en     km
en     km

អគ្គនាយក​ ស៊ី​ម៉ាក់​ អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​

Share

ភ្នំពេញ​ ៖​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ប្រុង​ប្រយ័ត្ន​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ព្រោះ​គ្រាប់​ទាំងនោះ​ ត្រូវ​បាន​រក​ឃើញ​ថា​ សុទ្ធសឹងតែ​នៅ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​។​ ការ​អំពា​នាវ​របស់​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ស្រប​ពេល​ដែល​ពល​បាន​រដ្ឋ​ប្រទះ​ឃើញ​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​បន្ដបន្ទាប់​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កាលពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ក្រុម​អ្នក​បូម​ខ្សាច់​មួយ​ក្រុម​ ស្ថិត​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ដកំពង់ឆ្នាំង​បាន​ជួប​ប្រទះ​នូវ​គ្រាប់បែក​ ប្រភេទ​ MK82​ និង​នៅ​ថ្ងៃ​ទី​០២​ ខែសីហា​នេះ​ មានការ​រក​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ករណី​ទៀត​នៅ​ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​។​ ក្រោយ​ពី​ការ​រក​ឃើញ​គ្រាប់​ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ទាំង​ពីរ​ករណី​នេះ​ លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​អង្គភាព​ស៊ី​ម៉ាក់​ ឬ​សមត្ថកិច្ច​ ដើម្បី​ទៅ​យក​គ្រាប់​ទាំងនោះ​។​ ជាង​នេះ​លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​ដឹក​ជញ្ជូន​គ្រាប់​ទាំងនោះ​ ដោយ​ខ្លួនឯង​នោះ​ទេ​ ព្រោះ​គ្រាប់​ទាំងអស់​សុទ្ធសឹងតែ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​បាន​។​

​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២​ ខែសីហា​នេះ​ លោក​ ហេង​ រតនា​ មាន​ប្រសាសន៍​ថា​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ មាន​ទាំង​កប់​ក្នុង​ដី​ និង​គ្រាប់​ដែល​ទម្លាក់​ពីលើ​យន្ដហោះ​ កាលពី​សម័យ​កម្ពុជា​ជួប​សង្គ្រាម​។​ លោក​បញ្ជាក់​ថា​ គ្រាប់​ទាំងនោះ​ភាគច្រើន​គឺជា​របស់​អា​មេ​រិ​ក​ ហើយ​ត្រូវ​បាន​ទម្លាក់​ច្រើន​នៅ​ខេត្ដ​ភាគ​កើត​ និង​ខាងត្បូង​កម្ពុជា​ ៖«​គ្រាប់​ទម្លាក់​ពី​យន្ដហោះ​ដែល​យើង​ឃើញ​ ឥឡូវនេះ​ដែល​យើង​ប៉ះ​ច្រើន​ជាងគេ​ នៅ​ខេត្ដ​ខាងកើត​ និង​ខាងត្បូង​ ដូច​ជា​កំពង់ចាម​ ត្បូងឃ្មុំ​ អីហ្នឹង​ ស្វាយ​រៀង​ តាកែវ​ កណ្ដាល​ អីហ្នឹង​ក៏​ឧស្សាហ៍​ជួប​»​។​

