ្ធសមាជិក Merkley បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមថា “សប្តាហ៍ក្រោយលោករដ្ឋមន្ទ្រី Blinkenនឹងមកទីនេះ” ។

 

លោក Blinken ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដែលទំនងជានៅថ្ងៃសៅរ៍ទី១៥ មេសា មុនពេលលោកធ្វើដំណើរទៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំងប្រាំពីរ (G7) ក្នុងប្រទេសជប៉ុននៅថ្ងៃទី ១៦ ដល់១៨ ខែមេសា។

 

នៅក្នុងជំនួបតាមទូរសព្ទ លោក Biden និង Trong បានព្រមព្រៀងគ្នាក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរ ប៉ុន្តែមិនមានការអត្ថាធិប្បាយច្បាស់លាស់ណាមួយអំពីវិធីធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងនោះទេ។

 

មុនពេលជួបគ្នាតាមទូរសព្ទរបស់លោក Biden និង Trong អ្នកវិភាគជាច្រើនបាននិយាយថា វៀតណាមមានការប្រុងប្រយ័ត្នចំពោះការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាមេរិក ដោយខ្លាចបង្កឱ្យមានភាពតានតឹងជាមួយប្រទេសចិន។

 

ទោះបីជាសហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក៏ដោយ ក៏សហរដ្ឋអាមេរិកបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាដៃគូការទូតលំដាប់ទីបីសម្រាប់ទីក្រុងហាណូយ។ ចំណាត់ថ្នាក់កំពូលរបស់វៀតណាម​មាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ខណៈកម្រិតទីពីររបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនចង់ចូលរួម រួមមានប្រទេសអឺរ៉ុប និងជប៉ុន៕

 

Share

Image
Image
Image