ភ្នំពេញ៖ ខណៈពន្លឺនៃសេរីភាពរបស់សកម្មជនសិទ្ធិមនុស្ស និងសកម្មជនផ្សេងៗនៅតែមានតិចអ្នកវិភាគបង្ហាញ ទស្សនថា មន្ដ្រីសិទ្ធិមនុស្ស មន្ដ្រី គ.ជ.ប និងសកម្មជនដែលកំពុងជាប់ឃុំ ទំនងមិនអាចមានសេរីភាពក្នុងរយៈពេលដ៏ខ្លីនេះទេព្រោះវាជាផ្នែកមួយនៃល្បិចនយោបាយ ហើយប្រសិនបើបក្សកាន់អំណាចចង់ដោះលែងមិនថាក្នុងកាលៈទេសៈណាទេក៏អាចធ្វើបានដែរ។ ក៏ប៉ុន្ដែបក្សកាន់អំណាចអះអាងថា កម្ពុជាមានច្បាប់ គឺរដ្ឋាភិបាលត្រូវគោរពច្បាប់គឺមិនធ្វើអ្វីដែលហួសពីដែនសមត្ថកិច្ចរបស់ខ្លួនឡើយ។
មូលហេតុអ្វីបានជាមិនមាន ការលើកលែងទោសសកម្មជនសិទ្ធិមនុស្សតាមការគ្រោងទុក?
នៅពេលដែលតុលាការចេញដីការដោះលែងមេឃុំ ស៊ាង ចែត ក្នុងសំណុំរឿងសូកប៉ាន់ អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលការដោះលែងនេះបន្ទាប់ពីលោក កឹម សុខា ជួបសំងាត់ជាមួយនាយករដ្ឋមន្ដ្រីនៅវិមានរដ្ឋសភាកាលពីថ្ងៃទី ០៧ ធ្នូ គឺអ្នកសង្កេតការណ៍ក៏ដូចជាក្រុមគ្រួសារមន្ដ្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ដ្រី គ.ជ.ប រំពឹងថា ក៏នឹងមានឱកាសដូចនេះផងដែរ សម្រាប់លោក ណៃ វង់ដា លោក នី សុខា លោក យី សុខសាន លោក ស្រី លឹម មុនី និងលោក នី ចរិយា។ ការសង្ឃឹមនេះធ្វើឡើងបន្ទាប់ពីសម្ដេច ស ខេង អះអាងថា អ្នកទាំងនេះអាចនឹងដោះលែងនៅចុងខែធ្នូ ឆ្នាំ២០១៦ តែមកដល់ពេលនេះ ក្ដីសង្ឃឹមរបស់គ្រួសារជនជាប់ចោទគេហៅថា អ្នកទោសមនសិការហាក់កាន់តែរសាយស្ងាត់ទៅហើយ ព្រោះតែបក្សនយោបាយទាំងពីរមើលទៅកំពុងរុញបញ្ហានេះដាក់គ្នាទៅវិញទៅមក។ បក្សប្រឆាំងថា រឿងនេះអាស្រ័យលើបក្សកាន់អំណាច រីឯបក្សកាន់អំណាចថាមិនមែនអាស្រ័យលើខ្លួនទេ គឺអាស្រ័យទៅលើតុលាការ។
តើអ្វីនៅពីក្រោយនាំឲ្យពេលវេលាដើម្បីដោះលែងមន្ដ្រីសិទ្ធិមនុស្សអាដហុក និងមន្ដ្រី គ.ជ.ប នៅបន្តទុកពេលថែមទៀត?
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលបក្សកាន់អំណាចចេញបទបញ្ជាមិនឲ្យលោកចូលស្រុក បាននិយាយប្រាប់សារព័ត៌មាន The Cambodian Daily ថា ការខកខានដោះលែងមន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប ទាំង ៥រូបនេះគឺមកពីនាយករដ្ឋមន្ដ្រីធ្វើឲ្យគាំង។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជួនសារទៅលោក កឹម សុខា ដោយស្នើឲ្យលោក កឹម សុខា ប្រកាសជំហរជាសាធារណៈ ថ្កោលទោសលោក ដែលរិះគន់រដ្ឋាភិបាល។ លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា ដោយសាររឿងនេះលោក កឹម សុខា បានបដិសេធ។ ត្រង់នេះហើយមើលទៅ ដែលអ្នកវិភាគមើលឃើញថា ជាឧបសគ្គយ៉ាងពិតប្រាកដចំពោះការដោះលែងមន្ដ្រីទាំង ៥រូបនេះ។
លោក ឯម សុវណ្ណារ៉ា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ យល់ឃើញថា ការមិនទាន់ដោះលែងមន្ដ្រីការពារសិទ្ធិមនុស្សអាដហុក ក៏ដូចជាមន្ដ្រី គ.ជ.ប ពេលនេះគឺមកពីការបន្តឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្ស បក្សកាន់អំណាចត្រូវការចំណេញនយោបាយ។
