កងកម្ម៉ង់ដូពិសេសនៃកងនាវា Navy Seal សហរដ្ឋអាមេរិកដែលបានបាញ់សម្លាប់និងរឹបអូសសាកសពមេភេរវករអាល់កៃដាប៊ីនឡាឌែននៅក្នុងប្រទេសប៉ាគិស្ថានហើយយកទៅទំលាក់នៅក្នុងសមុទ្រ ត្រូវបានរាយការណ៍មកថា ក្រុមនេះទំនងនឹងត្រូវបញ្ជូនទៅកាន់ប្រទេសកូឡំប៊ី នៅពេលខាងមុខនេះ ដើម្បីធ្វើការវាយឆ្មក់ ហើយចាប់ខ្លួន លោកនីកូឡាសម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្សូអេឡា។
បណ្ដាញផ្សាយព័ត៌មានFox News បានស្រង់សម្ដីឧត្តមសេនីយ៍ចូលនិវត្តិន៍ម្នាក់ នៃសហរដ្ឋអាមេរិកគឺលោក Rob O’Neill ដែលធ្លាប់ដឹកនាំកងកម្ម៉ង់ដូរ ពិសេស Navy Seal បាននិយាយថា អាមេរិកនឹងបញ្ជូន ក្រុមកំម៉ង់ដូពិសេសនេះ ចូលទៅប្រទេសវេណេហ្សូអេឡា ដើម្បីរំដោះចំណាប់ខ្មាំងរបស់អាមេរិក កំពុងឃុំខ្លួននៅក្នុងប្រទេសវេណេហ្សូអេឡា។ តាមអតីតឧត្តមសេនីយ៍រូបនេះនៅពេលក្រុ្មមនេះចូលទៅដល់ទីកន្លែងនៃការឃុំចំណាប់ខ្មាំង គឺហិង្សានឹងផ្ទុះឡើងហើយពេលនោះ គឺការវាយឆ្មក់ដើម្បី បញ្ចប់របបលោកម៉ាឌូរ៉ូដោយចាប់ខ្លួនបុរសនេះតែម្ដង។
ឧត្តមសេនីយ៍ម្នាក់ទៀត គឺ លោក Robert Scales ក៏បានប្រាប់ FOX Businessថា សហរដ្ឋអាមេរិក ពិតជាប្រើប្រាស់កងទ័ពដើម្បីលុកលុយប្រទេសវេណេហ្សូអេឡា ទោះបីពេលណាក៏ដោយ។ លោកថា សកម្មភាពនេះ អាចនឹងស្ដែងឡើងចេញពីប្រទេសកូឡុំប៊ី ហើយចំពេលដែលអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសគុយបា។ សហរដ្ឋអាមេរិក បានបញ្ចូនកងទ័ពពិសេសចំនួន៨៥០០នាក់ទៅដាក់ពង្រាយនៅព្រំដែនវេណេហ្សូអេឡានិង កូឡុំប៊ីរួចហើយ។
គេរំពឹងថា អាមេរិកនឹងបញ្ចូននាវាចម្បាំងទៅកាន់សមុទ្រវេណេហ្សូអេឡានៅប៉ុន្មានសប្ដាហ៍ទៀតនេះដែលក្នុងនោះគឺមានកងកំម៉ង់ដូពិសេសនេះ នឹងធ្វើដំណើរតាមនាវាចម្បាំងនោះដែរ។
តែសូមជម្រាបថា កងកម្ម៉ង់ដូពិសេសនៃកងនាវា Navy Seal បានវាយឆ្មក់ ចូលលំនៅដ្ឋានរបស់មេភេរវករ អាល់កៃដានៅតំបន់ខ្ពង់រាបមួយនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃ២ឧសភាឆ្នាំ២០១១ ហើយបានបាញ់សម្លាប់និងរឹបអូសសាកសពយកទៅទំលាក់ចោលនៅក្នុងសមុទ្រនៃប្រទេសអារ៉ាប់។ តាម មន្ត្រីអាមេរិក ពុំមានប្រទេសណាមួយ ជាពិសេស ប្រទេសកំណើតរបស់ប៊ីនឡាឌែន គឺប្រទេសអារ៉ាប់ប៊ីសាវអូឌីត បានសម្រេចមកយកសាកសពនោះទេ ទើបកងទ័ពម៉ារីនរបស់អាមេរិក សម្រេចដូចនេះ ។
ដោយឡែកលោកម៉ាឌូរ៉ូពេលនេះបានក្លាយជាសត្រូវស្លាប់រស់ជាមួយអាមេរិកទៅហើយ។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ព្រមានថាលោកម៉ាឌូរ៉ូគឺជាមេដឹកនាំម្នាក់នៃប្រទេសវេណេហ្សូអេឡាកាន់អំណាចបានត្រឹមមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានគាំទ្រមេបក្សប្រឆាំងជួនហ្គៃដូ ជាប្រធានរដ្ឋសភារបស់វេណេហ្សូអេឡា ជាប្រធានាធិបតីបណ្ដោះអាសន្នដោយចាត់ទុក ម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ព្រោះតែបុរសនេះជាប់ឆ្នោតដោយសារកម្ចាត់គូប្រកួតមិនឱ្យចូលរួមបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១៨។
កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ១៩៨៩ សហរដ្ឋអាមេរិកដែលបានចូលលុកលុយ ប្រទេសប៉ាណាម៉ា បានចាប់ខ្លួន ប្រធានាធិបតី Manuel Antonio Noriega នៃប្រទេសនេះយកទៅដាក់គុកនៅរដ្ឋម៉ៃអាមី។ការចាប់ខ្លួនមេដឹកនាំប៉ាណាម៉ា រូបនេះ គឺបន្ទាប់ពីអាមេរិកចោទបុរសនេះជាស្ដេចជួញដូរគ្រឿងញៀន ដែលបង្កអសន្តិសុខក្នុងតំបន់៕