ភ្នំពេញ៖ លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស នឹងមានជំនួប មួយ ជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នារសៀល ថ្ងៃទី១១ ខែតុលានេះ។
តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គា វេលាម៉ោង ១ រសៀល នេះដោយ ធ្វើឡើង នៅទីស្នាក់ការគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)។
យ៉ាងណាក៏ដោយសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានបញ្ជាក់ពីរបៀបវារៈ ថានឹងត្រូវពិភាក្សាលើអ្វីនោះទេ។
ការមកដល់របស់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា មិនមានអ្វីក្រៅពីការពិភាក្សា ដើម្បីរកដំណោះស្រាយ ជុំវិញស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជានោះឡើយ។
ដំណើរទស្សនកិច្ច របស់លោកស្រី រ៉ូណាស្មីត មកកាន់កម្ពុជាលើកនេះ គឺស្របពេល ដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាតិ មានមូលដ្ឋាននៅ ទីក្រុង ហ្សឺណែវ ប្រទេសស្វីស កាលពីថ្មីៗទៅនេះ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានដាក់ប្រទេសកម្ពុជា ជារដ្ឋកំពុងជួបហានិភ័យ នៃការរំលោភសិទ្ធិមនុស្ស ដ៏គួរឱ្យព្រួយបារម្ភ៕