en     km
en     km

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

Share

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង KCNA បាន បង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មីដែលមានទំហំតូចជាងមុន ខណៈដែលមេដឹកនាំគីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការផលិតវត្ថុធាតុសម្រាប់កសាងអាវុធនុយក្លេអ៊ែរបន្ថែមទៀត។​រាយការណ៍ដោយ….

KCNA បានចេញផ្សាយរូបភាពក្បាលគ្រាប់ដែលមានឈ្មោះថា Hwasan-31 ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ ជាកន្លែងដែលលោកបានត្រួតពិនិត្យអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី និងបច្ចេកវិទ្យាសម្រាប់ដំឡើងក្បាលគ្រាប់នៅលើមីស៊ីលផ្លោង ក៏ដូចជាផែនការប្រតិបត្តិការប្រឆាំងនុយក្លេអ៊ែរផងដែរ។

 

អ្នកជំនាញនិយាយថា រូបភាពទាំងនេះអាចបង្ហាញពីវឌ្ឍនភាពនៃក្បាលគ្រាប់ធុនតូចមានកម្លាំងខ្លាំង មានទំហំតូចល្មមអាចបំពាក់លើកាំជ្រួចផ្លោងអន្តរទ្វីបដែលមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិកបាន។

លោក Kune Y.Suh សាស្ត្រាចារ្យទទួលបន្ទុកផ្នែកវិស្វកម្មនុយក្លេអ៊ែរនៅសាកលវិទ្យាល័យជាតិសេអ៊ូល បាននិយាយដោយប្រៀបធៀបក្បាលគ្រាប់ថ្មីទៅនឹងគ្រាប់ចាស់កាលពីឆ្នាំ ២០១៦ថា “វាមានថាមពលខ្លាំងជាង  នោះជារឿងគួរឱ្យព្រួយបារម្ភ” ។

 

KCNA បានផ្សាយថា លោកគីម ជុងអ៊ុន បានបញ្ជាឱ្យផលិតវត្ថុធាតុដែលអាចផលិតអាវុធនុយក្លែអ៊ែរបាន​ ដើម្បីបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំង “ឱ្យបានច្រើននិងឆាប់រហ័ស”។លោក គីម បាននិយាយថា សត្រូវដែលកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងត្រូវវាយប្រហារ មិនមែនជារដ្ឋ ឬក្រុមណាមួយជាក់លាក់នោះទេ គោលនយោបាយពង្រីកឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង គឺមានគោល​បំណងតែមួយគត់ គឺដើម្បីការពារប្រទេសឱ្យមានសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 

ប្រទេសកូរ៉េខាងជើងបាននិងកំពុងបង្កើនការសាកល្បងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីកាលពីថ្ងៃចន្ទទី២៧ មីនា ២០២៣និងក្លែងធ្វើជាការវាយប្រហារនុយក្លេអ៊ែរកាលពីសប្តាហ៍មុនប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលខ្លួនបានចោទថាបានហាត់សមដើម្បីឈ្លានពានពួកគេ។

KCNA បានបានឱ្យដឹងបន្ថែមថា យោធាកូរ៉េខាងជើងបានក្លែងធ្វើដូចជាការប្រើអាវុធនុយក្លេអ៊ែរជាមួយនឹងមីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួនពីរក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃច័ន្ទទី២៧ មីនា ២០២៣។ក្រុង​ព្យុង​យ៉ាង​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តថាបាន​បង្ក​ភាព​តានតឹង និង​ធ្វើ​សមយុទ្ធ​ដើម្បី​ហាត់​សម​ការ​ឈ្លានពាន។

ការអត្ថាធិប្បាយនៅក្នុងសារព័ត៌មាន Rodong Sinmun ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បាននិយាយថា សមយុទ្ធ ជាពិសេសពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ សំដៅលើ “ការប្រកាសសង្រ្គាមដោយបើកចំហ”និងការត្រៀមរៀបចំ”ការវាយប្រហារទុកជាមុន”ប្រឆាំងនឹងកូរ៉េខាងជើង​។​សមយុទ្ធ​យោធា​នៅ​តំបន់​អាយ៉ង​មិន​ត្រឹមតែ​ជា​សមយុទ្ធ​យោធា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​សមយុទ្ធ​នុយក្លេអ៊ែរ​សម្រាប់​ត្រៀមការ​វាយ​ប្រហារ​ទុក​ជា​មុន យោង​តាម​ជម្រើស​នយោបាយ និង​យោធា​របស់​អាមេរិក​ដើម្បី​បង្កើន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយ​កូរ៉េខាងជើង ហើយ​ទីបំផុត​នាំ​ឲ្យ​មាន​សង្គ្រាម​»។

Share

Image
Image
Image