en     km
en     km

ស៊ុ​យ​អែ​ត​ ផ្ដល់​ថវិកា​គាំទ្រ​ដល់​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​១​ ខែសីហា​នេះ​ ស្ថានទូត​ស៊ុ​យ​អែ​ត​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ជា​ថវិកា​ គាំទ្រ​ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ សម្រាប់​ការ​បណ្ដុះបណ្ដាល​យុវជន​ លើ​មុខ​វិជ្ជា​ចម្អិនម្ហូប​ និង​លើកកម្ពស់​លើ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

លោក Pierre Tami នាយកប្រតិបត្ដិវិទ្យាស្ថានម្ហូបអាហារកម្ពុជា ខាងស្ដាំ លោក Samuel Hurtig ប្រធានសហប្រតិបត្ដិការអភិវឌ្ឍន៍អន្ដរជាតិរបស់ស៊ុយអែតប្រចាំនៅកម្ពុជា រូបខាងឆ្វេង

ពិធី​ចុះហត្ថលេខា​នេះ​ ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​។​ ពិធី​នេះ​មាន​វត្ដមាន​លោក​ Pierre​ Tami​ នាយក​ប្រតិបត្ដិ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ និង​លោក​ Samuel​ Hurtig​ ប្រធាន​សហប្រតិបត្ដិការ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​។​

​ប្រទេស​ស៊ុ​យ​អែ​ត​ បាន​ផ្ដល់​នូវ​ទឹកប្រាក់​ចំនួន​ ២​លាន​ដុល្លារ​ សម្រាប​គម្រោង​រយៈពេល​ ៣​ឆ្នាំ​ ដើម្បី​ឲ្យ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ អាច​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​ ដែល​មាន​ស្ដងដា​ជា​អន្ដរជាតិ​ រូ​ម​ផ្សំ​និង​ការ​ច្នៃប្រឌិត​ លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ​។​

​លោក​ Pierre​ Tami​ នាយក​ប្រតិបត្ដិ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ថា​ លោក​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩០​ ។​ លោក​សង្កេត​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍន៍​ និង​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​។​ ព្រោះ​ការ​មើលឃើញ​ដូចនេះ​ ទើប​លោក​សម្រេចចិត្ដ​បង្កើត​បង្កើត​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ដើម្បី​ផ្ដល់​ជា​ចំណេះ​ ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់​ផ្នែក​បដិសណ្ឋារកិច្ច​នេះ​ ។​ លោក​បន្ដ​ទៀត​ថា​ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ នៃ​ចំនួន​យុវជន​កម្ពុជា​ ក៏​ប៉ុន្ដែ​ពួក​គេ​ភាគច្រើន​បាន​ជូ​ប​ប្រទះ​នៅ​បញ្ហា​ទីផ្សារ​ការងារ​ ពីព្រោះ​តែ​ពួក​គេ​ មាន​កង្វះខាត​នូវ​ជំនាញ​សម​ស្រប​។​

​នាយក​ប្រតិបត្ដិ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ បង្ហាញ​ក្ដី​សង្ឃឹមថា​ វត្ដមាន​របស់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ នឹង​អាច​រួមចំណែក​ក្នុង​ការ​កសាង​ជំនាញ​ និង​បង្កើត​ឱកាស​ការងារ​សម្រាប់​យុវជន​កម្ពុជា​ តាម​រយៈ​ការ​រៀបចំ​បង្កើត​ជា​វិទ្យាស្ថាន​ដែល​មានកម្ម​វិធី​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​ ស្រប​តាម​បទដ្ឋាន​ស្ដង់ដារ​ប្រទេស​ ក្នុង​តំបន់​អាស៊ាន​ និង​ការ​អប់រំ​តាម​ស្ដងដារ​ប្រទេស​ ស្វី​ស​ ៖«​ទាក់ទង​ជាមួយ​និង​ធនធានមនុស្ស​ អ​ញ្ចឹ​ង​ហើយ​វិស័យ​បដិសណ្ឋារកិច្ច​បច្ចុប្បន្ន​ គឺ​យើង​ទាមទារ​ឲ្យ​មាន​អ្នក​ដែល​ថា​ មាន​ Skill​ ពិតប្រាកដ​ ចាស​ អ​ញ្ចឹ​ង​ហើយ​បាន​លោក​ ប្រឹង​ទាក់ទាញ​មូលនិធិ​ពី​ក្រៅប្រទេស​ដើម្បី​បង្កបង្កើត​វិទ្យាស្ថាន​នេះ​ឡើង​»​។​

​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ គឺជា​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី​មួយ​ ដែល​បាន​បង្កើត​ឡើង​ដោយ​កិច្ចសហការ​រួម​គ្នា​រវាង​ស្ថាប័នរដ្ឋ​ និង​ឯកជន​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ខ្ពស់​ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​ នេះ​គឺជា​វិទ្យាស្ថាន​ដំបូង​គេ​បង្អស់​ នៅ​កម្ពុជា​ ដែល​មាន​កម្មវិធី​បដិសណ្ឋារកិច្ច​លំដាប់​អន្ដរជាតិ​ ដែល​អនុលោម​ទៅ​តាម​បទដ្ឋាន​ស្ដង់ដារ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ និង​ប្រទេស​ស្វី​ស​។​

​លោក​ Samuel​ Hurtig​ ប្រធាន​សហប្រតិបត្ដិការ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ទទួល​បានការ​អប់រំ​ គឺជា​ការ​យកចិត្ដទុកដាក់​ចម្បង​មួយ​សម្រាប់​ជំនួយ​របស់​ស៊ុ​យ​អែ​ត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បន្ដ​ថា​ ការ​អភិវឌ្ឍ​ជំនាញ​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នេះ​ គឺ​ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប​ការ​រីក​ចម្រើន​នា​ពេល​អនាគត​ និង​សុខមាលភាព​របស់​ប្រទេស​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​។​

​បន្ថែម​លើ​នេះ​ ប្រធាន​សហប្រតិបត្ដិការ​អភិវឌ្ឍន៍​អន្ដរជាតិ​របស់​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ បញ្ជាក់​ថា​ ស៊ុ​យ​អែ​ត​ពិតជា​មានការ​រីករាយ​ក្នុង​ការ​គាំទ្រ​ ដល់​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ដើម្បី​បណ្ដុះបណ្ដាល​យុវជន​នៅ​កម្ពុជា​ អំពី​ជំនាញ​ និង​ចំណេះដឹង​ផ្សេងៗ​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នេះ​។​

​សូម​ជម្រាប​ថា​ វិទ្យាស្ថាន​ម្ហូប​អហារ​កម្ពុជា​ បាន​បើក​ដំណើរការ​នៅ​ក្នុង​ខែមីនា​ ឆ្នាំ​ ២០១៧​ ។​ វិទ្យាស្ថាន​នេះ​ បើក​ទូលាយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប​ ដែល​មាន​បំណង​ចូល​ទៅ​សិក្សា​ ជំនាញ​បដិសណ្ឋារកិច្ច​នៅ​វិទ្យាស្ថាន​នេះ​។​ ទន្ទឹម​គ្នា​នេះ​ វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​ ក៏​បាន​ផ្ដល់​ជាះ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ មក​ពី​គ្រប់​ទីកន្លែង​ ពិសេស​ស្ដ្រី​ ដើម្បី​បាន​ចូល​រៀន​ផ្នែក​បដិសណ្ឋារកិច្ច​នេះ​ផង​ដែរ​។​ អាហារូបករណ៍​នេះ​ មានឈ្មោះ​ថា​ Naomi​ Tami​ Memorial​ Scholarship៕

Share

Image
Image
Image