en     km
en     km

មហាសន្និបាតអង្គការសហប្រជាជាតិធ្វើឱ្យរុស្ស៊ីឯកោម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ក្នុងរឿងឈ្លានពានអ៊ុយក្រែន

Share

ស្ទើរតែបីភាគបួននៃបណ្ដាប្រទេសក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទាមទារឱ្យផ្ដល់ជំនួយនិងការពារជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ហើយបាននាំគ្នារិះគន់រុស្ស៊ីចំពោះការបង្កើតឱ្យមានស្ថានភាពមនុស្សធម៌«ដ៏អាក្រក់បំផុត» បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីមួយខែមុន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

កាលពីថ្ងៃព្រហស្បតិ៍ ស្ទើរតែបីភាគបួននៃបណ្ដាប្រទេសដែលចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតរួមគ្នាទាមទារឱ្យផ្ដល់ជំនួយនិងការពារជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ហើយបាននាំគ្នារិះគន់រុស្ស៊ីចំពោះការបង្កើតឱ្យមានស្ថានភាពមនុស្សធម៌«ដ៏អាក្រក់បំផុត» បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីមួយខែមុន។

នេះជាលើកទីពីរហើយដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣ ប្រទេស បានព្រួតគ្នាធ្វើឱ្យរុស្ស៊ីឯកោ ដោយសារតែប្រទេសនេះធ្វើអ្វីដែលរដ្ឋាភិបាលរបស់ខ្លួនហៅថា«ប្រតិបត្តិការយោធាពិសេស»ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុតទែរ៉េស បានរិះគន់យ៉ាងចាស់ដៃចំពោះអ្វីដែលលោកហៅថា«សង្គ្រាមមិនសមហេតុផល»របស់រុស្ស៊ី។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រជាជនចំនួន ៣ លាន ៦ សែននាក់ បានក្លាយជាជនភៀសខ្លួន។ ហើយទីក្រុងនានាត្រូវបានបំផ្លាញនៅក្នុងរយៈពេល ១ ខែកន្លងទៅ។

សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានព្រាងដោយប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្ត ហើយបានទទួលសម្លេងគាំទ្រពី ១៤០ ប្រទេស ខណៈដែល ៥ ប្រទេស រួមមានរុស្ស៊ី ស៊ីរី កូរ៉េខាងជើង អេរីទ្រា និងបេឡារុស្ស បានបោះឆ្នោតប្រឆាំង។ ទន្ទឹមនឹងនេះ មានការបោះឆ្នោតអនុប្បវាទពីសំណាក់ ៣៨ ប្រទេស ក្នុងនោះមានទាំងប្រទេសចិនផង។

សេចក្តីសម្រេចរបស់មហាសន្និបាតគឺមិនមានលក្ខណៈបង្ខំឱ្យអនុវត្តទេ ប៉ុន្តែវាមានទម្ងន់ផ្នែកនយោបាយ។ ប្រទេសទាំងឡាយបាន​ទះដៃ​អបអរ​សាទរពេញ​កន្លែងប្រជុំរបស់អង្គការសហប្រជាជាតិ ​បន្ទាប់​ពី​ការអនុម័តនៅ​ថ្ងៃ​ព្រហស្បតិ៍នោះ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស្សាលី នីបិនស្យា បានពិពណ៌នាសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើនេះថាជា«គម្រោងមនុស្សធម៌បែបទុច្ចរិត»ដែលមើលឃើញតែ«ទិដ្ឋភាពម្ខាងនៃស្ថានភាព»។ លោក នីបិនស្យា បានចោទប្រកាន់បណ្ដាប្រទេសបស្ចិមលោកជាថ្មីម្តងទៀតដែរថា បានធ្វើយុទ្ធនាការដាក់«សម្ពាធដែលមិនធ្លាប់មានពីមុនមក»លើប្រទេសផ្សេងៗទៀត ដើម្បីបានឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍នោះ។ តែការអះអាងបែបនេះត្រូវបានសហរដ្ឋអាមេរិកបានច្រានចោល។

ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្ត បាននឹងកំពុងសម្លឹងរកមើលសំឡេងឆ្នោតបន្ថែម ឬបង្កើនសំឡេងឆ្នោត សម្រាប់ការគាំទ្រដែលបានទទួលក្នុងការបោះឆ្នោតលើសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២ ខែមីនា ដែលបានសម្ដែងការសោកស្ដាយចំពោះ«ការរំលោភបំពាន»របស់រុស្ស៊ី និងដែលបានទាមទារឱ្យប្រទេសនេះដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន។ ពេលនោះ ការបោះឆ្នោតគាំទ្រមានចំនួន ១៤១ សំឡេង, ប្រឆាំងមាន ៥ សំឡេងដូចគ្នា, ហើយអនុប្បវាទមាន ៣៥ សំឡេង រួមទាំងចិនផង៕

យោង៖ U.N. General Assembly again overwhelmingly isolates Russia over Ukraine | Reuters

Share

Image
Image
Image