ភ្នំពេញ៖ អ្នកវិភាគក្រើនរម្លឹកថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងជំហ របស់ខ្លួនឲ្យបានរឹងមាំករណីបញ្ហាព្រំដែនកម្ពុជា វៀតណាម ដែលកំពុងស្ថិតក្នុងក្រសែភ្នែកពលរដ្ឋ ដែលបានដាក់ចម្ងល់ សង្ស័យពីបំណងចង់ផ្ទេរផែនទីពីខ្នាត ១/១០០ពាន់ ទៅខ្នាត ១/៥០ពាន់។
អ្នកវិភាគថា ប្រសិនបើរដ្ឋាភិបាលរៀបចំកិច្ចការនេះមិនបានល្អ នោះនឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី ហើយជាប់ឈ្មោះថា មានកំហុសប្រវត្ដិសាស្ដ្រទៀតផង។ ករណីបោះបង្គោលព្រំដែននេះដែរប្រធានគណៈកម្មាធិការព្រំដែនបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានព្យាយាមជានិច្ច ក្នុងរក្សាបូរណភាពទឹកដី។ អ្វីដែលនាំឱ្យអ្នកវិភាគផ្ដល់អនុសាសន៍ដូចនេះ ស្របពេលមានដំណឹងថា សម្ដេច ហ៊ុន សែន នឹងទៅកាន់ប្រទេសវៀតណាម នៅសប្ដាហ៍ក្រោយនេះ តាមការអញ្ជើញរបស់ សមភាគីវៀតណាម។ លោក លៀ ស៊ីណា រាយការណ៍៖
ទន្ទឹមនឹងដំណឹងស្ដីពីការផ្ទេរផែនទីពីខ្នាត ១/១០០ពាន់ ទៅខ្នាត ១/៥០ពាន់ កំពុងតែស្ថិតក្នុងចម្ងល់ពីពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសនៅឡើយ សម្ដេច ហ៊ុន សែន បែរជា ទទួលបានការអញ្ជើញ ទៅកាន់ប្រទេសវៀតណាម រយៈ២ថ្ងៃគឺពីថ្ងៃទី២០ដល់ថ្ងៃទី២១ ធ្នូ។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀនជុនភុក ជាអ្នកអញ្ជើញ សម្ដេច ហ៊ុន សែន។ នេះបើយោងតាមសេចក្ដីរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្មែរ ក៏ចំពេល វៀតណាម និងកម្ពុជា កំពុងរកឱកាសមួយព្រមព្រៀងជាមួយគ្នា បំលែង ខ្នាតផែនទី១លើ១០០ពាន់ ពីផែនBone ទៅ១លើ៥០ពាន់ ខា្នតUTM ដើម្បី វាស់វែងផែនដីនៃព្រំដែនប្រទេសទាំង២ ដែលបោះបង្គោលជិតហើយនោះ។ ចំពោះរឿងនេះ គឺជាបញ្ហាជាតិធំមួយ ដែលអ្នកវិភាគយល់ថាវៀតណាម ពិតជាលើកឡើង រឿង នេះជាពុំខាននៅចំពោះមុខសម្ដេច ហ៊ុន សែន សមភាគី កម្ពុជា។
លោក គឹម សុខ អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម និងនយោបាយមានប្រសសាសន៍តាមរយៈបទសម្ភាសន៍ ជាមួយវិទ្យុស្ដ្រីអេហ្វអឹម ១០២ ថា ករណីដែលរដ្ឋាភិបាលមានបំណងចង់ផ្ទេរផែនទី ដើម្បីបោះបង្គោលព្រំដែនពី ពីខ្នាត ១/១០០ពាន់ ទៅខ្នាត ១/៥០ពាន់ គឺមិនមែនជាការខុសឆ្គងអ្វីទេ។ ប៉ុន្ដែកម្ពុជាត្រូវតែធ្វើយ៉ាងណាបង្ហាញពីដំណើការនេះឲ្យបានច្បាស់លាស់ ដោយបើកទូលាយឲ្យមានការចូលរួមជាសកល ដែលមានទាំងភាគី វៀតណាម បារាំង និងអង្គការសហប្រជាជាតិដើម្បីសិក្សានិងសម្រេចរួម។
