en     km
en     km

អ្នកវិភាគ​ និង​ពលរដ្ឋ​សាទរ​វិធានការ​ថ្មី​ដែល​ក​គ្រោង​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​ក្បែរ​ហាង​ផឹកស៊ី​

Share

alchol-control-check-cover
រូបតំណាង៖ ហ្វេសប៊ុក

​អ្នកវិភាគ​សង្គម​ និង​ពលរដ្ឋ​សាទរ​ចំពោះ​វិធាន​ការណ៍​ថ្មី​ ដែល​ក្រសួងមហាផ្ទៃ​គ្រោង​បើក​ការ​ត្រួតពិនិត្យ​ហាង​ផឹកស៊ី​នៅ​ទូ​ទាំង​ប្រទេស​ ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​។​ អ្នកវិភាគ​សង្គម​ និង​ពលរដ្ឋ​ លើក​ឡើង​ថា​ ចំណាត់ការ​នេះ​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​បាន​មួយ​កំរិត​។​

​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ក្ដោប​ទិន្នន័យ​ពី​ចំនួន​ហាង​ផឹកស៊ី​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​ច្បាសលាស់​ ដើម្បី​ដាក់​កម្លាំង​ចល័ត​តាម​គោលដៅ​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​នៅ​ទូ​ទាំង​ប្រទេស​ ។​ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៥​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ កាលពី​ថ្ងៃ​ទី​០១​ខែកុម្ភៈ​ម្សិលមិញ​នេះ​។​

​ប្រមុខ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បន្ថែម​ថា​ ក្រោយ​ពី​ក្ដោប​ចំនួន​ហាង​ផឹកស៊ី​បាន​ហើយ​ សមត្ថកិច្ច​នឹង​ដាក់​គោលដៅ​នៅ​ជិត​ហាង​ផឹកស៊ី​តែ​ម្ដង​ ដើម្បី​ឲ្យ​អ្នក​ដែល​ចូល​ទទួលទាន​គ្រឿង​ស្រវឹង​តាម​ហាង​ទាំងនោះ​ អាច​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​ក្នុង​ខ្លួន​បាន​។​

​សម្ដេច​ ស​ ខេ​ង​៖​ «​ ដំបូង​ត្រូវ​ដឹង​ថា​ កន្លែង​ស៊ីផឹក​មាន​ប៉ុន្មាន​ ដាក់​ឡាន​ប្រចាំការ​នៅ​ក្បែរ​នោះ​តែ​ម្តង​។​ ហើយ​ធ្វើ​ម៉េច​លើកទឹកចិត្ត​ម្ចាស់​ហាង​ ឲ្យ​សហការ​ជាមួយ​សមត្ថកិច្ច​របស់​យើង​ផង​ បើ​ថា​មាន​អ្នក​ផឹកស៊ី​ស្រវឹង​នៅ​កន្លែង​ខ្លួន​ប្រាប់​មក​ថា​ មាន​អ្នក​ស្រវឹង​ហើយ​ជួយ​ផង​ ឬ​ក៏​ហាង​ហ្នឹង​គេ​ហាម​មិន​បើក​ទេ​ទុក​នៅ​ហ្នឹង​ ទុក​ឲ្យ​ម៉ូ​លី​ស​ដឹក​ទៅ​។​ ឥឡូវ​ធ្វើ​សាក​អ​ញ្ចឹ​ង​មើល​!​ ម៉ូ​លី​ស​ដឹក​តែ​ពីរ​ បី​ករណី​មើល​!​ គឺថា​នឹង​រាប​ឥឡូវ​»​។​

​ម្ចាស់​ហាង​ផឹកស៊ី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ព្រែក​ព្នៅ​ លោក​ សុខ​ សុខា​ និយាយ​ថា​ លោក​សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ​ ព្រោះ​វិធានការ​នេះ​ អាច​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ហួសកំណត់​ដែល​នាំ​ឲ្យ​បាត់បង់​ស្មារតី​នៅ​ពេល​បើកបរ​។​ លើស​ពី​នេះ​ទៀត​ លោក​ថា​ វិធានការ​នេះ​នឹង​អាច​កាត់​បន្ថយ​អា​ត្រា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​បាន​ផង​ដែរ​។​ បើ​ទោះបីជា​មានការ​បាត់បង់​អតិថិជន​ខ្លះ​ក្តី​ បន្ទាប់​ពី​សម្ថ​កិច្ច​ចាប់ផ្តើម​រិ​ត​បន្តឹង​ តែ​លោក​ សុខា​ នៅ​តែ​សប្បាយចិត្ត​ និង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​ថ្មី​នេះ​ ។​

