ភ្នំពេញ ៖ សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុគីមីក្នុងស្ករជិត ៤០តោន។
ការរកឃើញរោងសិប្បកម្មផលិតស្ករត្នោតដែលមានផ្ទុកសារធាតុគីមីនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន និងក្រោមបទបញ្ជារបស់ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆ្មក់ចូលឆែកឆេរសិប្បកម្មកែឆ្នៃស្ករខាងលើ។នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី ១៨ ខែមករាឆ្នាំ២០១៨នេះ។
តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដដែលនេះ ប្រតិបត្តិការឆែកឆេរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដែលស្ថិតនៅផ្ទះ លេខ ២១៣និង២១៩ ផ្លូវ៣៦៩ ភូមិម៉ាក់គ្លឿសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដោយមានកម្លាំងចម្រុះមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃ មន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីមកពីក្រសួងសុខាភិបាល ជាដើម ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួត ដែលគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានស្រង់សម្ដី បានលើកឡើងថា ការចុះប្រតិបត្តិការឆែកឆេរនូវសិប្បកម្មកែច្នៃស្ករ ត្នោតនេះឡើងដោយសង្ស័យថា សិប្បកម្មនេះបានធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត និងលួចលាយនូវសារធាតុគីមី ។
តាមរបាយការណ៍របស់ក្រុមប្រតិបត្តិការបង្ក្រាបនេះ វត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យបិទផ្លុំបេរក្សាដាក់ទុកក្នុងអាស័យដ្ឋានខាងលើ និងសម្រេច មិនឲ្យបើកធ្វើអាជីវកម្មបន្ត ហើយបានអញ្ជើញម្ចាស់ទីតាំងឈ្មោះ ឆែ គីម ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធីស៊ើបសួរ ៕