en     km
en     km

ការស្រាវជ្រាវថ្មីមួយជំរុញឱ្យកម្ពុជាវិនិយោគថែមលើវិស័យអប់រំ បន្ទាប់ពីកុមារខាតរៀនច្រើនដោយសារកូវីដ

Share

ការស្រាវជ្រាវថ្មីមួយជំរុញឱ្យកម្ពុជាវិនិយោគថែមទៀតលើវិស័យអប់រំ បន្ទាប់ពីរកឃើញថាកុមារខាតរៀនច្រើនដោយសារកូវីដ-១៩។ នេះបើតាមរបាយការណ៍មួយផ្សាយដោយអង្គការយូនីសេហ្វកាលពីថ្ងៃអង្គារ។

ការស្រាវជ្រាវថ្មីមួយជំរុញឱ្យកម្ពុជាវិនិយោគថែមទៀតលើវិស័យអប់រំ បន្ទាប់ពីរកឃើញថាកុមារខាតរៀនច្រើនដោយសារកូវីដ-១៩។ នេះបើយោងតាមរបាយការណ៍មួយផ្សាយដោយអង្គការយូនីសេហ្វកាលពីថ្ងៃអង្គារ។ សេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វបានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃលើការរៀនសូត្រនៅថ្នាក់ទី៦ របស់កុមារចំនួន ៦ ពាន់នាក់ នៅក្នុង ២៣០ សាលារៀនទូទាំងប្រទេស អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការគាំទ្រពីយូនីសេហ្វ និងពីដៃគូមួយចំនួនទៀត។

ជា«លទ្ធផលថ្មីគួរឱ្យភ្ញាក់ផ្អើល» គឺថា«ការសិក្សារបស់កុមារ​បានធ្លាក់ចុះ​នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត» ហើយថា «ដោយប្រៀបធៀប​ជាមួយ​ការវាយតម្លៃដូចគ្នានៅឆ្នាំ២០១៦ ភាគរយ​នៃសិស្សានុសិស្ស ដែលមិនអាចបង្ហាញអំពី​ជំនាញចំណេះដឹងមូលដ្ឋាន​ផ្នែកភាសាខ្មែរ បានកើនឡើងពី ៣៤ ភាគរយ ទៅ ៤៥ ភាគរយ និងផ្នែកគណិតវិទ្យា ​បានកើនឡើង​ពី ៤៩ ភាគរយ ទៅ ៧៤ ភាគរយ»។

សាលារៀននៅប្រទេសកម្ពុជា​បានបិទទ្វារអស់រយៈពេល ២៥០ ថ្ងៃ នៅឆ្នាំ២០២០ និងឆ្នាំ២០២១។ ចំនួននេះស្ទើរតែស្មើនឹង​ ២​ ភាគ ៣ ​នៃឆ្នាំសិក្សាចំនួនពីរឆ្នាំ។

លទ្ធផលនៃការវាយតម្លៃ​លើការរៀនសូត្រនេះ​បង្ហាញថា ទោះបីជា​សិស្សានុសិស្ស​ទាំងអស់​បានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រ បន្ទាប់ពីការបិទសាលារៀនទាំងនេះក្ដី ផលប៉ះពាល់​មិនមានលក្ខណៈដូចៗគ្នាឡើយ។ ម្យ៉ាង កុមារាបានបាត់បង់ការរៀនសូត្រច្រើនជាងមុន និង​ទទួលបានលទ្ធផលខ្សោយជាងមុននៅក្នុងការធ្វើតេស្ត ពោលគឺកុមារាចំនួន ៥៥ ភាគរយ ត្រូវបានវាយតម្លៃថាមិនសម្រេចបាន​ជំនាញ ចំណេះដឹង​មូលដ្ឋាន ផ្នែកភាសាខ្មែរឡើយ ​នៅឆ្នាំ២០២១ ធៀបនឹងកុមារីដែលមានចំនួន ៣៤ ភាគរយ។​ ម្យ៉ាងទៀត សាលារៀននៅទីក្រុងបានជួបប្រទះនឹងការបាត់បង់ការរៀនសូត្រក្នុងកម្រិតខ្ពស់ជាងពីមុន ទោះបីជាសាលានៅទីក្រុងបន្តមានលទ្ធផលសិក្សាខ្ពស់ជាងសាលានៅទីជនបទក៏ដោយ។ ជាក់ស្ដែង ចំនួន​សិស្សានុសិស្ស​ដែលមិនសម្រេចបាននូវ​ស្តង់ដារកម្រិតមូលដ្ឋាន​ក្នុងមុខវិជ្ជាគណិតវិទ្យា ​បានកើនឡើងពី​​ចំនួន ៣០ ភាគរយ ទៅ ៦២ ភាគរយ ​នៅសាលារៀនក្នុងទីក្រុង ខណៈដែលសាលារៀនក្នុងទីជនបទ មានសិស្សានុសិស្សមិនបានសម្រេចនូវស្តង់ដារទាំងនោះ បានកើនទ្បើងពី ៥៤ ភាគរយ ទៅ ៧៧ ភាគរយ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សកាន់តែច្រើនត្រូវបានរកឃើញថាធ្លាក់មុខវិជ្ជាគណិតវិទ្យា ជាជាងមុខវិជ្ជាភាសាខ្មែរ។ ចំពោះមុខវិជ្ជាគណិតវិទ្យា មានសិស្សចំនួន ៤៩ ភាគរយ បានធ្លាក់កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៧៤ ភាគរយក្នុងឆ្នាំ២០២១។ សម្រាប់ភាសាខ្មែរ ភាគរយខុសគ្នាគឺមានកម្រិតតិចជាង ពោលគឺ ៣៤ ភាគរយ មិនបានជាប់កម្រិតស្តង់ដារមូលដ្ឋានក្នុងឆ្នាំ២០១៦ ធៀបនឹង ៤៥ ភាគរយ ក្នុងឆ្នាំ២០២១។

