en     km
en     km

អតីត​សិល្ប​ការិនី​របាំ​បុរាណ​វ័យ​៦២​ ឆ្នាំ​ រៀបរាប់​ពី​អតីតភាព​និង​ជីវិត​រស់នៅ​ក្នុង​អគារ​ស​ ប៊ូ​ឌី​ង​

Share

2.cover-Leng-Vannay.ng

រស់នៅ​ក្នុងផ្ទះ​ចាស់តូច​នៃ​អគារ​ប៊ូ​ឌី​ង​ អ្នកស្រី​ ឡេ​ង​ វ​ណ្ណី​ ជា​អតីត​អ្នក​រាំ​របាំ​បុរាណ​ បាន​រំឭក​ឡើង​វិញ​ពី​តថភាព​រស់នៅ​របស់​គាត់​នៅ​ទីនោះ​រហូត​ដល់​សព្វថ្ងៃ​ថា​ គាត់​បាន​លះបង់​ដើម្បី​សិល្បៈ​ស្ទើរតែ​មួយ​ជីវិត​របស់​គាត់​ ហើយ​រស់នៅ​ជាមួយ​ជីវភាព​លំបាក​ខ្វះខាត​រហូត​ដល់​បច្ចុប្បន្ន​។​

​មាន​ដើម​កំណើត​នៅ​រាជធានី​ភ្នំពេញ​ លោកស្រី​ វ​ណ្ណី​ បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​
​ចន្ទ​ឆាយា​ នៃ​ព្រះ​បរមរាជវាំង​។​ លោកស្រី​បាន​ចូល​ហាត់​តាំងពី​អាយុ​ ១២​ ឬ​ ១៣​ ឆ្នាំ​មក​ម្ល៉េះ​ ហើយ​លោកស្រី​ជា​សិល្ប​ការិនី​របាំ​ព្រះរាជ​ទ្រព្យ​ (​ពី​សម័យ​មុនគេ​ហៅ​ថា​ ល្ខោន​ហ្លួង​)​។​ គាត់​មាន​ជំនាញ​ខាង​របាំ​បុរាណ​ ហើយ​អាច​សម្ដែង​ជា​តួយក្ស​ តួ​នាង​ និង​តួ​នេ​រោង​ ជាដើម​។​

​ក្រោយ​ពីរ​បរ​ខ្មែរក្រហម​បាន​ដួល​រលំ​ទៅ​ លោកស្រី​ វ​ណ្ណី​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​គឺ​ការ​ហូប​ចុក​ ពេល​មក​រស់នៅ​ទី​នេះ​។​ លោកស្រី​និយាយ​ថា​៖​ «​យើង​ប្រឈម​នឹង​ការ​អត់ឃ្លាន​ យើង​ញ៉ាំ​ដែរ​ តែ​ញ៉ាំ​អត់​គ្រប់គ្រាន់​ហា៎​ ប៉ុន្តែ​យើង​សប្បាយ​ចិត្តនឹង​ធ្វើការ​»​។​

​អ្នកស្រី​ប្រាប់​ពី​ការងារ​របស់​អ្នក​រស់នៅ​ប៊ូ​ឌី​ង​នេះ​ថា​៖​ «​ទោះបី​យើង​ខ្វះខាត​ក៏​ដោយ​ មិន​ត្រឹមតែ​ខ្ញុំ​ទេ​ សិល្បករ​នៅ​ក្នុង​នាយកដ្ឋាន​ហ្នឹង​ស្ទើរតែ​ទាំងអស់​ ម្នាក់ៗ​ហ្នឹង​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ ការងារ​ស្នូល​របស់​យើង​ហ្នឹង​ ហើយ​ជួនកាល​ឆ្លៀត​ទៅ​រក​ការងារ​ឯកជន​ ដូច​ជា​ទៅ​បង្ហាត់​គេ​ ហើយ​អ្នកខ្លះ​ចេះ​លេងភ្លេង​ ទៅ​លេងភ្លេង​ ភ្លេង​ការ​ចឹ​ង​ហា៎​ ហើយ​ខ្ញុំ​ចេះ​តែ​តែងការ​ ធ្វើ​ភ្នួ​ង​ធ្វើ​អីហ្នឹង​។​ ខ្ញុំ​គ្មាន​លទ្ធភាព​ទិញ​គ្រឿង​ភ្នួ​ង​ខ្លួនឯង​ទេ​ តែ​ខ្ញុំ​ចេះ​ ខ្ញុំ​ដើរ​តែង​ឱ្យ​គេ​»​។​

