ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ ក្រសួងពាណិជ្ជកម្ម បានស្នើឱ្យ ក្រុមហ៊ុនប្រេងឥន្ធនៈទាំង៨នៅក្នុងប្រទេសកម្ពុជា បញ្ចុះតម្លៃប្រេងឥន្ធនៈ១០០រៀល ក្នុងលីត្រ ប៉ុន្តែ ក្នុងចំណោមក្រុមហ៊ុនទាំង៨នោះ មានតែក្រុមហ៊ុន៥ទេ ដែលបានឯកភាពក្នុងការបញ្ចុះតម្លៃ១០០រៀលនេះ ចំណែកក្រុមហ៊ុន៣ទៀត ស្ថិតនៅក្នុងការពិចារណា ។
ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំ២០១៥នេះ ក្រុមហ៊ុនប្រេងឥន្ទនៈចំនួន៥ បានឯកភាពបញ្ចុះតម្លៃសាំង១០០រៀល ក្នុងមួយលីត្រ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយក្រុមប្រេងឥន្ធនៈចំនួន៨ នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ។លោកបន្តថា ក្រុមហ៊ុនក្នុងស្រុក ដែលឯកភាពក្នុងការបញ្ចុះតម្លៃ ១០០រៀល មាន ក្រុមហ៊ុនតេលា សូគីមិច សាវីមិច BBM និងLHR។ ចំណែកក្រុមបរទេសចំនួនបីទៀតគឺក្រុមហ៊ុនកាល់តិច តូតាល់ និងភីធីធី កំពុងស្ថិតក្នុងការពិចារណា។
លោក ស៊ុន ចាន់ថុលបានថ្លែងថា ការបញ្ចុះតម្លៃ១០០រៀលក្នុងមួយលីត្រ ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ គឺជាលទ្ធផលល្អមួយ ដែលក្រុមហ៊ុនប្រេងឥន្ធនៈនៅក្នុងកម្ពុជា បានបញ្ចុះតម្លៃជូន ប្រជាពលរដ្ឋខ្មែរ។ «ជាលទ្ធផលល្អមួយ ដែលតម្លៃប្រេង និងចុះជូនទៅបងប្អូនប្រជាពលរដ្ឋយើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌយើង ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ គេមិនអាចឡើង គឺថាគេអាចចុះនៅឱ្យហ្នឹង ឱ្យបាន១០០រៀល សូមជម្រាបជាព័ត៌មានអញ្ចឹង នេះគឺជាដំណឹងល្អមួយ កាលណាយើងចូលរួមវិភាគទានទាំងអស់គ្នា ធ្វើបុណ្យធ្វើទានទាំងគ្នា។»លោក ស៊ុន ចាន់ថុលបញ្ជាក់បន្ថែម»។
ចំណែកលោកឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងដែរថា ការដែលរដ្ឋាភិបាលស្នើឱ្យក្រុមហ៊ុនប្រេងឥន្ធនៈបញ្ចុះតម្លៃ ១០០រៀលក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់អាចសន្សំប្រាក់បានបន្ថែមទៀត និងដើម្បីទប់ស្កាត់កុំឲ្យក្រុមហ៊ុនឡើងថ្លៃពេលរដូវភ្ជុំបិណ្ឌ ដោយសារតែនិន្នាការប្រេងអន្តរជាតិដែលចម្រាញ់នៅសាំងហ្គាពួរកំពុងតែឡើងថ្លៃ ។
លោកបន្ថែមថា៖ «អញ្ចឹងមិនត្រឹមតែផ្អាកគាត់ ឱ្យនៅក្នុងតម្លៃដដែល ក្នុងថ្ងៃនេះទេ សម្រាប់ទៅដល់ផុតភ្ជុំទេគឺយើង ថាសុំបញ្ចុះពីលើតម្លៃថ្ងៃនេះទៀត អញ្ចឹងឧបមាថា តម្លៃថ្ងៃនេះ៤០០០អញ្ចឹង ស្អែកគឺ៣៩០០រៀល។ ហើយ៣៩០០នេះរហូតទៅដល់ផុតភ្ជុំទោះបីជាតម្លៃទីផ្សារប្រេងអន្តរៈជាតិឡើងម៉េចក៏ដោយ ព្រោះអីយើងក៏អត់ដឹងដែរ ឥឡូវនិន្នាការវាកំពុងតែឡើង»។
ចំពោះការបញ្ចុះតម្លៃប្រេងសាំង១០០រៀលក្នុងមួយលីត្រ ក្នុងរដូវភ្ជុំបិណ្ឌនេះ លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម យល់ថា មិនសមស្របនោះទេ បើប្រៀបធៀបនឹងតម្លៃនៅលើទីផ្សារអន្តរជាតិ។ លោកយល់ថា ក្នុងឱកាសរដូវភ្ជុំបិណ្ឌបិណ្ឌនេះ តម្លៃប្រេងសាំងគួរតែធ្លាក់ដល់៣២០០រៀល ឬ៣៣០០រៀល ទើបសមស្រប ។ លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាកាត់បន្ថយការយកពន្ធលើប្រេងឥន្ធនៈ ព្រោះថាសាំងឡើងថ្លៃដោយសារតែការយកពន្ធខ្ពស់ ។
លោកមានប្រសាន៍បន្តថា«បើយើងមើលពីតម្លៃទីផ្សារពិភពលោក ដែលប្រេងវាធ្លាក់ មុនកាលដែលឡើងខ្ពស់ ឡើងដល់ទៅជាង១០០ដុល្លារក្នុងមួយធុង រហូតដល់មកដល់៨០ដុល្លារ ឥលូវឡឺថាចុះមកក្រោម៥០ ឬ៤០ដុល្លារក្នុងមួយធុង ចុះ១០០រៀលនេះវាហាក់បីដូចជាមិនសមស្របទេ បើយើងទៅមើលតម្លៃទីផ្សារអន្តរជាតិ។»
សូមបញ្ជាក់ថា តម្លៃសាំងរបស់ក្រុមហ៊ុនក្នុងស្រុកចំនួន២ គឺក្រុមហ៊ុនតេលា និងសូគីមិច នៅថ្ងៃទី០៨ ខែតុលានេះ សាំងធម្មតា មានតម្លៃ៣៧៥០រៀល សាំងស៊ុបពែ ៤០០០ និងម៉ាស៊ូត ៣៥០០។ រីឯតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនក្រៅស្រុក គឺក្រុមហ៊ុន កាល់តិច និងតូតាល់ សាំងធម្មតា មានតម្លៃ៣៨០០រៀល ស៊ុបពែ ៤០៥០រៀល និងម៉ាសូត ៣៦០០រៀល ៕