ម៉ានីល៖ អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២ ខែមីនា ឆ្នាំ២០២៣ថាកប៉ាល់ហ្វីលីពីនមានផ្ទុកប្រេង ៨០០,០០០ (៨០ម៉ឺនលីត្រ) បានលេចធ្លាយប្រេងចូលក្នុងសមុទ្រ ខណៈក្រុមនាវិកកំពុង ស្វែងរកកប៉ាល់មកផ្ទេរប្រេងដែលកំពុងលេចធ្លាយនេះ។
កប៉ាល់ឈ្មោះ Princess Empress បានចេញដំណើរពីខេត្ត Bataan ជិតរដ្ឋធានី Manila ទៅកាន់ខេត្ត Iloilo ភាគកណ្តាលកាលពីថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ដំបូងឡើយឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានរាយការណ៍ថាប្រេងដែលបានលេចធ្លាយគឺប្រេងម៉ាស៊ូតសម្រាប់ចាក់ម៉ាស៊ីនកប៉ាល់ មិនមែនប្រេងឆៅដែលផ្ទុកលើកប៉ាល់នោះទេ។
ប៉ុន្តែក្រោយមកបាននិយាយថាលទ្ធផលធ្វើពិសោធទឹកបានបង្ហាញថាមានប្រេងឧស្សាហកម្មខ្លះក៏បានលេចធ្លាយចេញពីកប៉ាល់ចូលក្នុងទឹកសមុទ្រផងដែរ ដែលបង្កឱ្យមានការព្រួយបារម្ភចំពោះជីវិតសត្វសមុទ្រនិងជីវៈចម្រុះនៅក្នុងតំបន់នេះ។នេះបើយោងតាមឆ្មាំឆ្នេរសមុទ្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ ខែមីនា ឆ្នាំ២០២៣។ឆ្មាំឆ្នេរសមុទ្របាននិយាយថា ប្រេងបានលេចធ្លាយនិងអណ្ដែតពាសពេញផ្ទៃសមុទ្រប្រហែល២៤គីឡូម៉ែត្រការ៉េគិតត្រឹមថ្ងៃពុធទី១ខែមីនាឆ្នាំ២០២៣។
រហូតមកល់ពេលនេះគេមិនដឹងថាមានប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈឧស្សាហ៍កម្មចំនួនប៉ុន្មានលីត្របានលេចធ្លាយចូលក្នុងទឹកសមុទ្រនោះទេ។អភិបាលខេត្តលោក Humerlito Dolor បាននិយាយថាអ្នកបច្ចេកទេសកំពុងស្វែងរកកន្លែងលេចធ្លាយនៅលើកប៉ាល់ដឹកប្រេងដែលគេប៉ាន់ស្មានថាមានកម្ពស់ ៤៦០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
លោកអភិបាលខេត្ត Dolor បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ឆ្មាំឆ្នេរសមុទ្របានប្រាប់ពួកយើងថាពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហូរប្រេងចេញនៅពេលដែលពួកគេរកទីតាំងលេចធ្លាយឃើញ”។
“ជាអកុសលបន្ទាប់ពីការឃ្លាំមើលពីលើអាកាសដោយយន្តហោះចំនួនពីរ យើងនៅតែមិនអាចរកឃើញទីតាំងលេចធ្លាយពិតប្រាកដនៅឡើយ”។
អ្នកនេសាទ និងប្រតិបត្តិករទេសចរណ៍នៅតាមឆ្នេរសមុទ្រ ពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវទឹកនិងសមុទ្រសម្រាប់ចិញ្ចឹមជីវិត ហើយមានការព្រួយបារម្ភថា ការលេចធ្លាយនេះអាចប្រឈមនឹងហានិភ័យ។
មន្ត្រីគ្រោះមហន្តរាយក្រុង Bongabong លោក Michael Fanoga បាននិយាយថា អ្នកនេសាទបានត្អូញត្អែរអំពី “ក្លិនស្អុយ” ប្រហែលពីរគីឡូម៉ែត្រពីឆ្នេរសមុទ្រ។លោកFanoga បាននិយាយថា “ប្រសិនបើវារីករាលដាលនៅតាមច្រាំងសមុទ្រ ឆ្នេរ និងផ្កាថ្មដែលនៅសេសសល់របស់យើងនឹងត្រូវបំផ្លាញ “។
ប្រភព៖ C N A ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