ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងថា ករណីរឿងចោរកម្ម លួច ឆក់ ប្លន់ ក្នុងប្រទេសកម្ពុជាកន្លងទៅ មិនជាប់ពាក់ព័ន្ធនឹងការលើកលែងទោសដល់ទណ្ឌិតនោះទេ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីដូច្នេះ គឺនៅក្នុងកិច្ចប្រជុំមួយជាមួយព្រះរាជអាជ្ញានៃសាលាដំបូងទូទាំងប្រទេស នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ ។
លោក អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា ជនល្មើសពីររូបដែលលោកនាយកបានលើកឡើងក្នុងពេលកន្លងទៅ មិនមែនជាទណ្ឌិតដែលក្រសួងយុត្តិធម៌ និងមន្ត្រីពន្ធនាគារដោះលែង ឬត្រូវរត់ចេញពីពន្ធនាគារនោះទេ ដោយជនឈ្មើសនោះគឺជាទណ្ឌិតដែលរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចប៉ុណ្ណោះ។
លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងថា នៅក្នុងករណីខាងលើនេះ ព្រះរាអាជ្ញាសាលាដំបូងទាំងអស់ត្រូវតែអនុវត្តសាលក្រមឱ្យបានត្រឹមត្រូវ និងត្រូវចាប់ជនល្មើសឱ្យបាន។ លោកថា ក្រសួងយុត្តិធម៌ នឹងរៀបចំកិច្ចប្រជុំមួយ នៅទី២២ ខែធ្នូ ខាងមុខ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ និងមន្ត្រីកងរាជអាវុធហត្ថ ដើម្បីរួមគ្នាពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាអសកម្មនៅក្នុងសង្គម។
សូមបញ្ជាក់ថា កន្លងទៅប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម បានលើកឡើងស្រដៀងគ្នាថា ករណីករណីអំពើចោរកម្ម លួច ឆក់ ប្លន់ ក្នុងប្រទេសកម្ពុជា គឺទំនងជាអាចជាប់ពាក់ព័ន្ធនឹងការដោះលែងទណ្ឌិត ចេញពីពន្ធនាគារ។
នាពេលថ្មីៗនេះ បន្ទាប់ពីមានអំពើប្លន់ប្រដាប់អាវុធកើតឡើងជាបន្តបន្ទាប់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ករណីអតីតទណ្ឌិត ដែលជាប់ពាក់ព័ន្ធបទល្មើសប្លន់ប្រដាប់អាវុធមួយចំនួន នៅពេលដែលដោះលែងឱ្យមានសេរីភាព តែងតែបន្តសកម្មភាពលួច ឆក់ ប្លន់ដដែល៕