​ក្រៅពី​អាជីព​ជា​សិល្ប​ការិនី​របាំ​បុរាណ​ លោកស្រី​ក៏​មាន​ជំនាញ​ខាង​តែង​ភ្នួ​ង​ការ​ ផាត់មុខ​ផង​ដែរ​ ហើយ​គាត់​ទើបតែ​ឈប់​ប្រកបរ​បរតែង​ភ្នួ​ង​ការ​នេះ​បាន​ ២​ ឆ្នាំ​ប៉ុណ្ណោះ​ ព្រោះ​ស្ថានភាព​សព្វថ្ងៃ​របស់​លោកស្រី​ស្ថិត​ក្នុង​វ័យចាស់​ទៅ​ហើយ​ ដែល​ការ​ផាត់មុខ​ឱ្យ​គេ​ គឺ​ញ័រ​ដៃ​ មិន​អាច​ផាត់​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ​។​

​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​នេះ​ វា​ក៏​បាន​ធ្វើ​ឱ្យ​អ្នកស្រី​មានឱកាស​ ទៅ​សម្ដែង​សិល្បៈ​នៅ​ក្រៅប្រទេស​ជា​ច្រើន​ផង​ដែរ​។​ ជាក់ស្ដែង​ដំបូង​គេ​ លោកស្រី​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ឡាវ​ ក្នុង​ឆ្នាំ​ ១៩៨២​ ហើយ​ជា​បន្ត​ហូរហែរ​មក​ គាត់​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​ ថៃ​ វៀតណាម​ ចក្រភព​អង់គ្លេស​ កូរ៉េ​ អ៊ី​តា​លី​ អៀរ​ឡង់​ ជាដើម​។​

​ស្ថិត​ក្នុង​វ័យ​ ៦២​ ឆ្នាំ​ សព្វថ្ងៃ​លោកស្រី​ជា​ស្ដ្រី​មេ​មា​យ​ កំពុង​រស់នៅ​ជាមួយ​ចៅប្រុស​តែ​ម្នាក់​គត់​នៅ​ជាន់​ទី​២​ អគារ​ប៊ូ​ឌី​ង​នេះ​ ចំណែក​កូនប្រុស​គាត់​មិន​បាន​នៅ​ជាមួយ​គាត់​ទេ​ ដោយ​ត្រូវ​ទៅ​ធ្វើការ​នៅ​ខេត្តក្រចេះ​ យូរៗ​មាន​ប្រជុំ​អី​នៅ​ភ្នំពេញ​ ទើបបាន​មក​លេង​ផ្ទះ​ម្ដង​។​ សព្វថ្ងៃ​គាត់​អាស្រ័យ​លើ​ប្រាក់ខែ​ចូល​និវត្តន៍​ពី​ការងារ​សិល្បៈ​ប្រហែល​ ៣០​ ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ហើយ​ក៏​បាន​បន្ថែម​ពី​ប្រាក់​ដែល​កូនប្រុស​របស់​គាត់​ផ្ញើ​មក​ពី​ខេត្ត​ និង​មាន​ពេល​ខ្លះ​មាន​ប្រាក់​បន្តិចបន្តួច​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​សមាគម​សិល្បៈ​ជាដើម​។​

​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​នៅ​អគារ​នេះ​វិញ​ ឃើញ​ថា​ហាក់​មិនជា​មាន​បញ្ហា​អី​នោះ​ទេ​ បន្ទាប់​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់​ទៅ​ថ្មីៗ​ ព្រោះថា​ពេល​នោះ​សិល្បករ​បាន​ចែកវេន​គ្នា​យាម​ ម្នាក់ៗ​មានការ​សប្បាយ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ខ្លួន​។​