លោក ឯម សុវណ្ណារ៉ា៖«ចំណុចមួយដែលលើកឡើងថា ភាពចំណេញអាស្រ័យទៅលើការធ្វើទុក្ខតែស កម្មជនអង្គការសង្គមស៊ីវិលហ្នឹងជាផ្នែកមួយ ហើយមួយទៀតនោះគឺធ្វើឲ្យអង្គការសង្គមស៊ីវិលផ្សេងៗទៀតហ្នឹងមានភាពខ្លាចរអាដែរ ព្រោះការគាបសង្កត់និងការបោះឆ្នោត នេះជាយុទ្ធសាស្ដ្រមួយដែលបក្សកាន់អំណាចគេអាចធ្វើបាន»។
ជាមួយគ្នានេះលោក ឯម សុវណ្ណារ៉ា បន្ដថាចំពោះយន្ដការដែលអាចនឹងឈានដល់ការដោះលែងមន្ដ្រីសិទ្ធិមនុស្សទាំងអស់គឺមានតែវិធីមួយប៉ុណ្ណោះ គ្រប់គណបក្សនយោបាយត្រូវងាកមកគិតពីផលប្រយោ ជន៍ជាតិ និងផលប្រយោជន៍រាស្ដ្រជាធំ ហើយទម្លាក់ចោលនូវរឿងបុគ្គលងាកមកជជែកគ្នាដើម្បីដោះ ស្រាយបញ្ហាដែលនៅសេសសល់វិញ ពោលគឺមិនគួរឱ្យមានការ មិនចុះសម្រុងគ្នាបន្ដទៀតទេ។
លោក ឯម សុវណ្ណារ៉ា៖«ជាយន្ដការលុះណាតែអ្នកនយោបាយទាំងពីរបក្សហ្នឹង លះបង់នូវផលប្រ យោជន៍ក្រុម និងផលប្រយោជន៍បក្សពួកខ្លួនខ្លះ គិតពីផលប្រយោជន៍ជាតិជាធំ ឬក៏ផលប្រយោជន៍ប្រជាពលរដ្ឋ ទើបសកម្មជនសិទ្ធិមនុស្សហ្នឹងអាចនឹងមានសេរីភាពបានឆាប់»។
នៅពេលដែលលោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការស្នើសុំរបស់សម្ដេច ហ៊ុន សែន មតិសាធារណៈមួយចំនួនចាប់ផ្ដើមព្រួយបារម្ភអំពីកលកិច្ចនយោបាយរបសបក្សកាន់អំណាចដែលគេថា ចាប់មួយព្រលែងមួយ គឺព្រលែង កឹម សុខា ចាប់លោក សម រង្ស៊ី។ កលកិច្ចនេះមើលទៅមិនអាចធ្វើឲ្យបក្សសង្គ្រោះជាតិបែកបាក់គ្នាឡើយ។ ផ្ដើមដោយការលើកលែងទោសនេះក៏នាំឲ្យមានការគិតភ្លាមដល់ការលើកលែងទោសមន្ដ្រីសិទ្ធិមនុស្សទាំង ៥រូបនេះ យ៉ាងហោចណាស់ពួកគាត់អាចនឹងដោះលែងមុនដំណាច់ឆ្នាំ២០១៦ ទៅតាមអ្វីដែលមេដឹកនាំបក្សកាន់អំណាចបង្ហើបព័ត៌មាន។ តែពេលនេះសេណារ៉ូយ៉ូដដែលទំនងនឹងចាប់ផ្ដើមលេងមួយសារទៀតប្រយោជន៍ដើម្បីអ្វីមួយដែលអ្នកវិភាគថា ទាល់តែចំណេញទើបស្រាយចំណងដែលខ្លួនគេបានចង។ តែយ៉ាងណាក៏ដោយលោក គឹម សុខ អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ យល់ឃើញថាល្បិចកិច្ចកលនេះ មិនជោគជ័យទេ។
លោកថាគឺជារឿងដែលមិនងាយនោះទេបើនិយាយពីការដោះលែងមន្ដ្រីសិទ្ធិមនុស្ស និងអ្នកផ្សេងៗទៀតព្រោះនេះគឺផ្នែកមួយនៃល្បិចនយោបាយ។ លោកពន្យល់ថា ការសន្យាដោះលែង មន្ដ្រីសិទ្ធិមនុស្ស គឺគ្រាន់តែជាបំណងចង់ឲ្យមានភាពស្ងប់ស្ងៀមនៃអ្នកបញ្ចេញមតិរិះគន់រដ្ឋអំណាចប៉ុណ្ណោះ។
លោក គឹម សុខ៖«ពាក្យថាតាមការគ្រោងទុកហ្នឹងវាគ្រាន់តែជាការសម្រួលអារម្មណ៍គូភាគីទេ សារគ្រោងទុករបស់គណបក្សនយោបាយជាពិសេសគណបក្សប្រជាជនដែលថា គ្រោងថាជួបគ្នាថ្ងៃនេះថ្ងៃនោះហ្នឹង ប៉ុន្ដែរឿងសំខាន់បក្សកាន់អំណាចគេធ្វើអ្វីៗក្នុងល្បិចដើម្បីបំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រសិនបើក្នុងលក្ខខណ្ឌវាអត់ចំណេញដល់មុខមាត់នយោបាយគេដូច្នេះគេអត់លែងទេ»។
