en     km
en     km

អ្នកវិភាគគឹមសុខសន្យាត្រឡប់មកចូលគុកវិញល្គឹកណាសម្ដេចហ៊ុនសែនទទួលយកលក្ខខ័ណ្ឌរបស់លោក

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ជាថ្មីម្ដង ក្រោមបទចោទលោកពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧» ដែលសំណុំរឿងនេះប្តឹងដោយសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។ យ៉ាងណាមិញ​ លោក គឹម សុខ បានប្ដេជ្ញាថា​ លោកនឹងត្រឡប់មកចូលគុកវិញដោយខ្លួនឯង ល្គឹកណាសម្ដេច ហ៊ុនសែន ទទួលនូវលក្ខខ័ណ្ឌពីរយ៉ាងរបស់លោក។លោក សោមលាភ ជូនសេចក្ដីរាយការណ៍៖

 

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានសម្រេចចេញដីកានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខជាថ្មី ដោយសារលោក គឹម សុខ បានគេចវេសមិនព្រមចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨។

ដីការបង្គាប់ឱ្យចាប់ខ្លួននេះបញ្ជាក់ទៀតថា ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ពោលគឺញុះញង់ឲ្យប្រព្រឹត្តបទល្មើស ជាអាទិ៍, បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និង៤៩៤ និងមាត្រា ៣០៥។

បើតាមមាត្រានេះ លោក គឹម សុខ ប្រឈមមុខនឹងការដាក់ពន្ធនាគារលើសពីមួយឆ្នាំ។

ទំនងឆ្លើយតបនឹង ដីកាថ្មីនេះ កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គឹម សុខ បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុអាស៊ីសេរីថា លោក មិនបានចោទថា ចំឈ្មោះបុគ្គលណាជាអ្នកសម្លាប់នោះទេ គឺគាត់ប្រើពាក្យគេ ដែលសម្ដៅទៅលើប្រព័ន្ធសម្លាប់មនុស្ស ហើយរកមុខឃាតករមិនឃើញដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

លោក គឹម សុខ៖«គេនេះគឺសំដៅទៅលើប្រព័ន្ធ ប្រព័ន្ធមួយក្រោមការ គ្រប់គ្រង នៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ ដូច្នេះវាមិនសម្ដៅទៅលើអ្នកណាម្នាក់ទេ ប្រសិនគាត់ចង់ដឹងថាគេនោះជានរណា បង្ហាញអង្គចងចាំមក ថាគេនោះជានរណាហើយ ហើយខ្ញុំមិនជំទាស់ទេ ប្រសិនជាការអត្ថាធិប្បាយរបស់ខ្ញុំពិតជាមានកំហុសក្នុងផ្លូវច្បាប់ ដែលខ្ញុំអាចត្រូវជាប់ទោសទាន់មែន ខ្ញុំក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែសុំឱ្យរដ្ឋាភិបាលក្លាហានដែរ ព្រោះរឿងហ្នឹងពាក់ព័ន្ធគ្នា »

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លាង សំណាត់ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរបញ្ជាក់ថា៖​ សម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ (កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០) ទៅក្នុងមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ។

ជាការឆ្លើយតប លោកគឹម សុខ បានអះអាងថាលោកនឹងដើរចូលគុកដោយខ្លួនឯង បើសម្តេចហ៊ុន សែន ព្រមតាមលក្ខខណ្ឌពីរយ៉ាងរបស់លោកជាមុនសិន។ នេះបើតាមការឆ្លើយតបរបស់លោក គឹម សុខ ជាមួយទំព័រហ្វេសបុកព័ត៌មានមួយដែលមានឈ្មោះថា Khmer briefing។

លក្ខខណ្ឌរបស់លោក គឹម សុខ គឺទីមួយសុំអោយ សម្តេចហ៊ុន សែន សន្យាការពារសុវត្ថិភាពកូនស្រីតូចរបស់លោក និងទីពីរ សម្តេចត្រូវឡើងសវនាការតតាំងគ្នាដោយផ្ទាល់ក្នុងនាមគាត់ជាដើមបណ្តឹងជាមួយនឹងលោកផ្ទាល់។

ទោះជា យ៉ាងណា លោក សុខឥាសាន្តអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចនាយករដ្ឋមន្ត្រីជាប្រធាន បក្សនេះ បានប្រាប់វិទ្យុស្ត្រីដោយ ប្រមាថលោកគឹមសុខថា ជាអ្នកវិភាគដែលមិនចេះច្បាប់។ លោកថា ជនជាប់ចោទគ្មានសិទិ្ធដាក់លក្ខខណ្ឌអោយដើម បណ្ដឹងនោះទេ ។ លោកថា លោកគឹមសុខ គួរមកទទួលទោស។

សូមរំលឹកថា លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ   ត្រូវបានកាត់ទោសនិងឃុំខ្លួនក្នុងពន្ធនាគារ ម្ដងហើយករណីសំណុំរឿងទីមួយ ក្រោមបទចោទថាលោកបរិហាកេរ្តិ៍ គណបក្សប្រជាជនថានៅពីក្រោយឃាតកម្មល់លើលោកបណ្ឌិតកែមឡី ។

ក្នុងសំណុំរឿងនេះ លោកគឹមសុខ ត្រូវបានឃុំខ្លួន ​រយៈពេល​មួយឆ្នាំ​កន្លះ ដែលលោកត្រូវបាន​ជាប់ឃុំ​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២0១៧​មក​។ លោក គឹម សុខ ត្រូវបាន​ដោះលែងឱ្យមានសេរីភាព ​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​លោកបាន​អនុវត្ត​ទោសគ្រប់​តាម​កាលកំណត់​៕

Share

Image
Image
Image