Leng-Vannay-03​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ មិន​មានការ​យាមកាម​ដូច​មុន​ទេ​ តែ​អ្វី​ដែល​ពិបាក​គឺ​បញ្ហា​ថ្នាំ​ញៀន​ ចោរកម្ម​ និង​បញ្ហា​អ្នក​រកស៊ី​ផ្លូវភេទ​ជាដើម​ ដោយពេល​ខ្លះ​ គេ​បាន​បង្ក​ជា​ភាព​ចលាចល​នា​ពេល​យប់​ ឬ​ក៏​ស្រែក​ឡូឡា​នៅ​ទី​នេះ​ ហើយ​ពេល​ខ្លះ​ក៏​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​ ឬ​ផ្ទះ​បាក់​រលំ​ជាដើម​។​ បើ​ទោះជា​មានការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ក៏​ដោយ​ ក៏​ពេល​ខ្លះ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទាំងស្រុង​ដែរ​។​ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​ពី​លោកស្រី​ វ​ណ្ណី​។​

​ឆ្លើយ​នឹង​សំណួរ​ដែរ​សួរ​ថា​តើ​លោកស្រី​មាន​គម្រោង​ចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ទេ​ លោកស្រី​បាន​ឆ្លើយ​ថា​បញ្ហា​សំខាន​បំផុត​គឺ​ជីវភាព​៖​ «​វា​គ្មាន​សេចក្ដីសុខ​ទេ​ [​រស់​]​នៅ​ជាមួយ​ក្ដី​បារម្ភ​ ប៉ុន្តែ​យើង​គ្មាន​លទ្ធភាព​នឹង​ចេញ​ មិនដឹង​ចេញ​ទៅ​ណា​ សំខាន់​បំផុត​យើង​ត្រូវ​មាន​លុយ​ បើ​យើង​ចង់​ជួល​ផ្ទះ​ ត្រូវ​មាន​ចំណូល​អី​ឱ្យ​វា​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​ ហើយ​និង​ឈ្នួល​ផ្ទះ​ បើ​យើង​អត់​មាន​ អ​ញ្ចឹ​ង​យើង​អត់​អាច​ទៅ​ណា​រួច​»​។​

​បើ​យើង​ក្រឡេក​មើល​វិស័យ​សិល្បៈ​សព្វថ្ងៃ​ ក៏​មានការ​រីក​ចម្រើន​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់​ដែរ​ ប៉ុន្តែ​ងាក​ទៅ​ខាង​សិល្បករ​មួយ​ចំនួន​វិញ​ ពិសេស​សិល្បករ​ជើង​ចាស់​ គឺ​នៅ​មាន​ជីវភាព​មិន​ទាន់​ប្រសើរ​ឡើយ​។​ លោកស្រី​ប្រាប់​ថា​វា​ក៏​ពិបាក​ក្នុង​ការ​វាយតម្លៃ​ដែរ​ បើ​ថា​ប្រទេស​ជួបនឹង​ការ​ខ្វះខាត​ក៏​មិន​ត្រូវ​ ប៉ុន្តែ​នៅ​តែ​សិល្បករ​មួយ​ចំនួន​ទេ​ដែល​នៅ​ខ្វះខាត​។​ លោកស្រី​បញ្ជាក់​៖​
«​ពិបាក​ថា​យើង​មិនដឹង​បន្ទោស​អ្នក​ណា​ទេ​ រឿង​នេះ​ រដ្ឋាភិបាល​ក៏​គាត់​គិតគូរ​ដែរ​ ប៉ុន្តែ​ប្រហែលជា​វា​អាច​ខ្វះចន្លោះ​អ​ញ្ចឹ​ង​ដែរ​»​។​

​លោកស្រី​និយាយ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា​៖​ «​រាល់ថ្ងៃ​ល្អ​តែ​មើល​ទេ​ អ្វីៗ​ដែល​ឃើញ​នេះ​ សុទ្ធតែ​ជា​អំណោយ​ ហើយរ​ស់បាន​សព្វថ្ងៃ​ហ្នឹង​ក៏​ជា​អំណោយ​ដែរ​ ព្រោះ​អ៊ំ​រ៉ឺ​ត្រែ​ត​ [​ចូល​និវត្ត​]​ ហើយ​ ពេល​ដែល​ខ្ញុំ​ចាប់​រ៉ឺ​ត្រែ​ត​ ការងារ​ខ្ញុំ​ចាប់ផ្ដើម​ថយ​ ចា៎​ ពេល​ដែល​អាយុ​យើង​ច្រើន​ ការងារ​មាន​បាត់បង់​ច្រើន​ដែរ​ បើ​និយាយ​ពាក្យ​ឱ្យ​ស្រួល​ស្ដាប់​គឺ​ បាត់​ម៉ូយ​រកស៊ី​ ចា៎​»​។​

