en     km
en     km

សិស្សសាលារៀនជ្រោយឬស្សីត្រូវការជាចាំបាច់សម្ភារៈ និងថ្នាក់រៀន

Share

ភាពក្រីក្រជាកត្តាដែលនាំអោយកុមារមួយចំនួនបោះបង់ចោលការសិក្សា។ តែយ៉ាងណាបើគ្មានសាលារៀន ឬមានសាលារៀនខ្វះសម្ភារៈសិក្សាក៏អាចធ្វើអោយកុមារមួយចំនួនបោះបង់ការសិក្សាចោលបានដែរ។ ចុះបើសិនជាគ្រួសារក្រហើយ គ្មានសាលារៀនល្អសម្រាប់រៀនទៀត ថាតើកុមារទាំងនោះអាចរៀនបានដោយរបៀបណា។

ផ្ទុយទៅវិញ កុមារី និងកុមារា ក្នុងសាលារៀន ជ្រោយឬស្សី ភាគច្រើនពួកគេហាក់ដូចជាចង់រៀនសូត្របន្ដទៅមុខទៀត តែទាស់ត្រង់ថា សាលារៀនដែលពួកគេរៀននៅខ្វះសម្ភារៈនិងថ្នាក់រៀន ។

ជុំវិញព័ត៌មាននេះ កញ្ញា ជាតា ជូនសេចក្ដីរាយការណ៍!

 

កុមារី និងកុមារា នៅក្នុងសាលាជ្រោយឬស្សី ដែលស្ថិតនៅភូមិលេខ ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល​ ពួកគេបានស្នើសុំអោយមានថ្នាក់រៀននិងសម្ភារៈសិក្សាបន្ថែមសម្រាប់ការរៀនសូត្ររបស់ពួកគេ។ នេះបើតាមគ្រូបង្រៀន នៅសាលាជ្រោយឬស្សី ដែលបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM 102 ផ្ទាល់កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមរយៈការផ្ដល់បទសម្ភាសផ្ទាល់នេះ  លោកគ្រូនៅសាលារៀនជ្រោយឬស្សីនេះឱ្យដឹងថា ស្ថានភាពសិស្សនៅសាលារៀនមួយនេះ ពិតជាត្រូវការអាគារ និងសម្ភារៈ សម្រាប់អោយសិស្សសិក្សាបន្ថែមពិតមែន។

លោកបានបញ្ជាក់ថា  សិស្សទាំងអស់ភាគច្រើនត្រូវបង្ខំចិត្តរៀននៅថ្នាក់ដែលតូចចង្អៀត និងថ្នាក់ដែលគ្មានសំភារៈ​​បង្រៀនគ្រាប់គ្រាន់។

លោក រម្យនា៖«ខ្វះខាតច្រើន សូម្បីតែទឹកហ្វឺត តុ និងកៅអីអង្គុយរៀន»។    

យើងបានឃើញកុមារជាង ២០នាក់កំពុងអង្គុយរៀននៅ ខាងក្រោមក្បែរជណ្ដើរសាលារៀនដោយគ្មានរបង និងបន្ទប់ ឬបង្អួចខណ្ឌបិទ។ក្នុងចំណោមសិស្សទាំងនេះ គឺ សិស្សស្រីម្នាក់ដែលក្នុងដៃមានកាន់ដីសរ កំពុងសរសេរអក្សនៅលើក្ដាឆ្នួន បានបំឡឺសំឡេង។

ក្មេងស្រីម្នាក់នេះបាននិយាយដោយភាពក្លាហានថា នាងរៀនថ្នាក់ទី៣ នៅសាលារៀនជ្រោយឬស្សីនេះ។ ថ្នាក់រៀនដែលគ្មាបន្ទប់អាគារចែកខណ្ឌត្រឹមត្រូវនេះ គឺជាថ្នាក់រៀនរប​ស់នាង។

កុមារីពិសី ៖«ខ្ញុំជាកូនទីបី បងខ្ញុំអត់បានរៀនផង បងមួយទៀតបានរៀនពីនាក់ ហើយប្អូនខ្ញុំនៅតូច »។

ក្មេងស្រីអាយុ ១២ ឆ្នាំរូបនេះ បានឱ្យដឹងបន្ដថា នាងចង់បានថ្នាក់រៀនល្អ សំលៀកបំពាក់ស្អាតៗ នឹងសៀវភៅគ្រប់គ្រាន់។

កុមារី ពិសី ៖«ខ្ញុំសុំអោយសាលាថ្មីខ្ញុំស្អាត មានថ្នាក់រៀនត្រឹមត្រូវ មានខោអាវស្លៀកពាក់ស្អាតៗ មានសៀវភៅរៀនគ្រប់គ្រាន់ ហើយធំឡើងខ្ញុំចង់ធ្វើជាគ្រូពេទ្យ ដើម្បីព្យាបាលគេ »។

គួរបញ្ជាក់ដែរថា ថ្នាក់រៀននៅសាលាជ្រោយឬស្សីនេះទាំងអស់មានចំនួន ៦ បន្ទប់ និងមានពីថ្នាក់ទី១ ដល់ថ្នាក់ទី ៦។ដោយឡែក ក្នុងមួយបន្ទប់មានសិស្សរៀន ពី ២០នាក់ ទៅ ៣០ នាក់។ ដោយសារតែខ្វះបន្ទប់រៀន និងសំភារៈសិក្សាផង ហើយនៅពេលមានភ្លៀង ឬខ្យល់ធ្លាក់ខ្លាំងពួកគេត្រូវរៀនផ្លាស់ប្ដូរថ្នាក់រៀន ឬរៀនចូលគ្នា ។ ប៉ុន្ដែដោយឡែកនៅពេលដែលគ្មានភ្លៀងធ្លាក់ពួកគេក៏ចុះមករៀននៅខាងក្រោមអាគារសាលា ឬពេលខ្លះពួកគេត្រូវរៀននៅក្រោមដើមឈើ និងរៀននៅក្បែររបងវត្តក៏មាន ដោយ សារតែថ្នាក់រៀនរបស់ពួកគេតូចចង្អៀត។

ជុំវិញរឿងនេះ លោកគ្រូនៅសាលាជ្រោយឬស្សីនេះ បានសំណូមពរឱ្យសាធារណជនជួយទៅដល់សាលារៀនដែលខ្វះខាត និងដាច់ស្រយាលមួយនេះផងដែរ។

លោក រម្យនា៖«បាទ៎សុំសំនូមពរមានសាលាជិតចឹងទៅ វាស្រួលវាអាចចាប់យកបានដល់ពេលយើងរៀនកណ្ដាលវាចឹងទៅវាក្មេងវាច្រកល្ហក វាមើលគ្រប់ខ្សែភ្នែកមនុស្ស ចឹងវាយកមេរៀនទៅវាអត់សូវចាប់បានទេ »។

ទាក់ទិនរឿងនេះ វិទ្យុស្រ្តីមិនអាចសុំការចាប់អារម្មណ៍ពីលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានទេ ដោយគ្មានអ្នកលើកទូរស័ព្ទ។

គួររម្លឹកដែរថា ក្រៅពីសាលារៀនដែលកំពុងខ្វះខាតអ្នកជួយឧបត្ថម្ភសម្ភារៈសិក្សានេះ ក្នុងនោះឃើញមានវត្តជ្រោយឬស្សីមួយផងដែរខណៈអារាមមួយនេះក៏កំពុងខ្វះខាតថវិកាសាងសង់វិហារ និងកុដសម្រាប់ព្រះសង្ឍផងដែរ៕

Share

Image
Image
Image