en     km
en     km

សម្ដេចហ៊ុនសែនរំឭកថានយោបាយឈ្នះៗជាឱសថទិព្វធ្វើឱ្យមេឧទ្ទាមសុំចុះចូល

Share

សម្ដេចនាយករដ្ឋមន្រ្តី នៅបន្ត អះអាងថា នៅលើលោកគ្មានទេគឺមានតែកម្ពុជា និងរូបលោក ដែលបាន ប្រើនយោបាយ ឈ្នះៗ​ ធ្វើអោយ មេឧទ្ទាមខ្មែរក្រហម លោកខៀវសំផនមកទទួលទានបាយជាមួយលោកនៅផ្ទះ។ សម្ដេចថា មានតែសម្ដេចទេ ដែលគ្រប់គ្រងប្រទេសពុំមាន បែងចែកតំបន់ត្រួតត្រាច្រើន លើដែនដីតែមួយ។ តែអ្នកវិភាគចាត់ទុក ថា លោកខៀវសំផន ពិតជាឧទ្ទាមទ័ពព្រៃ តែលោកសមរង្ស៊ី ជាអ្នកនយោបាយ ដែលមានអន្តរជាតិ ទទួលស្គាល់ ហើយថា ស្ដេចជំនាន់មុនៗក៏គ្រប់គ្រងប្រទេសបានឯកភាពដែរ។

កញ្ញា ឆោមពៅនិកា ជូនសេចក្ដីរាយការណ៍៖

​នាយករដ្ឋមន្ដ្រីដែលកាន់អំណាចជិត៤០ឆ្នាំនៅកម្ពុជា សម្ដេចហ៊ុនសែនបានថ្លែងនៅថ្ងៃចន្ទទី១៦ធ្នូនេះចំពោះមុខនិស្សិតពេទ្យនៅឯកោះពេជ្រថា នយោបាយឈ្នះៗគឺជាឱសថទិព្វដែលកើតចេញពីរូបលោក នេះហើយជាអ្នកធ្វើឱ្យមានឯកភាពទឹកដី។

សម្ដេចក៏បានគូសបញ្ជាក់ពីប្រវត្តិសាស្រ្ដដែរថា តាំងតែពីសម័យព្រះបាទពញាយ៉ាតមកគឺបែកបាក់គ្នាមានតំបន់ត្រួតត្រាច្រើនណាស់។តែទីបំផុតលោកថាតាំងពីឆ្នាំ១៩៩៨ ក្រោយពីមេឧទ្ទាមដែលលោកហៅថាជាលោកខៀវសំផនបានសុំចុះចូលនឹងរូបលោកមកគឺកម្ពុជាលែងមានតំបន់ត្រួតត្រាច្រើនហើយគឺមានតែរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ សភាមួយ រដ្ឋាភិបាលមួយ។បែបនេះហើយសម្ដេចក៏បានប្រដូចនូវគោលនយោបាយឈ្នះៗថាជាឱសថទិព្វ។

ក្នុងសេចក្ដីថ្លែងនោះសម្ដេចបានរំលឹកអំពីលោកខៀវសំផនជាពិសេសដែលលោកថាជាជនតែមួយគត់ដែលជេរសម្ដេចច្រើនជាងគេបង្អស់រហូតដល់ប្រគល់ខ្លួននិងក្រុមយោធាសុំចុះចូលសម្ដេចទាល់តែបានធ្វើឱ្យឆ្នាំ១៩៩៨ សម្ដេចបានទទួលផែនដីទាំងមូល។

ជារឿយៗកន្លងមក សម្ដេចតែងលើកឡើងពីមូលហេតុនៃការដាក់ចុះ នយោបាយឈ្នះ-ឈ្នះ គឺដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាពីក្រញ៉ាំដៃខ្មែរក្រហម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាហើយថាបានយកជីវិតធ្វើជាដើមទុន និងរួមកម្លាំងគ្នាបង្កើតរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ រហូតដល់ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។