​បើ​យើង​និយាយ​ពី​ការ​ឱ្យ​តម្លៃ​សិល្បៈ​វិញ​ គឺ​មិន​អត់​ទេ​ តែ​ក៏​មាន​អ្នកខ្លះ​ដែរ​ដែល​គេ​មិនសូវ​ឱ្យ​តម្លៃ​ដែរ​ បើសិនជា​ខាង​តារា​ក្មេងៗ​ គេ​អបអរ​ណាស់​ ជា​ពិសេស​យុវវ័យ​ ប៉ុន្តែ​បើ​ផ្នែក​ខាង​សិល្បៈ​បុរាណ​ប្រពៃណី​វិញ​ គឺ​គេ​មើល​មិនសូវ​ដឹង​និង​មិនសូវ​ឃើញ​ពី​ខ្លឹមសារ​ថា​តើ​វា​ជ្រៅ​ប៉ុណ្ណា​ទេ​ ប៉ុន្តែ​បើ​គិត​ពី​រឿង​នយោបាយ​គឺ​ខាង​សិល្បៈ​នេះ​ហើយ​ បន្ទាប់​ពី​ទាហាន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ វ​ណ្ណី​ ទាក់ទង​នឹង​ការ​ឱ្យ​តម្លៃ​មក​លើ​សិល្បៈ​ខ្មែរ​។​

​លោកស្រី​ វ​ណ្ណី​ បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​ថា​កាលពី​អំឡុង​ឆ្នាំ​ ១៩៩០​ លោកស្រី​ បាន​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅប្រទេស​ ដោយ​កាល​មុន​ នៅ​ប្រទេស​អង់គ្លេស​ គេ​អត់​ទទួលស្គាល់​ថា​ខ្មែរ​ទេ​ តែ​ដោយ​បាន​ប្រទេស​យើង​យើង​យក​សិល្បៈ​ទៅ​សម្ដែង​ គឺ​មានការ​ទទួលស្គាល់​។​

«​បើសិនជា​យើង​យក​ទ្រឹស្ដី​ទៅ​និយាយ​ប្រាប់​គេ​ យើង​ហៅ​គេ​មក​ស្ដាប់​ គេ​មិន​ស្ដាប់​ទេ​ អ​ញ្ចឹ​ង​យើង​យក​សិល្បៈ​ទៅ​សម្ដែង​ឱ្យ​គេ​មើល​ ហើយ​សិល្បៈ​ហ្នឹង​មាន​ន័យ​ជា​នយោបាយ​ ដល់​អ​ញ្ចឹ​ង​គេ​មើល​ ទាក់ទាញ​អារម្មណ៍​គេ​ហា៎​!​ ទាក់ទាញ​អារម្មណ៍​ផង​ ធ្វើ​ឱ្យ​គេ​យល់​ដឹងផង​ ប្រទេស​គេ​ហ្នឹង​ សរសើរ​តើ​ សរសើរ​ថា​ប្រទេស​អ្នកឯង​ឆ្លាត​ហា៎​»​។​

​លោកស្រី​បន្ត​ថា​៖​ «​យើង​សម្ដែង​ជា​របាំ​បុរាណ​ផង​ ជា​ប្រពៃណី​ផង​ ជនជាតិ​គេ​ជា​អឺរ៉ុប​ គេ​ចូល​ចិត្ត​របៀប​ម៉េច​ ចឹ​ង​សាច់​សិល្បៈ​យើង​ហ្នឹង​ កុំឱ្យ​បុរាណ​ពេក​ យើង​រក្សា​ទម្រង់​របស់​ខ្មែរ​យើង​ហ្នឹង​ ប្រកាន់ខ្ជាប់​ ធ្វើ​ម៉េច​ធ្វើ​ឱ្យ​យល់​ ហើយ​កុំឱ្យ​ធុញ​»​។​

