en     km
en     km

អាជ្ញាធរអប្សរានិងADFធ្វើកំណាយលើទីតាំងបុរាណមួយកន្លែងនៅលើខ្នងភ្នំគូលែន

Share

សៀមរា​ប៖ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ធ្វើកំណាយសង្គ្រោះមួយកន្លែងនៅបុរាណដ្ឋានលើភ្នំគូលែន ដែលគម្រោងកំណាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។នេះបើតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាដែលបានចុះផ្សាយកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ។

តាមគេហទំព័រអាជ្ញាធរអប្សរាដែលស្រង់សម្ដី លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យាន បានឱ្យដឹងថា នៅមុនគម្រោងននេះត្រូវបានចុះអនុវត្តអ្នកបុរាណវិទ្យាបានចុះសិក្សាអំពីផលប៉ះពាល់ដល់ផ្នែកវប្បធម៌ប្រវត្តិសាស្រ្តឃើញមានចំនួន៤កន្លែង។ ក្នុងនោះ៣ទីតាំង បានសាងសង់ផ្លូវវាង លើកលែងតែចំណុចដែលកំពុងធ្វើកំណាយសង្រ្គោះនេះ ជាទីតាំងដែលយើងមិនអាចធ្វើផ្លូវវាងបាន។

លោកបន្ដថា មការចុះទៅពិនិត្យផ្ទាល់ពីអ្នកជំនាញការអាដហុកនិងអនុសាសន៍នៃគណៈកម្មការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៧ បានសម្រេចឱ្យធ្វើកំណាយសង្គ្រោះសិន មុននឹងធ្វើការសាងសង់ផ្លូវថ្មីនេះ ធ្វើយ៉ាងណាដើម្បីបញ្ជៀសនូវផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន។

លោកបណ្ឌិត ឈាន រដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានមន្ទិល ភ្ញាក់ផ្អើលចំពោះការធ្វើកំណាយសង្រ្គោះបែបបុរាណវិទ្យាដោយស្ថាប័នទាំងពីរ។

គួរបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវខាងលើនេះ ត្រូវបានអ្នកជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ហើយទើបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៨នេះ។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះដែរ មានទទឹងប្រវែង៦ម៉ែត្រ និង៣២គីឡូម៉ែត្រ ដោយគិតចាប់ពីជើងភ្នំស្រុកបន្ទាយស្រី មកដល់ទីប្រជុំស្រុកស្វាយដោយប្រើប្រាស់ថវិកាមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ។

ភ្នំគូលែន គឺជារមណីយដ្ឋានវប្បធម៌ប្រវតិ្តសាស្រ្តនិងធម្មជាតិ ហើយអាចក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោកនាពេលអនាគតដ៏ឆាប់ខាងមុខ។ ដូច្នេះ ដើម្បីឱ្យរមណីយដ្ឋានអាចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន លោកបណ្ឌិត ឈាន រដ្ឋាប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សាអភិរក្សបេតិកភណ្ឌនិងធម្មជាតិទាំងអស់គ្នាឱ្យរក្សាបាននូវតម្លៃជាសាកលដែលជាភាពអស្ចារ្យនៃភ្នំ​គូលែន៕

Share

Image
Image
Image