sor-kheng​លោក​ សុខ​ សុខា​៖​ «​វា​ប៉ះពាល់​ គឺ​ប៉ះពាល់​ហើយ​!​ តែ​ក្រសួង​ចេញ​ជា​ព័ត៌មាន​ផ្សព្វផ្សាយ​ទៅ​ហើយ​ វា​មិនមែន​ត្រឹមតែ​យើង​ម្នាក់ឯង​ ម្ចាស់​ហាង​ទាំងអស់​ត្រូវ​ចូលរួម​ចំណែក​ជួយ​ម្នាក់​តិចៗ​ ដើម្បី​ឲ្យ​មាន​ភាព​រីក​ចំរើន​ទៅ​ទាំងអស់​គ្នា​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ អ្នកវិភាគ​សង្គម​ អ្នកស្រី​ ជា​ វ​ណ្ណាត​ មាន​ប្រសាសន៍​ថា​ បទបញ្ជា​ថ្មី​ដែល​រដ្ឋាភិបាល​គ្រោង​ដាក់​ចេញ​នេះ​ អាច​នឹង​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។​ អ្នកស្រី​ ជា​ វ​ណ្ណាត​ បន្ថែម​ថា​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ពី​ការ​ទទួល​គ្រឿង​ស្រវឹង​ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​សីលធម៌​សង្គម​ឡើង​វិញ​ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រូវ​ឈប់​ទទួល​គ្រឿង​ស្រវឹង​ និង​ហាម​ការ​ផ្សព្វ​ ផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ជាដើម​។​

​លោកស្រី​ ជា​ វ​ណ្ណាត​៖​ អ​ញ្ចឹ​ង​!​យើង​ត្រូវ​ពង្រឹង​សីលធម៌​ក្នុង​សង្គម​ឡើង​មក​វិញ​ គឺ​ហាម​មិន​ឲ្យ​ផឹកស្រា​ហ្នឹង​ហើយនឹង​ជួយ​កាត់​បន្ថយ​ការ​មាន​គ្រោះថ្នាក់​ បើ​យើង​បណ្ដោយ​ឲ្យ​អ្នកលក់​ស្រា​លក់​ស្រា​ច់​តែ​ចិត្ត​ ផ្សព្វផ្សាយ​ស្រា​ច់​តែ​ចិត្ត​យើង​មិន​ហ៊ាន​ថា​កុំ​ពិសារ​ស្រា​ផង​ ហើយ​ធ្វើ​ម៉េច​ទៅ​។​

​បើ​តាម​របាយការណ៍​ រយៈពេល​១​ខែ​ដំបូង​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៨២​នាក់​ កើនឡើង​ចំនួន​៣៤​នាក់​ ស្មើនឹង​២៣​ភាគរយ​ បើ​ធៀប​នឹង​ខែធ្នូ​ឆ្នាំ​២០១៥​។​ ចំណែកឯ​អ្នក​របួស​មាន​ចំនួន​៩៥១​នាក់​ កើន​៧០​នាក់​ស្មើនឹង​៨​ភាគរយ​។​ គ្រោះថ្នាក់​ទាំងនោះ​ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ហួស​ល្បឿន​កំណត់​មាន​ចំនួន​៤៥​ភាគរយ​ វ៉ា​ជែង​១៣​ភាគរយ​ មិន​គោរព​សិទ្ធិ​អាទិភាព​១១​ភាគរយ​ ស្រវឹង​១០​ភាគរយ​ បត់​កាត់​ផ្លូវ​៨​ភាគរយ​ មិន​ប្រកាន់​ស្តាំ​៨​ភាគរយ​ កត្តា​យានយន្ត​២​ភាគរយ​ និង​កត្តា​ផ្សេងៗ​៣​ភាគរយ​៕

Share

Image
Image
Image