ឯកឧត្តម  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍តាមសម្ដីដើម ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វកាលពីថ្ងៃអង្គារថា៖ «លទ្ធផលទាំងនេះ​គឺជាលទ្ធផលគួរឱ្យបារម្ភ» ហើយថា «យើងបានខិតខំប្រឹងប្រែងធ្វើការងារ​ជាមួយ​ដៃគូទាំងអស់របស់យើង ដើម្បីដាក់ចេញនូវ​វិធានការរៀនសូត្រពីចម្ងាយ នៅពេលសាលារៀនបិទទ្វារក្នុងអំឡុងពេល​នៃជំងឺរាតត្បាត​។ ការសិក្សានានា​ក៏បានបង្ហាញថា វិធានការទាំងនេះ​ពិតជាបានជួយ​រក្សាការរៀនសូត្រ​សម្រាប់​កុមារជាច្រើន ប៉ុន្តែ​លទ្ធផលនៃការវាយតម្លៃលើការរៀនសូត្រ បាន​បញ្ជាក់ថា សកម្មភាពទាំងនេះ​មិនទាន់គ្រប់គ្រាន់ ដើម្បីមកបង្គ្រប់មកវិញ ​ចំពោះ​សកម្មភាពទាំងអស់ដែលកុមារបានបាត់បង់ នៅពេល​ពួកគេ​មិនបានរៀនសូត្រ​នៅក្នុងថ្នាក់»ឡើយ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា៖ «ឥលូវនេះ​គឺជាពេលដែល​យើងទាំងអស់គ្នាត្រូវ​ព្យាយាម និងជួយ​កុមារកម្ពុជា​តាមឱ្យទាន់ការរៀនសូត្រដែល​ពួកគេ​បានបាត់បង់។ នេះជាដំណើរការមួយដែលបានចាប់ផ្ដើមរួចហើយ ប៉ុន្តែ​នៅពេលនេះ វាត្រូវតែ​ពន្លឿនបន្ថែមជាមួយនឹង​ការគាំទ្រ​ពីដៃគូទាំងអស់​នៅក្នុងវិស័យ​​អប់រំ។»

ទន្ទឹមនឹងនេះ លោកស្រី ហ្វ័រូគ ហ្វ័រយូហ្សិត នាយិកាអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនោះថា៖ «ប្រទេសកម្ពុជាគឺជាប្រទេស​មួយ​ក្នុងចំណោមប្រទេសតិចតួច ដែលបានបង្ហាញ​ទំហំនៃការបាត់បង់នេះ​ ជាមួយនឹងទិន្នន័យ​ដែលអាចជឿទុកចិត្តបាន។ ខ្ញុំសូមទទួលស្គាល់នូវ​ជំហានដ៏សំខាន់ៗ ដែល​ក្រសួង អប់រំ យុវជន និងកីឡា បានដាក់ចេញ ដើម្បីបង្កើតភស្តុតាងយ៉ាងសំខាន់នេះ សម្រាប់ផ្ដល់ជាភស្តុតាង និងជាមគ្គុទ្ទេសក៏​ដល់គោលនយោបាយ និងវិធានការចាំបាច់ដើម្បីផ្លាស់ប្ដូរទិសដៅ​នៃនិន្នាការនេះ។»

នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ទៀតថា៖ «សិស្សានុសិស្ស​គប្បីទទួលបាន​ការគាំទ្រ​ដែលចាំបាច់ ដើម្បីជួយឱ្យ​​ពួកគេតាមទាន់ការអប់រំរបស់ខ្លួន។ យើងក៏ត្រូវតែ​វិនិយោគច្រើនទៀត​លើ​គណិតវិទ្យា និងចំណេះដឹងភាសាខ្មែរនៅថ្នាក់ដំបូងផងដែរ។ សិស្សានុសិស្សក្មេងៗ​ត្រូវការមូលដ្ឋានរឹងមាំ​លើមុខវិជ្ជាស្នូលទាំងនេះ ដើម្បីទទួលបានលទ្ធផលកាន់តែល្អ​នៅថ្នាក់​ក្រោយៗទៀត។ សម្រាប់យូនីសេហ្វ យើងប្តេជ្ញាចិត្ត​ផ្ដល់កិច្ចខិតខំប្រឹងប្រែងអតិបរមា​ជាមួយ​ដៃគូទាំងអស់ ដើម្បីជួយធ្វើឱ្យ​កិច្ចខិតខំប្រឹងប្រែងទាំងនេះសម្រេចបាន។»

បច្ចុប្បន្ន បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់យូនីសេហ្វដដែល ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយយូនីសេហ្វ និងដៃគូនៃមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ កំពុងធ្វើការងារ​លើ​របាយការណ៍អំពី​ការបាត់បង់ការរៀនសូត្រ និងវិធានការនានាដែលត្រូវតែធ្វើ ដើម្បីដោះស្រាយបញ្ហានេះ៕

Share

Image
Image
Image