​លោក​បន្ដ​ថា​ កន្លង​មក​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​គ្រាប់​ទាំងនោះ​ជា​អន្លើ​ ក៏​ប៉ុន្ដែ​គឺជា​ប្រភេទ​គ្រាប់​តូចៗ​តែ​ប៉ុណ្ណោះ​ ដោយឡែក​ពពួក​គ្រាប់​ប្រភេទ​ធំៗ​ គឺ​កម្រ​ឃើញ​មាន​ពលរដ្ឋ​រងគ្រោះថ្នាក់​ តែ​យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​
​គ្រាប់​ទាំង​អស់នោះ​ គឺ​សុទ្ធសឹងតែ​ជា​គ្រាប់​ដែល​មាន​ឥទ្ធិពល​អាច​បង្ក​គ្រោះថ្នាក់​ បើសិនជា​មានការ​ប៉ះទង្គិច​ ឬ​ប៉ះ​គន្លឹះ​របស់​គ្រាប់​នោះ​ ៖«​គ្រាប់​ហ្នឹង​ បើ​និយាយ​ពី​ប្រសិទ្ធភាព​គឺ​មិន​ទាន់​មានការ​ខូចខាត​ប្រសិទ្ធភាព​អី​ទេ​ វា​នៅ​មាន​ឥទ្ធិពល​បង្ក​គ្រោះថ្នាក់​បាន​។​ ប៉ុន្ដែ​កន្លង​មក​យើង​មិនសូវ​ឃើញ​មានការ​គ្រោះថ្នាក់​ជាមួយ​គ្រាប់​ធំៗ​ហ្នឹង​ទេ​ ច្រើន​តែ​គ្រាប់​ (​បាញ់​តូចៗ​)​ ព្រោះ​គ្រាប់​ធំ​ហ្នឹង​ប៉ះ​ទៅ​គាត់​ខ្លាច​គាត់​អី​ ឬ​ក៏​ជីក​ទៅ​វា​អត់​ប៉ះ​ចំណុច​ដែល​វា​ត្រូវ​ផ្ទុះ​»​។​

​រយៈពេល​ ២៥​ឆ្នាំ​កន្លង​មក​ អង្គភាព​ ស៊ី​ម៉ាក់​ ដែល​ជា​ស្ថាប័ន​ជាតិ​ក្នុង​ការ​ដោះ​មីន​ បាន​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ ២​លាន​ ៧​សែន​គ្រាប់​ ដែល​ស្មើ​ប្រមាណ​ ៧២​ភាគរយ​ នៃ​លទ្ធផល​សរុប​រួម​នៅ​ទូ​ទាំង​ប្រទេស​។​ ផ្ទៃដី​ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​

​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​ចាប់ផ្ដើម​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩២​ នៅ​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការ​តាំងទី​លំនៅ​ថ្មី​ នៃ​គ្រួសារ​ ជន​មាតុភូមិនិវត្ដន៍​ទាំងអស់​ ដែល​បាន​វិល​ត្រឡប់​ពី​បណ្ដា​ជំរុំ​ជនភៀសខ្លួន​ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។​ ដោយសារ​តែ​បេសកកម្ម​ការងារ​ ប្រកបដោយ​មនុស្សធម៌​ និង​ចាំបាច់​ ទើប​ព្រះ​បរម​តន​កោដ្ឋ​ ព្រះ​មហា​វិ​រៈក្ស​ត្រ​ខ្មែរ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្ដលេខា​ លើ​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០០១​ ប្រែក្លាយ​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ឲ្យ​ទៅ​ជា​ស្ថាប័ន​ជាតិ​មួយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​ក្រោយ​ពី​បំពេញការងារ​អស់​រយៈពេល​ ២៥​ឆ្នាំ​ ប្រកបដោយ​វិជ្ជាជីវៈ​ និង​មនុស្សធម៌​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ បាន​សម្រេច​ផ្ដល់​ក្របខ័ណ្ឌ​ ជូន​ដល់​មន្ដ្រី​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ នៃ​ក្រសួងការពារជាតិ​ ក្នុង​គោលបំណង​ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​របប​សោធន​និ​វត្ស​ ពី​រាជរដ្ឋាភិបាល​ ក្រោយ​ពេល​ដែល​ពួក​គាត់​ដល់​អាយុ​ចូល​និវត្ដន៍​ ឬ​ក៏​ពិការ​ខណៈ​ដែល​បំពេញការងារ​។​

​បុគ្គលិក​របស់​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​សរុប​មាន​ចំនួន​ ១៨០០​នាក់​ ។​ បច្ចុប្បន្ន​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​ មាន​ចំនួន​ជាង​ ១៥០០​នាក់​ ហើយ​ជាង​ ១០០​នាក់​ ជា​ស្ដ្រី​។​ បុគ្គលិក​ដែល​ចូល​និវត្ដន៍​មាន​ចំនួន​ជាង​ ២០០​នាក់​៕

Share

Image
Image
Image