en     km
en     km

កសិករម្នាក់ចែករំលែកបទពិសោធន៍ជ្រើសរើសសណ្ឋានដីដំាដំឡូងមីឱ្យទទួលផលល្អ

Share

ភ្នំពេញ៖ លោក ឡិច ជាកសិករម្នាក់រស់នៅភូមិព្រេន​ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានបង្ហាញដោយចែករំលែកបទពិសោធន៍និងបច្ចេកទេសមួយចំនួនក្នុងការដាំដំណាំដំឡូងមីឱ្យទទួលបានទិន្នផលល្អដល់យុវជនជាសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី«យុវជននិងសេចក្តីរាយការណ៍ព័ត៌មានតាមទូរស័ព្ទ»ឬហៅថា«អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)»កាលពីថ្ងៃ២៧​ ខែឧសភា ឆ្នាំ២០២២។

លោក ឡិច កាប់ដីរៀបចំដាំដំឡូងមីជាថ្មី។

 

លោក ឡិច ដែលមានបទពិសោធន៍ដំាដំឡូងមីរយៈពេលជាង ៥ ឆ្នាំប្រាប់ឱ្យដឹងថា ដើម្បីដាំដំឡូងមីបានផលល្អកសិករគប្បីជ្រើសរើសដីដែលមិនដក់ជាំទឹកឬដីសើមពេក ព្រោះអាចបណ្តាលឱ្យមើមដំឡូងរលួយ។

តែយ៉ាងណាលោកបន្ថែមថា ដំណាំនេះត្រូវការទឹកករណីមានភ្លៀងធ្លាក់ច្រើនរឹតតែល្អ ហើយក៏ឆាប់ទទួលផលផងដែរ។

កសិកររូបនេះសង្កេតឃើញថា ដំណាំដំឡូងមីនេះជាប្រភេទដំណាំដែលប្រជាកសិករចូលចិត្តដាំព្រោះងាយស្រួលលក់ចេញដោយមានឈ្មួញមកទទួលទិញដើម្បីនាំយកចេញទៅប្រទេសក្រៅ។ លោកបន្ថែមទៀតថា មូលហេតុដែលលោកសម្រេចចិត្តដាំដំណាំដំឡូងមីនេះ ព្រោះងាយស្រួលដាំដោយសាររុក្ខជាតិប្រភេទនេះមិនរើសរដូវ ពោលឱ្យតែតំបន់មានភ្លៀងធ្លាក់ច្រើនគឺធ្វើឱ្យដំណាំកាន់តែល្អ។ មួយវិញទៀតដំឡូងមីមានតម្លៃល្អលើទីផ្សារដែលអាចឱ្យកសិករទទួលចំណូលបានល្អប្រសើរពេលប្រមូលផលលក់ម្តងៗ។

បើទោះបីជាដំណាំនេះមានតម្លៃល្អលើទីផ្សាយក៏ដោយតែសម្រាប់ការចំណាយលើការថែទាំក៏ត្រូវចំណាយច្រើនដែរ ពិសេសតម្លៃថ្នាំនិងជីបានហក់កើនឡើងជាបន្តបន្ទាប់។

លោក ឡិច ត្រៀមពូជដំឡូងមីដើម្បីបន្តការដាំដោះបន្ថែមឆ្នាំនេះ។

 

សូមបញ្ជាក់ថា តម្លៃដំឡូងមីជាទូទៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ២០២២នេះ សម្រាប់ដំឡូងមីស្រស់ មានតម្លៃចន្លោះពី ៣២០រៀល ទៅ ៣៨០រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯដំឡូងមីក្រៀមវិញ មានតម្លៃ ៧៥០រៀលក្នុងមួយគីឡូក្រាម។ ក្នុងនោះ ប្រទេសវៀតណាម នៅតែជាទីផ្សារគោលដៅចម្បងសម្រាប់ការនាំចេញដំឡូងមីរបស់កម្ពុជា។

របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាល​បង្ហាញ​ថា ការ​នាំ​ចេញ​ដំឡូង​មី និង​ផលិតផល​ដំឡូង​មី ក្នុង​ឆ្នាំ ២០២១ សម្រេច​បាន​ជិត​ ២ ​លាន ​៨ ​សែន​តោន​។ ក្នុង​នោះ​ចំណិត​ដំឡូង​មី​ក្រៀម មាន​ជាង​ ១ លាន ​៦ ​សែន​តោន កើន​ជាង ៨%​។ ដំឡូង​មី​ស្រស់នាំ​ចេញ​បានជាងមួយលាន​តោន កើន​ជាង ៥២%។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មធ្លាប់​​ថ្លែងថា ដំណាំ​ដំឡូងមី គឺជា​ដំណាំ​កសិឧស្សាហកម្ម និង​ជា​ផលិតផល​នាំ​ចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​បាន​រួម​ចំណែក​ពី ៣-៤ ភាគរយនៃ GDP ក្នុង ១ ឆ្នាំៗ៕

អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី  ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។

Share

Image
Image
Image