ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បាននិយាយនៅពិធីដង្ហែក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំថាខ្លួននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្វីដែលលោកបានពិពណ៌នាថាជាអំពើភេរវកម្ម។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ច្បាស់ៗថា លោកនិងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងក្រុមប្រឆាំងនឹងរបបយោធា ដែលលោកកំពុងតែគ្រប់គ្រង។
លោកបានបន្ថែមថា ប្រទេសដែលថ្កោលទោសលោកពីការធ្វើរដ្ឋប្រហារកន្លងទៅនេះ លោកថាពួកគេខុសទាំងស្រុង និងជាអ្នកគាំទ្រភេរវកម្ម។ លោកថា ពួកគេគួរតែងាកមកចូលរួមជាមួយរបបយោធាវិញ ដើម្បីធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។
គួរបញ្ជាក់ថា ជម្លោះផ្ទៃក្នុងនៃប្រទេសភូមាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយប្រជាពលរដ្ឋជាងមួយលាននាក់ត្រូវភៀសខ្លួនចាកចេញពីស្រុកកំណើត។
សូមរំលឹកថា ឧត្ដមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១៕