យ៉ាងណាលោក គឹម សុខ មើលឃើញថា ចំពោះការអះអាងដែលបញ្ជាក់ថា មិនអាចដោះលែងមន្ដ្រីសិទ្ធិមនុស្ស និងមន្ដ្រី គ.ជ.ប ព្រោះតែនីតិវិធីតុលាការជាប់គាំងនោះគឺមិនមែនជាពិតទេ គឺគ្រាន់តែការថ្លែងឲ្យល្អមុខមាត់ខ្លួនឯងប៉ុណ្ណោះ។ លោកបន្ថែមទៀតថា ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយប្រសិនបើបក្សកាន់អំណាចចង់ដោះលែងសកម្មជនសិទ្ធិមនុស្សគឺគ្មានជាបញ្ហាចោទនោះទេ ព្រោះតុលាការនៅកម្ពុជាត្រូវបានគេមើលឃើញថា គឺធ្វើអ្វីតាមតែការចង់បានរបស់អ្នកនយោបាយ។
លោក គឹម សុខ៖« នៅកម្ពុជាហ្នឹងគេចង់ដោះលែងក្នុង១ម៉ោងក្រោយក៏បានដែរព្រោះតុលាការនៅកម្ពុ ជានេះវាស្ថិតក្រោមរបត់នៃការចង់បានរបស់អ្នកកាន់អំណាចទេអ្នកកាន់អំណាចបញ្ជាបែបណាក៏បានដែរ បានន័យថា យុត្ដិធម៌មិនស្ថិតនៅក្រោមការសម្រេចរបស់ចៅក្រមប្រកបដោយ (ឆន្ទៈ) និងផ្អែកលើច្បាប់ទេ លទ្ធផលនៃការសម្រេចរបស់ចៅក្រមគេគ្រាន់តែឲ្យចៅក្រមប្រើឆន្ទានុសិទ្ធិរបស់គាត់ហើយបង្វិលលទ្ធផលទៅតាមការចង់បានរបស់អ្នកនយោបាយរឿងពិតវាប៉ុណ្ណឹង»។
បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោសលោក កឹម សុខា ភ្លាមគឺប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានអះអាងថា ការលើកលែងទោសមេបក្សប្រឆាំងរូបនេះគឺជាចេតនារបស់លោក សុទ្ធសាធ ដើម្បីធ្វើឲ្យអ្នកនយោបាយខ្មែរជានាជាមួយគ្នាឡើងវិញ។ សម្ដេចបញ្ជាក់ថា គ្មានរងឥទ្ធិពលពីសហគមន៍អន្ដរជាតិឬក៏ល្បិចកិច្ចកលអ្វីឡើយ។
លោក សុខ ឥសាន្ដ ទំនងប្រហែលជានៅចាំសម្ដីរបស់សម្ដេចនាយករដ្ឋមន្ដ្រីដូចនេះហើយមើលទៅបានជាលោកអះអាងថា ការដោះលែងឬក៏មិនដោះលែងជនជាប់ចោទទាំង ៥រូបនេះវាមិនអាស្រ័យលើខាងណាដាក់សម្ពាធឬកិច្ចកលនោះទេ ពោលគឺរងចាំតែនីតិវិធីតុលាការចប់សព្វគ្រប់ជាមុនសិន។
លោក សុខ ឥសាន្ដ បន្តថា គណបក្សប្រជាជនកម្ពុជាមិនបានយកករណីរបស់មន្ដ្រីសិទ្ធិមនុស្សជាប់ពន្ធនាគារជាឈ្នាន់នយោបាយអ្វីនោះទេ។ លោកបន្ដថា ករណីមន្ដ្រីសិទ្ធិមនុស្ស កំពុងតែស្ថិតក្នុងដែនយុត្តាធិការ។ លោក សុខ ឥសាន្ដ៖«គណបក្សកាន់អំណាចមានធ្វើតុលាការឯណាគណបក្សជាគណ បក្ស គណបក្សប្រជាជនគឺមិនយកតួនាទីរបស់តុលាការយកមកកាត់ជំនួសមុខតុលាការទេ យើងមានច្បាប់ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ»។
តែអ្នកវិភាគ មិនយល់ស្របនឹងការអះអាងរបស់អ្នកនាំពាក្យនោះទេ។ ពួកគាត់ថា បាល់ ត្រូវបាន គេបោះឱ្យ មេដឹកនាំ បក្សប្រឆាំង រួចហើយ (លោកកឹមសុខា) ថាតើត្រូវស៊ុតបញ្ចូលទីខ្លួនឯងឬក៏ទាត់បាល់ចេញ ឱ្យឆ្ងាយពីខាងមុខទី របស់ខ្លួន។ តែបែបនេះក្ដី តិចនិច ល្បែងGame ដែលគេថា មិនចំណេញសម្រាប់ជាតិខ្មែរនេះ គួរតែគិតពីអនាគតរបស់ប្រទេសជាតិវិញជាជាងប៉ែងជើងគូប្រកួតជាខ្មែរដូចគ្នា៕