en     km
en     km

អ្នកនយោបាយល្បីៗជូនពរឆ្នាំថ្មីទោះមិនប្រារព្ធពិធីជាសាធារណៈ

Share

ថ្ងៃទី១៣ ១៤ មេសា គឺនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីបុណ្យលាដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ជនរួមជាតិខ្មែរបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យនេះ តែខុសពីសព្វមួយដងត្រង់ថាគឺការផ្អាកកិច្ចប្រារព្ធពិធីបុណ្យចូលឆ្នាំជាសាធារណៈជាការរាំច្រៀងជួបជុំលេងល្បែង ប្រជាប្រិយជាអាទិ៍។ការផ្អាកនេះគឺដើម្បីសុវត្ថិភាពប្រជាសង្គមកម្ពុជា ទាំងមូលដើម្បីបញ្ជៀសពីមេរោគកំណាចកូវីដ១៩ដែលកំពុងវាយលុកសេរីភាពក្នុងជីវភាពមនុស្សកម្រិតសកល។

ក្នុងឱកាសនេះការជូនពរដែលគួរឱ្យចាប់អារម្មណ៍គឺមានចំពោះជនមានឥទ្ធិពលនានាក្នុងសង្គមដែលអាចនិយាយបានថាអ្នកនយោបាយ។អ្នកនយោបាយកំពូលទីមួយនៅកម្ពុជា គឺលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន។ព្រលឹមថ្ងៃចន្ទនេះលោកនាយករដ្ឋមន្រ្ដីបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកដែលមានអ្នកចូលចិត្តជាង៨០ភាគរយនៃប្រជាជនកម្ពុជាជាសរុប១៦លាននាក់ដូចនេះថា៖

 ជូនពរឆ្នាំថ្មី ១៣-១៦ មេសា ២០២០

នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី ១៣-១៦ ខែ មេសា ២០២០ ខ្ញុំព្រះករុណានិងភរិយាសូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន មានលាភជ័យ សុភមង្គល និងសុខភាពល្អចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩ ។

សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករកម្មការិនីទាំងអស់ដែលបានយោគយល់និងចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹមនឹងនេះ​ សូមបន្តធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាលដេីម្បីសុវត្ថិភាពសុខភាពអាយុជីវិតទាំងអស់គ្នា។

ក្នុងឱកាសកាលប្បវេណីនៃពិធីបុណ្យចូលឆ្នាំថ្មី តែក្រសួងការងារបានចេញសេចក្ដីជូនដំណឹងពីការប្រកបកិច្ចការឯកជនសាធារណៈជាធម្មតា ឧបនាយករដ្ឋមន្រ្ដីទីមួយនិងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសម្ដេចសខេងនៅថ្ងៃចន្ទទី១៣មេសានេះបានចូលរួមសកម្មភាពជាតិជា ការចូលរួមជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងហាផ្ទៃ។សម្រាប់ឆ្នាំថ្មីនេះ លោករដ្ឋមន្រ្ដីមានការព្រួយបារម្ភពីសុខភាពប្រជាពលរដ្ឋជាខ្លាំងដោយបង្ហោះវីឌីអូឱ្យពលរដ្ឋប្រកាន់ខ្ជាប់អនាម័យដើម្បីសុខុមាលភាពគឺសម្ដេចសរសេរថាសួស្ដីឆ្នាំថ្មី មានជោគជ័យផុតគ្រោះចង្រៃកូវីដ១៩ តាមការប្រកាន់ខ្ជាប់គោលការណ៍ណែនាំសុខភាពតាមក្រសួងសុខាភិបាល។

ចំណែកអ្នកនយោបាយកម្ពុជាដែលត្រូវបានរឹតត្បិតសេរីភាពជាង២ឆ្នាំមកហើយមិនមែនតែពេលកូវីដនេះនោះទេ។ លោកកឹមសុខាបាន សរសេរសារជូនពរឆ្នាំថ្មីដំបូង។អ្នកនយោបាយរងបទចោទតុលាការ នេះសរសេរជូនពរឆ្នាំថ្មី តាំងពីថ្ងៃទី១៩មេសាមកម្ល៉េះ។លោកសរសេរក្នុងន័យដើមនេះថា៖

ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ និងភរិយា សូមផ្ញើនូវសេចក្តីនឹករលឹកប្រគេនព្រះសង្ឃ និងជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ អំពីចម្ងាយ ដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ។
ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងបាននឹងកំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យយើងទាំងអស់គ្នាមានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាពតាមការណែនាំរបស់សមត្ថកិច្ច។ ក៏ប៉ុន្តែសូមបងប្អូនពង្រឹងស្មារតីឲ្យរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយជឿជាក់ថា មនុស្សលោកនឹងយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន។
ជាការកត់សម្គាល់ ឆ្នាំចាស់កន្លងទៅនេះ ទន្ទឹមនឹងការរីកចម្រើនដែលមិនប្រាកដប្រជាខ្លះៗ ពិភពលោកបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩(COVID-19) ដ៏សាហាវបាន និងកំពុងឆ្លងនិងសម្លាប់មនុស្សស្ទើរតែគ្រប់ប្រទេសរួមទាំងកម្ពុជាយើងផង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ថា បើមនុស្សក្នុងពិភពលោកសាមគ្គីគ្នា សហការគ្នា មនុស្សនឹងយកឈ្នះលើបញ្ហាទាំងនោះបាន ជាពិសេសពិភពលោកនឹងឈ្នះCOVID-19 ក្នុងពេលឆាប់ៗខាងមុខនេះ។ បើប្រជាពលរដ្ឋខ្មែរចេះគោរពស្រឡាញ់គ្នា ជួយគ្នា អត់ឱនឲ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19ទេ បន្ទាប់ពីនេះទៅទៀត ឲ្យតែខ្មែររួបរួមគ្នា យើងនឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់ប្រជាជាតិយើងបានជាមិនខាន។ ព្រោះអ្វីៗវាអាចកើតឡើងជួនកាលដោយសារធម្មជាតិ ឯបញ្ហាខ្លះដោយសារមនុស្សជាអ្នកបង្កើត ហើយមនុស្សក៏នឹងអាចដោះស្រាយវិញបានគឺអាស្រ័យលើឆន្ទៈ។

ជាពិសេស ក្នុងឱកាសដ៏វិសេសវិសាលចូលឆ្នាំថ្មីនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឧទ្ទិសបួងសួងដល់បារមីទេវតាឆ្នាំថ្មី បារមីវត្ថុសក្ត័សិទិ្ធទាំងឡាយក្នុងលោកនិងគុណបុណ្យព្រះរតនត្រៃ សូមប្រទានពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ មហាប្រសើរ ចម្រើនរុងរឿង ចូលមានដល់ ប្រជាពលរដ្នខ្មែរគ្រប់ៗគ្នា ក៏ដូចជាមនុស្សក្នុងពិភពលោកផងដែរ។ ចំពោះមុខនេះ សូមឲ្យវីរុសកូវីដ១៩ រលាយសាបសូន្យអស់ពីភពផែន។សូមឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសុខសន្តិភាព វឌ្ឍនភាព ឯករាជ្យជាតិ និងឯកភាពជាតិរឹងមាំ ដើម្បីជាជម្រកដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕
សួស្តីឆ្នាំថ្មី!

ក្នុងក្រសែភ្នែកប្រជាពលរដ្ឋ នៅមានអ្នកនយោបាយជើងចាស់មួយរូបទៀតដែលមិនអាចរំលងបាននោះគឺលោកសមរង្ស៊ី។អ្នកនយោបាយនិរទេសខ្លួនរូបនេះបានសរសេរសារជូនពរនេះក៏មិនខុសគ្នាពីសំណេរអ្នកនយោបាយមុនៗដែរដោយថា៖សូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ កូនក្មួយ និងកូនចៅ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ ក្នុងកិច្ចការនិងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា។ ជាមួយគ្នានេះផងដែរ សូមជូនពរឲ្យបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ ជៀសឆ្ងាយផុតពីរោគាទាំងពួង ជាពិសេស ជៀសឆ្ងាយផុតពីជំងឺ កូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងពិភពលោក។អ្វីដែលប្លែកនោះគឺលោកបន្ដបង្ហាញពីឆន្ទៈប្រជាធិបតេយ្យរបស់លោកនិងបក្សមកកាន់កម្ពុជាឯនាយសមុទ្រថា៖

ហើយខ្លួនខ្ញុំនិងអ្នកតស៊ូទាំងអស់ ក្នុងជួរគណបក្សសង្គ្រោះជាតិ និងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យើងក៏នឹងខិតខំខ្លួនយើងទាំងអស់គ្នា ធ្វើយ៉ាងណា — ឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មីនេះ។

ជាការកត់សម្គាល់ក្នុងឱកាសឆ្នាំថ្មីឆ្នាំជូតនេះ សារជូនពររបស់អ្នកនយោបាយកំពូលទាំងបួននេះនៅកម្ពុជាសុទ្ធតែពាក់ព័ន្ធនឹងសភាពការណ៍ថ្មីនៃជំងឺកូវីដ១៩។ជាការពិតពាក្យពេចន៍ជូនពរនឹងបានជាការរក្សាចិត្តឱ្យស្ងប់បាន តបនឹងស្ថានការណ៍កូវីដនេះការរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩គឺត្រូវធ្វើឡើងដោយការប្រកាន់ខ្ជាប់អនាម័យផ្ទាល់ខ្លួននិងការបញ្ជៀសការចម្លងទៅអ្នកដទៃនិងការទទួលឆ្លងពីអ្នកដទៃ។

រាជរដ្ឋាភិបាលថាឱកាសនេះការឈប់សម្រាកប្រាំថ្ងៃដូចបុណ្យចូលឆ្នាំនឹងត្រូវលើកទៅរកពេលវេលាសមស្របណាមួយនៅពេលជំងឺកូវីដ១៩វិនាសពីកម្ពុជា។ប្រមុខរាជរដ្ឋាភិបាលរំពឹងថាអាចបំពេញបាននៅរដូវកាលបុណ្យភ្ជុំបិណ្ឌគឺសរុប៨ថ្ងៃឯណោះ៕

Share

Image
Image
Image