​អគារ​ស​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ «​បុរី​សិល្បៈ​»​ គឺជា​ផ្ទះ​របស់​សិល្បៈករ​ជា​ច្រើន​នាក់​ដែល​រស់រាន​មានជីវិត​ក្រោយ​របប​ខ្មែរក្រហម​។​ អគារ​នេះ​មាន​អាយុកាល​ប្រមាណ​៥០​ ទៅ​ ៦០​ ឆ្នាំទៅ​ហើយ​ តែ​ប្រជាជន​យើង​រស់នៅ​ទី​នេះ​ក៏​មាន​ច្រើន​ ដែល​អគារ​នេះ​ រដ្ឋ​បាន​អនុញ្ញាត​ឱ្យ​បងប្អូន​យើង​រស់នៅ​តាំងពី​ក្រោយ​ឆ្នាំ​ ៧៩​ មក​ម្ល៉េះ​។​ អគារ​ប៊ូ​ឌី​ង​ជា​សំណង់​ចាស់​មួយ​ ដែល​សល់​ពី​សម័យ​សង្គមរាស្ត្រនិយម​ ហើយ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ​ជាង​ ៦០០​ គ្រួសារ​ និង​មាន​បន្ទប់​ជាង​ ៤០០​ បន្ទប់​។​

​អគារ​បូ​ឌិ​ញ​ស​នេះ​ កាលពីមុន​ក៏​សម្រាប់​គ្រូបង្រៀន​រស់នៅ​ដែរ​ តែ​ក្រោយមក​មាន​តែ​អ្នកសិល្បៈ​រស់នៅ​ប៉ុណ្ណោះ​ ព្រោះថា​មានឈ្មោះ​ថា​ជា​បុរី​សិល្បៈ​ តែ​សព្វថ្ងៃ​ពួក​គាត់​ភាគច្រើន​មាន​ជីវភាព​ធូរធារ​ ក៏​បាន​ទិញ​ផ្ទះ​ទៅ​នៅ​ខាងក្រៅ​វិញ​ ឬ​អ្នកខ្លះ​ទៀត​ទៅ​ជួល​ផ្ទះ​ខាងក្រៅ​នៅ​វិញ​ ព្រោះថា​ពួក​គាត់​ធុញ​នឹង​ភាព​រញ៉េរញ៉ៃ​នៅ​ទី​នេះ​។​

​ជា​យោបល់​ និង​ជា​សំណូមពរ​ក្នុង​លក្ខណៈ​ញញើត​និង​ខ្លាចចិត្ត​របស់​លោកស្រី​ វ​ណ្ណី​ បាន​រៀប​ទទូច​ស្នើ​សុំ​ដោយ​ការ​ខ្លាចចិត្ត​ថា​៖​ «​បើ​បាន​ជំនួយ​គឺ​សប្បាយចិត្ត​ខ្លាំង​ណាស់​ រំភើប​ណាស់​ព្រោះ​យើង​កំពុង​តែ​លង់ទឹក​ហើយ​ រស់​ទាំង​ត្រដរខ្យល់​ ប៉ុន្តែ​យើង​ធ្លាប់​ជា​សិល្បករ​មានមុខ​មាន​មាត់​មួយ​ដែរ​ ទោះ​យើង​ធ្លាក់ខ្លួន​ក៏​ដោយ​ ក៏​យើង​នៅ​មានការ​ខ្មាស​អៀន​ដែរ​ណាស់​ ហើយ​
​រដ្ឋាភិបាល​ក៏​លោក​ជួយ​ចិញ្ចឹម​ដែរ​ ដូច​ជា​លុយ​រ៉ឺ​ត្រែ​ត​ [​ចូល​និវត្តន៍​]​ អីហ្នឹង​ ដូច​ខាង​សមាគម​ក៏​យូរៗ​លោក​ជួយ​ ពេល​ណា​យើង​ឈឺ​ចឹ​ង​ ក៏​លោក​ជួយ​អី​ម្ដងម្កាល​ដែរ​ ប៉ុន្តែ​បើសិនជា​បាន​ជំនួយ​មក​ជួយ​ថែម​ពីលើ​ហ្នឹង​ទៀត​ អាហ្នឹង​អរ​ណាស់​ ព្រោះ​រាល់ថ្ងៃ​ហ្នឹង​ មិន​ដែល​គ្រប់គ្រាន់​ទេ​ ណាមួយ​អ៊ំ​ហ្នឹង​ឈឺ​ច្រើន​ទៀត​»៕

Share

Image
Image
Image