ចំពោះអ្នកវិភាគឯមសុវណ្ណារ៉ា លោកបានចាត់ទុកថាការលើកឡើងរបស់លោក នាយករដ្ឋមន្រ្ដីហ៊ុនសែនមិនត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះតាំងពីសម័យព្រះបាទពញាយ៉ាតមកក៏មានសម័យ ឯកភាពទឹកដីបាន ហើយសន្ដិភាពក៏មាន ទ្រព្យសម្បត្តិជាតិក៏នៅតែមានច្រើន រីប្រយោជន៍ជាតិត្រូវបានតម្កល់ជាធំ។

នយោបាយឈ្នះៗមានយុទ្ធសាស្រ្ដចំនួនប្រាំដែលហៅកាត់ជាភាសាអង់គ្លេសថាDIFIDតែគឺរួមន័យថាពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។ ការអនុវត្តយុទ្ធសាស្ត្រនេះ ធ្វើឡើងជាដំណាក់កាលដោយប្រទាក់ក្រឡាគ្នាពីមួយទៅមួយ ដោយសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីយុទ្ធសាស្ត្របំបែកក្រុមខ្មែរក្រហមពីចលនាត្រីភាគី និងធ្វើឱ្យកាន់តែឯកោពីចលនាត្រីភាគី និងម្ចាស់ជំនួយ។

លោកហង្សវិទូក្នុងបទសម្ភាសកន្លងមកនឹងវិទ្យុស្រ្ដីបានបញ្ចេញទស្សនៈថាក្នុងស្ថានភាពនយោបាយបច្ចុប្បន្នអ្នកនយោបាយចង់យកឈ្នះគ្នាតែរៀងៗខ្លួនដែលខុសពីពលរដ្ឋចង់ឱ្យមានការចរចា។ហើយជាមួយគ្នានេះលោកព្រាបកុល ប្រធានអង្គការតម្លាភាពកម្ពុជាបានរិះគន់ថា កម្ពុជានាពេលបច្ចុប្បន្ននេះកំពុងដើរលើនយោបាយចាញ់ៗ។

លោកសមរង្ស៊ីដែលជាដៃគូប្រកួតប្រជែងនយោបាយរបស់សម្ដេចហ៊ុនសែនតែងតែត្រូវបានសម្ដេចហ៊ុនសែន រួមនឹងរាជរដ្ឋាភិបាលកម្ពុជាហៅថាជាជនឧទ្ទាមក្រៅច្បាប់មួយរូប។ការហៅនេះដោយសារតែពួកគេថាអ្នកនយោបាយរូបនេះរងនូវបណ្ដឹងនិងការសម្រេចទោសពីតុលាការច្រើនករណីតែបែរជានិរទេសខ្លួនទៅនៅក្រៅប្រទេសទៅវិញ។ តែនៅថ្ងៃទី៩វិច្ឆិកាកន្លងមកដេលលោកសមរង្ស៊ីថាជាផែនការមាតុភូមិនិវត្តន៍របស់លោក រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រដាប់អាវុធនិងបញ្ជាតឹងរ៉ឺងមិនឱ្យឧទ្ទាម ក្រៅច្បាប់ដែលជាលោកសមរង្ស៊ីនោះចូលក្នុងប្រទេសបានជាដាច់ខាតនិងរហូតមកដល់ពេលនេះ។

លោកឯមសុវណ្ណារ៉ាបានឱ្យការវែកញែកថា ឧទ្ទាមក្នុងនាមរបស់លោកខៀវសំផនគឺខុសគ្នានឹងឧទ្ទាមដែលលោកសមរង្ស៊ីត្រូវបានរាជរដ្ឋាភិបាលបច្ចុប្បន្នហៅព្រោះសមរង្ស៊ីជាមនុស្សដេលអន្ដរជាតិទទួលស្គាល់ហើយនយោបាយឈ្នះៗរបស់សម្ដេចទំនងបានបិទបញ្ចប់មិនអាចប្រើការបានទៀតឡើយ។

លោកសមរង្ស៊ីតែងតែចិញ្ចឹមចិត្តមកប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោកវិញលោកបាននិយាយថាលោកនៅទៅដល់ខ្សែក្រវាត់ទីបីក្នុងពេលឆាប់ៗនេះហើយពេលនោះនាយករដ្ឋមន្រ្ដីដែលកាន់អំណាចជិត៤០ឆ្នាំនៅកម្ពុជាគឺសម្ដេចហ៊ុនសែននឹងត្រូវរបូតអំណាច៕

Share

Image
Image
Image