ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញពីចក្ខុវិស័យដែលចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ របស់ក្រុងភ្នំពេញ ជាមួយ ប៉ូលសេដ្ឋកិច្ចទី២គឺខេត្តព្រះសីហនុ តាមរយៈការគៀងគរអ្នកវិនិយោគទុនឱ្យបោះទុនវិនិយោគបង្កើតរោងចក្រសហគ្រាសតាមបណ្តាយផ្លូវជាលេខ៤។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការនីនៅក្រុងច្បារមនខេត្តកំពង់ស្ពឺនៅថ្ងៃទី២៣ ឧសភានេះ ។ ទាក់ទិនប្រសាសន៍របស់ប្រមុខដឹកនាំនេះមេសហជីពម្នាក់សាទរចំពោះការលើកឡើងនេះ តែចង់ឱ្យរដ្ឋាភិបាលគិតគូរពីការបង្កើតរោងចក្រតាមបណ្តាខេត្តផ្សេងទៀតផងដែរ ព្រោះងាយស្រួលដល់កម្មករពុំចាំបាច់ចំណាក់ស្រុកទៅរកការងារនៅទីក្រុងភ្នំពេញ។
លោក សេរី វឌ្ឍនៈ រាយការណ៍ពីព័ត៌មាននេះ៖
ថ្លែងចំពោះមុខកម្មករជិត ២ម៉ឺននាក់នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ដែលចង់តភ្ជាប់តំបន់សេដ្ឋកិច្ចចំនួនពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយសម្តេចថា នឹងបង្កើនរោងចក្រសហគ្រាស ពិសេសគឺរោងចក្រកាត់ដេរតាមបណ្តោយផ្លូវជាតិលេខ៤អោយមានចំនួនកាន់តែច្រើនជាប្រយោជន៍នៃការជួយផ្ដល់ការងារអ្នកស្រុក។
សម្តេចបន្តថា ការភ្ជាប់ប៉ូលសេដ្ឋកិច្ចទាំងពីបញ្ជូលគ្នានេះ គឺជាយុទ្ធសាស្រ្តពង្រាយរោងចក្រតាមបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច។ សម្តេចបន្ថែមថា ការពង្រីកបន្ថែមនូវរោងចក្រសហគ្រាសតាមបណ្តោយផ្លូវជាតិលេខ៤ គឺជាយុទ្ធសាស្រ្តដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាលូតលាស់ទៅមុខ។
សំឡេង សម្តេច ហ៊ុន សែន៖
ផ្លូវជាលេខ៤ ភ្នំពេញ-ព្រះសីហនុ ជាផ្លូវជាតិមួយដែលមានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា ព្រោះផ្លូវជាតិមួយនេះ មានភាពមមាញឹកយ៉ាងខ្លាំងសម្រាប់រថយន្តដឹកជញ្ជូនទំនិញពីកំពង់ផែខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ។
តាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល គឺគ្រាន់តែខេត្តកំពង់ស្ពឺមួយ មានរោងចក្រតាំងទីនៅលើផ្លូវជាតិលេខ៤ អាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ៩ម៉ឺននាក់ឱ្យបំរើការក្នុងរោងចក្រកាត់ដេរ។
ទាក់ទិនប្រសាសន៍របស់ប្រមុខដឹកនាំនេះលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាសាទរចំពោះចក្ខុវិស័យតភ្ជាប់ប៉ូលសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីនេះ ព្រោះក្រុងភ្នំពេញ និងខេត្តព្រះសីហនុសំបូរផ្លូវគមនាគមន៍ច្រើនដែកមានវិសាលភាពខ្ពស់សម្រាប់ការដឹកជញ្ជូន។ តែយ៉ាងណាមេសហជីពរូបនេះ
ចង់ឱ្យរដ្ឋាភិបាលងាកមកគិតគូរពីការពង្រីករោងចក្រតាមបណ្តាBrian Naranjoខេត្តមួយចំនួនវិញ ដើម្បីកាត់បន្ថយចលនាចំណាក់ស្រុករបស់កម្មករមករស់នៅតាមទីក្រុង និងទីប្រជុំជន។
សំឡេង លោក អាត់ ធន់៖
យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការវិនិយោគក្នុងរយៈពេញមួយខែនៅក្នុងខែមេសាឆ្នាំ២០១៨នេះក្រុមហ៊ុនវិនិយោគបរទេសចំនួន១០ ក្រុមហ៊ុនដែលមានទុនវិនិយោគសរុបជាង១៣០ លានដុល្លារ។ ការបោះទុនវិនិយោគនេះ ភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងដែលនៅក្នុងគម្រោងវិនិយោគទាំងអស់នោះ បានផ្តល់ការងារសរុបដល់កម្មករចំនួនជាង១ ម៉ឺននាក់។
សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកភាគច្រើនបំផុតលើវិស័យកាត់ដេរ ដែលបានផ្តល់ការងារដល់ប្រជាជនជាង៧០ ម៉ឺននាក់និងរកបានចំណូលរាប់ពាន់លានដុល្លារក្នុង១ ឆ្នាំៗ។វិស័យវាយនភណ្ឌត្រូវបានចាត់ទុកជាវិស័យស្នូរមួយដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ។
យោងតាមរបាយការណ៍អានដោយសម្តេច ហ៊ុន សែន នៅថ្ងៃនេះបានឱ្យដឹងថា ចំនួនរោងចក្រចាប់ផ្តើម មានវត្តមានតាំងពីឆ្នាំ១៩៩៧ មកដែលកាលណ្ណោះមានចំនួនរោងចក្រចំនួន៦៤ រោងចក្រ ហើយប្រាក់ខែកម្មករពេលនោះទទួលបានត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០០៣ រោងចក្របានកើនចំនួន១៩២ រោងចក្រ ហើយខែបានឡើងចំនួន៥០ដុល្លារក្នុងមួយខែ។ មកដល់ឆ្នាំ២០០៨ កម្មករកាត់ដេរបានកើនប្រាក់ខែចំនួន៦១ដុល្លារក្នុងមួយខែ ចំណែកចំនួនរោងចក្រវិញកើនឡើង៤៣២រោងចក្រ។ នៅឆ្នាំ២០១៣ រោងចក្របានកើនឡើងចំនួន៧៣៣ រោងចក្រ ហើយប្រាក់ឈ្នួលកម្មករកាលនោះមានចំនួន៨០ដុល្លារក្នុងមួយខែ។ ហើយនៅឆ្នាំ២០១៧ ចំនួនរោងចក្របានកើនឡើង១១០៧ ចំណែកប្រាប់ខែកម្មករបានឡើងដល់១៥៣ដុល្លារក្នុងមួយខែ។ ហើយរហូតមកដល់ឆ្នាំ២០១៨នេះ ប្រាក់ឈ្នួលរបស់កម្មករបានកើនឡើងរហូតដល់១៧០ដុល្លារ ហើយចំនួនរោងចក្រវិញបានកើនឡើងដល់ទៅ១១៥០រោងចក្រ៕