en     km
en     km

សត្វផ្សោតបីក្បាលទៀតបានស្លាប់ដោយសារការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោត

Share

ភ្នំពេញ៖ សត្វផ្សោតវ័យបន្តពូជបីក្បាលបានស្លាប់​ជាបន្តបន្ទាប់ ដោយសារ​ការកើនឡើងនៃការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោត។នេះបើតាមការបញ្ជាក់របស់អង្គការ WWF លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

រយៈពេលមិនដល់១០ថ្ងៃនោះទេ សត្វផ្សោតទន្លេក្នុងខេត្តក្រចេះបានបន្តស្លាប់ជាបន្តបន្ទាប់ ដោយសារទង្វើនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត។នេះបើតាមការរកឃើញដោយអង្កការ WWF ។

បើតាមទំព័រហ្វេសប៊ុករបស់អង្គការ WWF បានបង្ហោះករណីសត្វផ្សោតបានស្លាប់គឺនៅកាលពីថ្ងៃទី១៨ ខែធ្នូមួយ ហើយថ្ងៃទី២២ ខែធ្នូស្លាប់មួយទៀត ចំណែកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២២រកឃើញស្លាប់បីតែម្តង ដោយការស្លាប់នៃសត្វផ្សោតទាំង៥នេះ សុទ្ធសឹងបណ្តាលមកសកម្មភាពនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សនៃខេត្តក្រចេះ។

វិទ្យុស្រ្តីបានទាក់ទងសុំការឆ្លើយតបពីមន្រ្តីនៃមន្ទីរកសិកម្មខេត្តក្រចេះ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្មតែមិនទាន់មានចម្លើយព្រោះមន្រ្តីទាំងនោះជាប់រវល់ប្រជុំនិងខ្លះមិនទទួលទូរស័ព្ទ។

បើតាមទំព័រហ្វេសប៊ុករបស់អង្គការ WWF សត្វផ្សោតចំនួនបីដែលបានស្លាប់កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២២ថ្មីៗនេះ បានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។​ ស្លាកស្នាមលើខ្លួនសត្វផ្សោត បើតាមក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បញ្ជាក់ថា បណ្តាលមកពីរមួលខ្លួនជាប់នឹងសន្ទូចរនងរបស់អ្នកនេសាទ ហើយផ្សោតដែលស្លាប់ចំនួនពីរផ្សេងទៀតកាលពីជាង៥ថ្ងៃមុននោះ គឺបណ្តាលមកពីជាប់មងរបស់អ្នកនេសាទដូចគ្នា។

សត្វផ្សោតស្លាប់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។រូបភាពពីហ្វេសប៊ុកWWF។

 

ផ្អែកតាមការពិនិត្យពីក្រុមជំនាញសត្វផ្សោតដែលបានស្លាប់សុទ្ធសឹងជាផ្សោតពេញវ័យបន្តពូជមានប្រវែងជាង២ម៉ែត្រអាយុចន្លោះពី ៧ ទៅ ១០ឆ្នាំហើយទម្ងន់ជាង ១០០គីឡូក្រាម។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា និយាយថា៖«ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។»

សម្រាប់លោក សេង ទៀក ដើម្បីទប់ស្កាត់សោកដកម្មនេះបាន គឺគ្មានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង និងជាបន្ទាន់លើសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។

លោក សេង ទៀក បានទទូចបន្ថែមដល់ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត»។ បន្ថែមពីលើការល្បាតនេះ លោកថា ត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀតឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។

សត្វផ្សោតស្លាប់ដោយសារជាប់សន្ទូចរបស់អ្នកនេសាទ។រូបភាពពីហ្វេសប៊ុកWWF។

 

ជាកំណត់សម្គាល់របស់អង្គការWWF រដូវប្រាំងចាប់ពីខែធ្នូ ដល់ខែ ឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ ព្រោះនៅពេលទឹកស្រក់ សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ហេតុដូចនេះហើយទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់។ អង្គការWWF ថាក្នុងអំឡុងពេលនេះជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។

លោក សេង ទៀក បានសង្កត់ធ្ងន់ទៀតថា៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។

សូមបញ្ជាក់ថា សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ ពោលគិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២។ រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ដើម្បីការពារសត្វផ្សោតដែលនៅសេសសល់ឲ្យជៀសផុតពីការស្លាប់ដោយសារការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សសត្វផ្សោត៕

Share

Image
Image
Image