បន្ថែមពីនេះអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបន្ដថា រដ្ឋាភិបាលត្រូវតែពន្យល់ដល់ពលរដ្ឋខ្មែរឲ្យច្បាស់ការផ្ទេរផែនទី ពីខ្នាត ១/១០០ពាន់ ទៅខ្នាត ១/៥០ពាន់ មិនឲ្យបាត់ដីឡើយ។លោក គឹម សុខ៖«រដ្ឋាភិបាលត្រូវបង្ហាញតម្លាភាពប្រាប់ពលរដ្ឋខ្មែរ ឲ្យច្បាស់តើការផ្ទេរពីខ្នាត ១/១០០ពាន់ ទៅខ្នាត ១/៥០ពាន់ ដែលរដ្ឋាភិបាលបានពន្យល់ថាល្អ ហើយខ្ញុំក៏គិតថាវាមិនខុសដែរទេ ប៉ុន្ដែត្រូវធានាឲ្យបានច្បាស់ថា មិនឲ្យបាត់ដីទេ ១៨១ពាន់ ០៣៥ គីឡូម៉ែត្រការ៉េហ្នឹង ហើយត្រូវនិយាយបញ្ជាក់ឲ្យច្បាស់ថា ការប្រើខ្នាតថ្មីនេះគឺយកតាមអង្គការសហប្រជាជាតិមិនមែនយកតាមវៀតណាមបោះពុម្ពក្រោយទេ»។
យ៉ាងណា លោកសាទរដំណើរទស្សនកិច្ចរបស់ សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម។ តែលោកសុំឱ្យមេដឹកនាំកម្ពុជា ប្រកាន់ជំហរ រឿងនេះអោយបានរឹងមាំ នៅចំពោះមុខមេដឹកនាំវៀតណាម។
តែសម្រាប់លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនបានអះអាងថា ការបោះបង្គោលព្រំដែនរហូតមកដល់ពេលនេះគឺរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ដើម្បីរក្សាបូរណភាពទឹកដី។ លោកបន្ដថា ប្រសិនបើរាជរដ្ឋាភិបាលមិនយកចិត្ដទុកដាក់ទេម្លេះកម្ពុជាបោះបង្គោលព្រំដែន រួចជាយូរណាស់មកហើយដោយមិនចាំបាច់ដល់ពេលនេះនោះទេ។ បើយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មាការព្រំដែន មិនថាតែមុនទេដែលរាជរដ្ឋាភិបាលព្យាយាមរក្សាបូរណភាពទឹក សូម្បីតទៅថ្ងៃមុខក៏រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបស់ខ្លួនដដែល។
លោក វ៉ា គឹមហុង៖«ប្រសិនបើគេមិនការពារទេគេបោះរួចបាត់ទៅហើយ តែគេមិនតាម គេតវ៉ា គេប្រឆាំង គេតស៊ូមតិ ដើម្បីការពារបូរណភាពទឹកដីសម្រាប់ខ្មែរទាំងអស់គ្នា ខ្ញុំមិនថាឲ្យអ្នកណាទេ រដ្ឋាភិបាលលោកមានការតព្វកិច្ចបំរើជាតិ»។
កាលពីខែមុននេះ សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា លោកនឹងស្នើអោយភាគីវៀតណាម ទទួលយកកិច្ចព្រមព្រៀងមួយផ្ទេរខ្នាតផែនទី ពីBone ទៅ UTM ដោយមាន បារាំងជាអ្នកបោះពុម្ព ផែនទីថ្មីនេះ។ សម្ដេចថា បើមានផែនទីថ្មីនេះ គឺងាយស្រួលក្នុងការ វាស់វែង និងដាំបង្គោលព្រំដែន តែសម្ដេចថា បើមានកែប្រែមែនក៏មិនប៉ះពាល់ រដ្ឋធម្មនុញ្ញដែរ៕